Ad Code

ឆ្នាំ​២០១៨ ខេត្ត​បន្ទាយមានជ័យ ​ប្រមូល​ចំណូល​ពន្ធ​បាន​លើស​ផែនការ​ប្រចាំ​ឆ្នាំ​



ភ្នំពេញ ​៖ ឆ្នាំ​២០១៨ ខេត្ត​បន្ទាយមានជ័យ​ប្រមូល​ចំណូល​ពន្ធ និង​រដ្ឋាករ​បាន​សរុប ១.៣២២.១០១, ១៨​លាន​រៀល ស្មើនឹង​១១៣, ៣២% នៃ​ផែនការ កើនឡើង​ចំនួន៣៨២.៦២៨,៩១​លាន​រៀល​ ធៀប​ឆ្នាំ ២០១៧ និង​ចំណូល​ប្រាក់ ពិន័យ​បាន​ពី​បង្ក្រាប​ទំនិញ​គេចពន្ធ​សរុប១០.៤៣៩,៧៨​លាន​រៀល ​ក្នុង​នោះ​ទំនិញ​ដែល​ផ្តល់​ចំណូល​ខ្ពស់​រួមមាន រថយន្ត ម៉ូតូ ភេសជ្ជៈ​គ្រឿង​ឧបភោគ បរិភោគ ស៊ីម៉ង់​.។​ល​។ ដោយឡែក​ ចំណូល​សាខា​ពន្ធដារ​ខេត្ត ប្រមូល​ចំណូល​បាន​សរុប៦១.០៤៨,៥ ២​លាន​រៀល កើន​ជាង​ឆ្នាំ​២០១៧ ចំនួន​២៩.១២៨, ២៨​លាន​រៀល​។​

នៅក្នុង​ជំនួប​ពិភាក្សា​ស្វែង យល់​ពី​ការ​ប្រឈម និង​ការ​រីកចម្រើន​របស់​ខេត្ត​ជាមួយ​គណៈ​ប្រតិភូ​គណៈកម្មការ​ជំនាញ​ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋ កិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន កម្ម នៃ​រដ្ឋសភា នៅ​ខេត្ត​បន្ទាយ មានជ័យ កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ​នេះ លោក សួន បវរ គណៈ​អភិ បាល​ខេត្ត​បន្ទាយមានជ័យ​បាន​រាយការណ៍​បន្ត​ថា ទន្ទឹម​នឹង​ការ​រីកចម្រើន​នេះ ខេត្ត​ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផងដែរ​ដូចជា នៅ​តាម​ច្រក​អន្តរជាតិ​ចំនួន​៤ និង​ចក្រ​របៀង​ចំនួន​៦១ ដែល​នៅ​មាន​ការ​គេច​ពន្ធ ផ្នែក​ពន្ធដារ​របស់​ខេត្ត​នៅ​ខ្វះ​បុគ្គលិក​ជំនាញ​ក្នុង​ការ​ប្រមូល​ពន្ធ​។​

ក្នុងជំនួប​នោះដែរ លោក​បណ្ឌិត​រដ្ឋ ជាម យៀប បាន​ថ្លែង​អំណរ និង វាយតម្លៃ​ខ្ពស់​នូវ​រាល់​សមិទ្ធ​ផល​ដែល​ខេត្ត​ទទួល​បាន​ក្នុង​រយៈពេល​កន្លងមក​។ លោក​បណ្ឌិត​រដ្ឋ​បញ្ជាក់​ថា សមិទ្ធផល​ទាំងនេះ ជា​កិច្ច​ខិត ខំ​ប្រឹងប្រែង​ទាំងអស់​គ្នា ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ជា​ពិសេស​ថ្នាក់ដឹកនាំ​ខេត្ត​បន្ទាយ​មាន​ជ័យ និង​មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់​ដែល​ជា​ប្រតិបត្តិ​ករ​ផ្ទាល់​នៅ​ទី​នេះ ហើយ​រាល់​បញ្ហា​ប្រឈម​គណៈកម្មការ​នឹង​ធ្វើ​របាយការណ៍​តាមរយៈ​ប្រធានរដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដាក់ជូន​រាជរដ្ឋាភិបាល​ធ្វើការ​ដោះស្រាយ​ជូន​។

លោក​បណ្ឌិត​រដ្ឋ ជាម យៀប ក៏បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ដល់​ខេត្ត​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ ជាពិសេស​ការ​ប្រមូល​ពន្ធ ដើម្បី​បង្កើន​ថវិកាជាតិ​សម្រាប់​ការអភិវឌ្ឍ​ជាតិ​ឲ្យ​មាន​ការឈាន​ឡើង​។ នា​ឧកាស​នោះដែរ គណៈប្រតិភូ​គណៈកម្មការ​ជំនាញ ​នៃ​រដ្ឋសភា ក៏បាន​ចុះ​ពិនិត្យមើល​សកម្មភាព​អនុវត្ត​ជាក់ស្ដែង​ដល់​ទី​កន្លែង ដើម្បី​ស្វែងយល់​បន្ថែមទៀត។​

តាម​ប្រសាសន៍​ លោក សួន បវរ គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា ខេត្ត​បន្ទាយ​មានជ័យ គឺជា​ខេត្ត​មួយ​ក្នុងចំណោម​រាជធានី​ខេត្ត​ទូទាំង​២៥​ប្រទេស​ ដែល​ចាប់បដិសន្ធិ​ នា​ថ្ងៃ​ទី​៧ ខែ មករា ឆ្នាំ​១៩៨៨ ដែលមាន​ចម្ងាយ​៣៥៩​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​ថៃឡង់ដ៍​ប្រវែង​១៥៣​គីឡូម៉ែត្រ​ មាន​ក្រុង/​ស្រុក​ជាប់​តាម​បណ្ដោយ​ព្រំប្រទល់​ចំនួន​៥ គឺ​ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក​។ ខេត្ត​មាន ផ្ទៃដី​សរុប​៦.៦៧៩​គីឡូម៉ែត្រ​ការ៉េ​ចែកចេញជា​ពី​ក្រុង​៧​ស្រុក មាន៥៥​ឃុំ ១០​សង្កាត់ និង​៦៥៨​ភូមិ មាន​ប្រជាជន​១៨៨.៣៦៩​គ្រួសារ​ មនុស្ស​សរុប៨៣៥.៤១៩​នាក់ ​ក្នុង​នោះ​ស្រី៣៨៣.០៥២​នាក់ ក្នុង​នោះ​អ្នក​ប្រកបមុខរបរ​កសិកម្ម​ជា​ចម្បង​មាន​៧១% អ្នក​ប្រកបមុខរបរ​សេវាកម្ម​មាន​ចំនួន​២៨% និង​មុខ របរ​សិប្បកម្ម​មាន​១%៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu