Ad Code

AFF U22 ៖​ គ្រូ​ក្រុម U22 កម្ពុជា បន្ត​លើកទឹកចិត្ត​កូនក្រុម​ត្រៀម​ប្រកួត​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​បរាជ័យ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ



ក្រុមបាល់ទាត់​ម្ចាស់ផ្ទះ​ជម្រើសជាតិ​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​របស់​កម្ពុជា (U22) ធ្លាក់​ចេញពី​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF U22 Championship​នៅ​ឆ្នាំ ២០១៩ ក្រោយ​ប្រកួត​ចាញ់​ក្រុមបាល់ទាត់​ថៃ ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​១១​ម៉ែត្រ​ដោយ​លទ្ធផល ៥​ទល់​៣ ខណៈ​លោក Félix Agustín González Dalmás ដែលជា​គ្រូបង្វឹក​នៅតែ​លើកទឹកចិត្ត​កូនក្រុម​ដើម្បី​បន្ត​ប្រកួត​បន្ទាប់​ដើម្បី​ប្រជែង​យក​ចំណាត់ថ្នាក់​លេខ​៣​ប្រចាំឆ្នាំ​។



នៅក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ប្រកួត​វគ្គ​១/២ បុរស​ជនជាតិ​អា​ហ្ស​ង់​ទីន​ខាងលើ​បាន​បញ្ជាក់​ថា «​ខ្ញុំ​ពិតជា​មាន​មោទកភាព​សម្រាប់​កីឡាករ​របស់ខ្ញុំ ខ្ញុំ​ពិតជា​មាន​មោទកភាព​សម្រាប់​ក្រុម​ទាំងមូល រាល់ពេល​ដែល​យើង​ចេញ​មក​ទីនេះ យើង​ព្យាយាម​តាំងខ្លួន​តំណាង​ប្រជាជន​កម្ពុជា​។ ហើយ​ខ្ញុំ​សង្ឃឹមថា​ថ្ងៃនេះ​ពួកគេ​មាន​អារម្មណ៍​តំណាង​ជាតិ ដូចដែល​ខ្ញុំ​មាន​ជាមួយ​ពួកគេ​នៅ​លើ​ទីលាន នៅក្នុង​ការ​ទាត់​បាល់​កាត់សេចក្ដី​១១​ម៉ែត្រ ពេលខ្លះ​យើង​ឈ្នះ ពេលខ្លះ​យើង​ចាញ់ សង្ឃឹមថា​លើក​ក្រោយ​គឺ​វា​នឹង​មក​ខាងយើង ប៉ុន្តែ​សូមកុំ​ភ្លេច​របៀប​ដែល​ក្រុម​នេះ​របស់​យើង ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មោទកភាព ត្រូវ​ចាំ​ថា​ក្រុម​នេះ​ត្រូវការ​ការគាំទ្រ​ពី​អ្នក ដើម្បី​បន្តដំណើរ​ទៅមុខទៀត»​។



​ទន្ទឹម​នឹង​គ្នា​នេះ​ដែរ ​លោក លោក Felix Dalmas បាន​ស្រង់​សម្តី​របស់ Keisuke Honda ដែល​ជា​អ្នកចាត់ការ​ទូទៅ​របស់​កម្ពុជា​ថា «​ខ្ញុំ​បាន​និយាយ​តាំង​ពីមុន​ការប្រកួត គាត់​ថា គាត់​ពិតជា​មាន​មោទនភាព ហើយ​សារ​របស់​គាត់​គឺ​ដូចគ្នា​ទៅ​នឹង​ខ្ញុំ ខ្ញុំ​បាន​ផ្ដល់​ជា​សា​រថា​នោះ​គឺ​ផ្ដោតអារម្មណ៍​ក្នុងការ​រីកចម្រើន ហើយនឹង​បន្ត​ធ្វើ​វា កុំ​ផ្ដោត​តែ​ទៅលើ​លទ្ធផល ដូច្នេះ​នេះហើយ​នេះ​គឺជា​អ្វីដែល​យើង​ព្យាយាម​បង្រៀន​កីឡាករ​»​។



សម្រាប់​លទ្ធផល​ប្រកួត​បន្ទាប់​ក្នុង​វគ្គ​១/២ សរុប​ទាំង​២​លើក​គឺ​ក្រុម​ជើង​ខ្លាំង​ពូ​ល A វៀតណាម បាន​ចាញ់​ក្រុម​ឥណ្ឌូណេស៊ី លេខ​២​ពូ​ល B ដោយ​លទ្ធផល ១​ទល់​០ ស្រប​ពេល​ក្រុម​ជើង​ខ្លាំង​ពូ​ល A កម្ពុជា ចាញ់​ក្រុម​លេខ​២ ពូ​ល A គឺ​ថៃ ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៥​ទល់​៣ បន្ទាប់ពី​ប្រកួត​ស្មើគ្នា​នៅ​ម៉ោង​ប្រកួត​៩០​នាទី​និង​ម៉ោង​បន្ថែម​១៥​នាទី​២​ដង ០​ទល់​០​។ ដូច្នេះ​ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ក្រុម​វៀតណាម នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃ​អង្គារ ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ ខណៈ​ក្រុម​ឥណ្ឌូណេស៊ី ប៉ះ​ថៃ នៅ​ម៉ោង​៦:៣០​នាទី​យប់​លើ​ទីលាន​និង​ថ្ងៃ​ជាមួយគ្នានេះដែរ​ដើម្បី​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។



​សូម​បញ្ជាក់​ថា ​ពានរង្វាន់ AFF U22 Championship មាន​ក្រុម​ចំនួន​៨​ចូលរួម​ដោយ​ក្នុងនោះ​ពូ​ល A​មាន វៀតណាម ថៃ ទី​ម័​រ​ខាងកើត និង​ហ្វី​លី​ពិន ខណៈ​ឯ​ក្នុង​ពូ​ល B វិញ​មាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា​។ ការប្រកួត​ធ្វើឡើង​ពីថ្ងៃ​ទី​១៧ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ​ក្នុង​រាជធានីភ្នំពេញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu