ប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកសាលាក្រៅ ខណៈពេលបុរសរូបនេះ ប៉ុនប៉ងរំលោភសេពសន្ថវៈ លើក្មេងស្រីម្នាក់ ដែលដើរឃ្វាលគោតែម្នាក់ឯង នៅតាមភ្លឺស្រែក្បែរភូមិអ្នកស្រុក ប៉ុន្តែករណីខាងលើមិនបានសម្រេចនោះឡើយ ដោយសារតែក្មេងស្រីរងគ្រោះស្រែកឲ្យគេជួយ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០ នាទី ព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចវាលស្រែមួយកន្លែង ក្នុងភូមិដីស ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនសង្ស័យឈ្មោះ ហួម ពិសិទ្ធ ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិកំពង់ចែង ឃុំដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ធា សុធីម ភេទស្រី អាយុ១៤ឆ្នាំ រស់ភូមិ/ឃុំកើតហេតុខាងលើ។
បើតាមលោកអនុសេនីយ៍ទោ ឡោ ពុធ នាយផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឲ្យដឹងថា តាមការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ រី តារា អធិការនគរបាលស្រុកសាលាក្រៅ បានបញ្ជាឲ្យសមត្ថកិច្ចនគរបាលជំនាញស្រុក ចុះធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ តាមពាក្យបណ្តឹង របស់ភាគីជនរងគ្រោះ ក្នុងករណីរំលោភសេពសន្ថវៈមិនបានសម្រេច នៅភូមិ/ឃុំកើតហេតុខាងលើ។
លោកអនុសេនីយ៍ទោ បានបន្តថា បើយោងតាមសំដីក្មេងស្រីរងគ្រោះ បាននិយាយថា ដំបូងឡើយក្មេងស្រីរងគ្រោះ បានដើរឃ្វាលគោ ជាមួយប្អូនប្រុសម្នាក់ លុះដល់ប្អូនប្រុសដើរទៅដល់ទីឆ្ងាយ ស្រាប់តែលេចមុខជនសង្ស័យមកចាប់ខ្លួន(ក្មេងស្រីរងគ្រោះ) ហើយគំរាមសម្លាប់ ព្រមទាំងចាប់ស្រាតខោក្មេងស្រីរងគ្រោះចេញ ប៉ុន្តែមិនបានសម្រេច ដោយសារតែប្រជាពលរដ្ឋប្រទះឃើញ បណ្តាលជនសង្ស័យភ័យស្លន់ស្លោ រត់គេចខ្លួន ប៉ុន្តែត្រូវពលរដ្ឋដេញតាម រួចចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលជំនាញតែម្តង។
បច្ចុប្បន្ន ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments