Ad Code

ប្រធាន​មន្ទីរ​ធនធាន​ទឹក​ និង​ឧតុនិយម​ខេត្ត​ឧត្ដរមានជ័យ ចុះ​សិក្សា​លទ្ធភាព ឆ្លើយតប​នឹង​ប្រជាពលរដ្ឋ​​​ចំនួន​បី​ភូមិ



​ឧត្ដរមានជ័យ ​៖ ​នៅ​ថ្ងៃអាទិត្យ ទី​២៤ ខែកុម្ភៈ ឆ្នាំ ២០១៩​នេះ ឯកឧត្ដម​ លឹម​គាន ហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម បានឲ្យ​លោក ​ញឺ​ន គួ​ន ប្រធាន​មន្ទីរ​ធនធាន​ទឹក​ និង ឧតុនិយម ខេត្ត​ឧត្ដរមានជ័យ ចុះទៅពិនិត្យ​ជាក់ស្ដែង ដើម្បី​ឆ្លើយ​តប ទាន់​សភាព​ការណ៍​ ដល់​ប្រជាពលរដ្ឋ​ចំនួន​បី​ភូមិ ដែល​សុំ​អំពាវនាវ ទៅដល់​ ឯកឧត្ដម​ លឹម ​គាន ហោ ជួយ​កសាង​ទំនប់​បិទ​ទឹក​នៅ​អូ​រំចេក ក្នុង​ភូមិ​រំចេក​ ឃុំ​/ស្រុក​អន្លង់វែង​ ខេត្ត​ឧត្ដរមានជ័យ ដើម្បី​ប្រើប្រាស់​ទៅតាម​តម្រូវការ។

លោក ​ញឺ​ន គួ​ន ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្ត​ឧត្ដរមានជ័យ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់ អំពី​ទុក្ខ​កង្វល់ និង​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ជា​ខ្លាំង ពី​សំណាក់​ឯកឧត្ដម ​លឹម​គាន ហោ​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម បាន​បញ្ជា​រូបលោក​ចុះទៅពិនិត្យ និង​សិក្សា​លទ្ធភាព និង​រាយការណ៍​ទៅ​ថ្នាក់លើ​ ដើម្បី​ឆ្លើយតប​តម្រូវ​ប្រជាពលរដ្ឋ ទោះជា​ថ្ងៃអាទិត្យ​ដែលជា​ថ្ងៃ​មន្ត្រីរាជការ​ឈប់​សម្រាក​ក៏ដោយ​។​

​លោក​ ញ៉ឺ​ន គួ​ន បាន​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​ដែល​បាន​សូម​អំពាវនាវ​ទៅដល់​ឯកឧត្ដម​រដ្ឋមន្ត្រី សូម​ឲ្យ​ជួយ​កសាង​ទំនប់ទឹក​នោះ មាន​ចំនួន បី​ភូមិ ទី​១ ភូមិ​រំចេក ទី​២​ភូមិ​រំចេក​ខាងកើត ទី​៣​ភូមិ​រំចេក​ខាងលិច ដែលមាន​ចំនួន​ប្រជាពលរដ្ឋ​សរុប​ចំនួន៦៣២​គ្រួសារ ស្មើ​នឹង​២៨៥៧នាក់។​

​ប្រជាពលរដ្ឋ​ទាំងបី​ភូមិ​ខាងលើនេះ​មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង នៅពេល​ពួកគាត់​សុំ​អំពាវនាវ ទៅ​ ឯកឧត្ដម​ លឹម​គាន ហោ រដ្ឋមន្ត្រី​ធនធាន​ទឹក​ និង​ឧតុនិយម ឲ្យ​ជួយ​កសាង​ទំនប់ទឹក​ដើម្បី​បាន​ទឹក​ប្រើប្រាស់​ទៅតាម​តម្រូវ​ការជូន​ដល់​ពួកគាត់ ដោយ​បាន​ឃើញ លោក ​ញ៉ឺ​ន គួ​ន ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​ឧត្ដរមានជ័យ ​ចុះ​សិក្សា​លទ្ធភាព​ និង​រាយការណ៍​ជូន​ទៅ​ថ្នាក់លើ​វិញ ដើម្បី​ឆ្លើយតប​ទៅតាម​តម្រូវការ​ចាំបាច់​របស់​ពួកគាត់​ដែល​ខ្វះ​មិនបាន​។​

​ប្រជាពលរដ្ឋ​ មាន​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា ឯកឧត្ដម ​លឹម​គាន ហោ នឹង​មិន​ទុក​បណ្ដែត​បណ្ដោយ​ឲ្យ​ពួកគាត់​រង​ទុក្ខ​ដោយសារតែ​ខ្វះ​ទឹក​ប្រើប្រាស់​តទៅទៀត​នោះ​ទេ ក្រោយពី​ឯកឧត្ដម​ទាន​ជ្រាប​អំពី​ទុក្ខ​កង្វល់ ​និង​ផលវិបាក របស់​ពួកគាត់​ហើយ​នោះ ប្រាកដ​ជា​ឯកឧត្ដម ឆ្លើយតប​ទៅ​តាម​តម្រូវការ​របស់​ពួកគាត់​ជាក់​ជាមិនខាន៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu