ព្រះសីហនុ ៖ មនុស្សស្រីម្នាក់ រងរបួសធ្ងន់ និងបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបុរសម្នាក់ទៀតមានរបួសជើងខាងឆ្វេងមួយកំណាត់ត្រឹមជង្គង់ចុះក្រោមយ៉ាងធ្ងន់ធ្ងរ ព្រមទាំងដងខ្លួន ក៏រងរបួសផងនោះ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូ និងរថយន្តបុកគ្នា ទិសដៅផ្ទុយគ្នា។
ករណីនេះ បានកើតមានឡើងនៅម៉ោង០៧និង១០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០០-២០១ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងម៉ូតូ០១គ្រឿង ម៉ាក HONDA C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ១G-៥៣៥៤ បើកបរដោយ ឈ្មោះ ស៊ឹម ដន ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ មានអ្នករួមដំណើរម្នាក់ ឈ្មោះ ហ៊ឹម ម៉ៃសារុះ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកម្មករ អ្នកទាំងពីរ មានទីលំនៅភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះដល់ចំណុចខាងលើ បានប៉ះនឹងរថយន្តបែនដឹកដី ០១គ្រឿង ម៉ាក HINO ពណ៌ ខៀវ ពាក់ស្លាកលេខក្រចេះ៣A-០៣១១ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅ ផ្ទុយគ្នា។
ករណីនេះ មិនមានសាក្សីណាម្នាក់ចេញមុខមកអះអាងថា បានឃើញផ្ទាល់ភ្នែកមុនពេលកើតមានគ្រោះថ្នាក់ចរាចរណ៍នេះទេ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសរួចមក អ្នកបើកបរមានការភិតភ័យ ហើយរត់គេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចទៅដល់។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះត្រូវគេស្គាល់ ១-ឈ្មោះ ស៊ឹម ដន អ្នកបើកបរម៉ូតូ រងរបួស ធ្ងន់ បានបញ្ជូនទៅសង្គ្រោះគ្លីនិកលិគឹមឌីវាលរេញ។ ២-ឈ្មោះ ហ៊ឹម ម៉ៃសារុះ អ្នករួមដំណើរលើម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។ ពេលកើតហេតុរួច សមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែង និងពិនិត្យមើលវត្ថុតាងពាក់ព័ន្ធនៅកន្លែងកើតហេតុ។
ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ រីឯសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នវត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments