រដ្ឋអាជ្ញាបាននិយាយនៅថ្ងៃសៅរ៍ថា តុលាការទុយនេស៊ី បានកាត់ទោសជនជីហាដនិយមចំនួនប្រាំពីរនាក់ឲ្យជាប់គុកមួយជីវិតសម្រាប់ការវាយប្រហារនៅសារមន្ទីរមួយ និងលើឆ្នេរខ្សាច់កាលពីឆ្នាំ២០១៥ ដែលបានសម្លាប់មនុស្សចំនួន៦០នាក់ភាគច្រើនជាភ្ញៀវទេសចរ។
ជនជាប់ចោទជាច្រើននាក់បានប្រឈមមុខនឹងការកាត់ក្តីចំនួនពីរដាច់ដោយឡែកពីគ្នាជុំវិញការបាញ់ប្រហារដែលបានកើតឡើងចន្លោះគ្នាប៉ុន្មានខែនៅក្នុងទីក្រុង Tunis និង Sousse ប៉ុន្តែភាគច្រើនត្រូវបានគេដោះលែង។
មនុស្សចំនួន៣នាក់ត្រូវបានកាត់ទោសជាប់គុកមួយជីវិតពីបទឃាតកម្មពាក់ព័ន្ធការវាយប្រហារលើកទី១កាលពីខែមីនាឆ្នាំ២០១៥នៅសារមន្ទីរ Bardo របស់រដ្ឋធានីដែលក្នុងនោះខ្មាន់កាំភ្លើង២នាក់បានសម្លាប់អ្នកទេសចរបរទេសចំនួន២១នាក់និងឆ្មាំសន្តិសុខទុយនេស៊ីម្នាក់។
មនុស្សចំនួនបួននាក់បានទទួលទោសដូចគ្នានេះសម្រាប់ការបាញ់ប្រហារនៅរមណីយដ្ឋានទេសចរណ៍ Sousse ក្នុងខែមិថុនាឆ្នាំនោះដែលបានសម្លាប់មនុស្សចំនួន៣៨នាក់ភាគច្រើនជាអ្នកទេសចរអង់គ្លេស។
អ្នកនាំពាក្យរដ្ឋអាជ្ញារឈ្មោះ Sofiene Sliti បាននិយាយនៅថ្ងៃសៅរ៍ថា ចុងចោទផ្សេងទៀតត្រូវបានកាត់ទោសឲ្យជាប់គុកចន្លោះពី៦ទៅ១៦ឆ្នាំ។
តុលាការបានឲ្យដឹងថា ការវាយប្រហារទាំងពីរនេះដែលត្រូវបានអះអាងដោយក្រុមរដ្ឋឥស្លាម (IS) គឹត្រូវបានផ្សារភ្ជាប់ជាមួយគ្នាយ៉ាងជិតស្និទ្ធ។
ចុងចោទជាច្រើននាក់បានចង្អុលបង្ហាញថា ជនល្មើសឈ្មោះ Chamseddine Sandi គឺជាមេក្លោងនៃការវាយប្រហារទាំងពីរ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយទុយនេស៊ីបានឲ្យដឹងថា លោក Sandi ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារពីអាកាសរបស់សហរដ្ឋអាមេរិកនៅប្រទេសលីប៊ីក្នុងខែកុម្ភៈឆ្នាំ២០១៦បើទោះបីជាមិនមានការបញ្ជាក់ណាមួយក៏ដោយ។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកដែលកំពុងប្រឈមមុខនឹងការកាត់ទោសក៏រួមមានបុគ្គលិកសន្តិសុខចំនួនប្រាំមួយនាក់ផងដែរដែលត្រូវបានចោទប្រកាន់ពីបទមិនបានផ្តល់ជំនួយដល់ប្រជាជនដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់អំឡុងពេលនៃការវាយប្រហារនៅទីក្រុង Sousse៕ AFP
Source: Kampuchea Thmey Daily
0 Comments