Ad Code

ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ជា​ផ្លូវការ



ភ្នំពេញ​ ៖​ ព្រឹក​ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៩, នៅ​ទីស្តីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​រៀបចំ​កម្មវិធី “​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (Financial Management Information System “FMIS”) ជា​ផ្លូវការ​” នៅ​ក្រសួង​-​ស្ថាប័ន ចំនួន ១០ និង មន្ទីរ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​រាជធានី​-​ខេត្ត​ទាំង ២៥ និង​ប្រកាស​ពង្រីក​ការអនុវត្ត​គម្រោង FMIS ទៅកាន់​ក្រសួង​-​ស្ថាប័ន​ចំនួន ១៧ ផ្សេង ទៀត​សម្រាប់​ឆ្នាំ ២០១៩, ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ដោយ មានការ​ចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​, តំណាង​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រាជធានី​-​ខេត្ត​ទាំង ២៥ តំណាង​ក្រសួង​-​ស្ថាប័ន សរុប​ប្រមាណ ២៣០ រូប។



ដោយ​ប្រកាន់ខ្ជាប់​នូវ​ចក្ខុវិស័យ​ច្បាស់លាស់ និង ប្រាកដប្រជា​, កម្ពុជា​បាន និង​កំពុង​ប្រែក្លាយ​ប្រព័ន្ធ​ហិរញ្ញវត្ថុ សាធារណៈ ដែល​ផ្តោតលើ​ធាតុ​ចូល និង​មជ្ឈការ ទៅជា​ប្រព័ន្ធ​ដែល​ផ្តោត​លើ​លទ្ធផល និង វិមជ្ឈការ​ស្របតាម ស្តង់ដារ​អន្តរជាតិ។ លោក​អគ្គបណ្ឌិត​សភាចា​រ្យ បាន​បញ្ជាក់​ថា វឌ្ឍនភាព​ដ៏​ធំធេង​នៃ​ការអនុវត្ត​គម្រោង FMIS តាំង ពី​ឆ្នាំ ២០១៤ រហូតមកដល់​ពេលនេះ គឺជា​ឆ្អឹងខ្នង និង បាន​រួម​ចំណែក​យ៉ាង​ខ្លាំង ក្នុង​ការ​ជំរុញ​ឲ្យ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែល​បាន​បោះជំហាន​ទៅមុខ​ជាមួយនឹង​ការ​ចាក់​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ឈាន​ទៅ​សម្រេច គោលដៅ​នៅ​ឆ្នាំ ២០២៥ គឺ “​គណនេយ្យ​ភាព​សមិទ្ធកម្ម​”។ នេះ​គឺជា​មោទនភាព សម្រាប់​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា ព្រោះថា​យើង​ធ្វើ​បាន​ល្អ​ប្រសើរ​និង បាន​លឿន​ជាង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត បើ​យោង​តាម​ការវាយតម្លៃ​របស់​ធនាគារពិភពលោក។ “​វឌ្ឍនភាព និង​សមិទ្ធផល​” នេះ គឺ​បាន​កើត​ចេញពី​ការ​ខិតខំ ប្រឹងប្រែង​របស់​យើង​ទាំងអស់​គ្នា ដោយ​ឈរលើ​មូលដ្ឋាន ប្រមូលផ្តុំ​, ពិភាក្សា និង ដោះស្រាយ​រួមគ្នា ក្នុង​ស្មារតី​ជា​ក្រុម តែមួយ ” ។



នៅ​ឆ្នាំ ២០១៩ នេះ​, ក្រោម​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​, ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​សម្រួល​នីតិវិធី​អនុវត្ត​ការងារ ក្នុង​ប្រព័ន្ធ FMIS ដែល​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​នីតិវិធី ដើម្បី​ឲ្យ​ការ​អនុវត្តន៍​មាន​អនុលោមភាព​ទៅ​នឹង “​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ ២០១៨ - ២០២៥” ។



លោក​អគ្គបណ្ឌិត​សភាចា​រ្យ ក៏បាន​ផ្តាំផ្ញើរ​ដល់​ក្រសួង​-​ស្ថាប័ន ដែល​នឹង​ប្រើប្រាស់​ប្រព័ន្ធ FMIS ក្នុង​ឆ្នាំ ២០១៩៖ ១-ថ្នាក់ដឹកនាំ និង មន្ត្រី​អនុវត្ត​ការងារ​ថវិកា និង​ហិរញ្ញវត្ថុ ត្រូវ​ចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​បុ​រេ​សកម្ម និង អន្តរ​សកម្ម រួម​ជា​មួយ​នឹង​ឆន្ទៈ​ខ្ពស់​, ការ​ភ្ញាក់រលឹក និង​មាន​ភាពម្ចាស់ការ ពិសេស ពី​ថ្នាក់ដឹកនាំ និង សមាជិក​នៃ​ក្រុមការងារ​អនុវត្ត​គម្រោង FMIS ប្រចាំ​ក្រសួង​-​ស្ថាប័ន​, ២-ត្រៀមលក្ខណៈ​សម្រិតសម្រាំង​មន្ត្រី​ដែល​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ FMIS​ឲ្យ​ត្រូវ​តាម​តម្រូវការ និង​ជំនាញ វិជ្ជាជីវៈ ជៀសវាង​យក​មន្ត្រី​ដែល​ពុំ​មាន​ការ​ពាក់ព័ន្ធ ឬ ខុស​មុខងារ ក៏ដូចជា ជំរុញ​និង​លើកទឹកចិត្ត​ដល់​មន្ត្រីក្រោម​ឱវាទ​ក្នុង​ការ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នានា ដែល​រៀបចំឡើង​ក្នុង​ក្របខណ្ឌ នៃ​កម្មវិធី​កែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ពិសេស ក្នុង​គម្រោង FMIS,
៣-ត្រូវ​គិតគូរ​, វិភាគ និង​កំណត់​ឲ្យ​បាន​ច្បាស់​អំពី​ចំនួន​ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែល​ត្រូវ​ចាត់តាំង​ជា​អ្នកប្រើប្រាស់ ប្រព័ន្ធ FMIS ដើម្បី​បង្ការ​នូវ​ការស្នើសុំ​បន្ថែម និង ផ្លាស់ប្តូរ​អ្នកប្រើប្រាស់​ប្រព័ន្ធ ដែល​អាច​បង្ក​ភាពស្មុគស្មាញ ទាំង​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល និង​នៅពេល​ប្រើប្រាស់​ប្រព័ន្ធ​,
៤-ត្រូវ​ពិនិត្យ​លើ​មូលដ្ឋាន​ច្បាប់ និង បទដ្ឋាន​គតិយុត្តិ​ចាំបាច់​នានា ដែល​ត្រូវ​ត្រៀម​រៀបចំ​កែលម្អ សម្រាប់​ទ្រទ្រង់​ដល់​ការប្រើប្រាស់​ប្រព័ន្ធ FMIS ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ពិសេស ការ​កាត់​សម្រួល​នីតិវិធី​អនុវត្ត​ការងារ​នៅក្នុង​ស្ថាប័ន​របស់​ខ្លួន ដើម្បី​កាត់បន្ថយ​នូវ​ភាព​ស្មុគស្មាញ ដែល​អាច​កើតមាន​នៅពេល ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ FMIS និង ៥-ត្រូវ​ត្រៀម​រៀបចំ​កន្លែង​ការងារ និង​ក្រុមការងារ​អនុវត្ត​គម្រោង FMIS របស់​ខ្លួន ដើម្បី​ចូលរួម​សហការ ធ្វើ​ការងារ​ឲ្យ​បាន​ជិតស្និទ្ធ ជាមួយ​ក្រុមការងារ​គ្រប់គ្រង FMIS របស់​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ធ្វើការ​រួមគ្នា​ជា​ក្រុម​តែមួយ ក្នុងការ​សម្រេច​ឲ្យ​បាន​ជោគជ័យ​តាម​ការដ្ឋាន​នីមួយៗ និង តាម​ផែនការ សកម្មភាព​ដែល​បាន​ដាក់​ចេញ។



សម្រាប់​ដើមឆ្នាំ ២០១៩ នេះ ប្រព័ន្ធ FMIS នឹង​ត្រូវ​បន្ត​ដាក់​ឲ្យ​ដំណើរការ​នូវ​មុខងារ​ចំនួន ៤ ក្នុងចំណោម មុខងារ​ស្នូល​សំខាន់​ទាំង ៦ របស់​ប្រព័ន្ធ ក្នុង​នោះ​រួមមាន​៖ ១. មុខងារ​វិភាជន៍​ថវិកា​, ២. មុខងារ​ទិញ និង គ្រប់គ្រង ធានា​ចំណាយ​, ៣. មុខងារ​គណនី​ត្រូវ​សង និង ៤. មុខងារ​គណនី​ត្រូវ​ទារ ។ ក្រសួង​-​ស្ថាប័ន​ចំនួន ១០ បន្ថែមទៀត ដែល​ត្រូវ​ដាក់ ឲ្យ​ដំណើរការ គឺ​៖ ១. ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, ២. ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ៣. ក្រសួងពាណិជ្ជកម្ម​, ៤. ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ៥. ក្រសួង​ធនធានទឹក និង ឧតុនិយម​, ៦. ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា​, ៧. ក្រសួង​អភិវឌ្ឍន៍ជនបទ​, ៨. ក្រសួង​ព័ត៌មាន​, ៩. ក្រសួងទេសចរណ៍ និង ១០. រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល រួមទាំង គ្រប់​មន្ទីរ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​រាជធានី​-​ខេត្ត​ទាំង ២៥៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu