Ad Code

យុវជន​២​ក្រុម​ផឹកស៊ី​ជាមួយគ្នា​នៅ​ការដ្ឋាន​ពេល​ស្រវឹង​៣​នាក់​ចូលដេក​គុក និង​១​ម្នាក់​ចូលដេក​ពេទ្យ​គ្រាន់តែ​ទំនាស់​ពាក្យសម្តី​គ្នា​តិចតួច​សោះ



បន្ទាយមានជ័យ ៖ យុវជន​២​ក្រុម​ផឹកស៊ី​ជាមួយគ្នា​នៅ​ការដ្ឋាន​សាងសង់​មួយ​កន្លែង ពេល​ស្រវឹង​ក៏​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​តិចតួច​សោះ ស្រាប់តែ​ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើ បាន​យក​ដែក​ស្បែង​វាយ​មកលើ​ជនរងគ្រោះ​ចំ​ស្មា​ឆ្វេង និង​ដំបង​ឈើ​ដើម​គរ​មាន​បន្លា វាយ​ចំ​ចង្កេះ​ខាងស្តាំ និង​ជនសង្ស័យ​ម្នាក់ទៀត​វាយ​ដោយ​កណ្តាប់​ដៃ​ចំ​ខ្ទង់ច្រមុះ បណ្តាល​ឲ្យ​ខ្លួន​សន្លប់​លែង​ដឹងខ្លួន​ត្រូវ​បាន កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក សរ សុភ​ក្ត្រា​ស មេបញ្ជាការ​ស្តីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ​នៅ​ចំណុច​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មាន ឈ្មោះ សៀម វី ភេទប្រុស អាយុ៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត។ ចំណែក​ជនសង្ស័យ​មាន​គ្នា​ចំនួន ៣​នាក់ រួមមាន ១​ឈ្មោះ ថន​ថុ​ន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ២​ឈ្មោះ រ័ត្ន ឡា​ទី ភេទប្រុស អាយុ៣១​ឆ្នាំ ៣​ឈ្មោះ វ៉ែន ពៅ ភេទ​ប្រុស អាយុ៥១​ឆ្នាំ ទាំង​៣​នាក់ ​រស់នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វរសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​យុវជន​២​ក្រុម​បាន​ផឹកស៊ី​ជាមួយគ្នា​នៅ​ការដ្ឋាន​សាងសង់​មួយ​កន្លែង​ក្រោយមក​ស្រវឹង​រៀង​ខ្លួន​ក៏​មាន​ទំនាស់​ពាក្យសម្តី​គ្នា​តិចតួច ស្រាប់តែ​ជនសង្ស័យ​ទាំង​៣​នាក់ បាន​យក​ដែក​ស្បែង​វាយ​មក​លើ​ខ្លួន​ចំ​ស្មា​ឆ្វេង និង​ដំបង​ឈើ​ដើម​គរ​មាន​បន្លា វាយ​ចំ​ចង្កេះ​ខាងស្តាំ និង​ជនសង្ស័យ​ម្នាក់ទៀត​វាយ​ដោយ​កណ្តាប់​ដៃ​ចំ​ខ្ទង់ច្រមុះ បណ្តាល​ឲ្យ​ខ្លួន​សន្លប់​លែង​ដឹងខ្លួន​ដំបង​ដែក ប្រវែង ១.២០​ម៉ែត្រ និង​ដំបង​ឈើ​ប្រវែង ១.២០​ម៉ែត្រ វាយ​ទៅលើ​ជនរងគ្រោះ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ផ្អែកលើ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឃើញថា​ មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាមច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu