Ad Code

សេចក្ដី​ព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ត្រូវបាន​រៀបចំ​ដោយ​ផ្អែកលើ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​សំខាន់ៗ​ចំនួន​៩



ភ្នំពេញ ​៖ បន្ទាប់ពី​បានទទួល​អនុសាសន៍​ពី​ស្ថាប័ន​ចំនួន​១០ ពាក់ព័ន្ធ​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប បានរៀបចំ​កិច្ចប្រជុំ​ពិគ្រោះ យោបល់​លើ​អនុសាសន៍​ទាំងនោះ ក្រោម​អធិបតីភាព​លោក ទេព នីថា អគ្គលេខាធិការ គ​.​ជ​.​ប ដែល​កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​សាលសន្និសីទ​សារព័ត៌មាន​របស់ គ​.​ជ​.​ប កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ប្រព្រឹត្តទៅ​ពេញ​មួយ​ព្រឹក ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ រួមមាន តំណាង​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា តំណាង​ក្រសួង ស្ថាប័នរដ្ឋ ចំនួន​៥ គណបក្ស​នយោបាយ​ចំនួន​៤ អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​២ អង្គភាព​សារព័ត៌មាន​ចំនួន​៨ និង​មន្ត្រី គ​.​ជ​.​ប និង​លធ​.​ខ​ប ចំនួន ៣១​នាក់ សរុប​អ្នកចូលរួម​ចំនួន​៦៣​នាក់។



ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នោះ លោក ទេព នីថា លើកឡើងថា គ​.​ជ​.​ប សូម​ស្វាគមន៍​រាល់​អនុសាសន៍​ទាំងឡាយ ទាំង​លើ​ទិដ្ឋភាព​ច្បាប់ ទាំង​លើ​ទិដ្ឋភាព​បច្ចេកទេស ដើម្បី​ធ្វើការ​កែសម្រួល​សេចក្តីព្រាង​នេះ​ឱ្យ​កាន់តែ​ពេញលេញ ត្រឹមត្រូវ​តាមច្បាប់ ងាយស្រួល​យល់ និង​អនុវត្តន៍​។ លោក​បន្តថា សេចក្តីព្រាង​នេះ ត្រូវបាន​រៀបចំ​ដោយ​ផ្អែកលើ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​សំខាន់ៗ ដែល​រួមមាន ទី​១- ច្បាប់​ស្តីពី ការរៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃ គ​.​ជ​.​ប ទី​២- ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្តីពី វិសោធនកម្ម​នៃ​ច្បាប់​នេះ ទី​៣- ច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ទី​៤- ច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ទី​៥- ច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី​៦- ច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី​៧- បទបញ្ជាផ្ទៃក្នុង​នៃ គ​.​ជ​.​ប ទី​៨- គោលការណ៍ ដែល​មានចែង​ក្នុង​បទបញ្ជា និង​នីតិវិធី ឆ្នាំ​២០១៤ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ និង​ទី​៩- លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ផ្សេងទៀត​។



បន្ទាប់ពី​ទទួលបាន​អនុសាសន៍​រួចមក អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប បាន​ប្រជុំ​ពិនិត្យ​លើ​អនុសាសន៍​ទាំងនោះ​មួយ​ជំហាន​ហើយ​។ ចំណែក​ពេលនេះ គ​.​ជ​.​ប បើក​ការប្រជុំ​ដើម្បី​ពិគ្រោះ​យោបល់​បន្ថែមទៀត​ជាមួយ​ភាគី​ពាក់ព័ន្ធ មុននឹង​រៀបចំ​ដាក់ជូន គ​.​ជ​.​ប អនុម័ត​សម្រេច​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ។​

នៅក្នុង​កិច្ចប្រជុំ​នោះដែរ លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប បានធ្វើ​របាយការណ៍​ពី​ការរៀបចំ​បទបញ្ជា និង​នីតិវិធី​នេះ ដោយបាន​លើកឡើង​ពី​ការកំណត់​គោល​គំនិត​សំខាន់ៗ​តាម​ជំពូក​នីមួយៗ និង​ផ្នែក​នីមួយៗ រហូត​បាន​ទៅជា​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ដាក់ឱ្យ​ពិគ្រោះ និង​ផ្តល់យោបល់​នៅពេលនេះ​។ លោក​សង្ឃឹមថា ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ គឺជា​ធាតុ​ចូល​រួម​យ៉ាងសំខាន់ ដើម្បីឱ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ប្រព្រឹត្ត​ទៅដោយ​រលូន ប្រកបដោយ​ភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និង​អាច​ទទួល​យកបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ។

ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នោះ ភាគី​ពាក់ព័ន្ធ​ដែល​ចូលរួម បាន​បញ្ចេញមតិ​បន្ថែម លើ​អនុសាសន៍ ហើយ​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​បានធ្វើការ​បកស្រាយ និង​ផ្លាស់ប្តូរ​យោបល់​គ្នា​យ៉ាង​ផុលផុស​ក្នុង​ស្មារតី​សហការ និង​ទទួលខុសត្រូវ​ខ្ពស់​។​



ចំណែក​លោក ម៉ៅ សុភា​រិ​ទ្ធ អគ្គលេខាធិការរង គ​.​ជ​.​ប បាន​អះអាង​ដែរ​ថា គោលបំណង​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ គឺ​ដើម្បី​ឱ្យ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩ មាន​នីត្យានុកូលភាព​ស្រប​ទៅ​នឹង​ច្បាប់បោះឆ្នោត​។ លោក​បន្ថែមថា រាល់​បណ្តា​អនុសាសន៍ និង​មតិយោបល់​របស់​ភាគី​ពាក់ព័ន្ធ និង​ការបកស្រាយ​របស់​ថ្នាក់ដឹកនាំ​កិច្ចប្រជុំ មិនមែនជា​ការសម្រេច​ចុងក្រោយ​នោះឡើយ​។ បន្ទាប់ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប នឹង​រៀបចំ​អនុសាសន៍ និង សំណូមពរ​ទាំងឡាយ ដែល​បាន​ពិភាក្សា ដាក់ជូន គ​.​ជ​.​ប ពិនិត្យ និង​សម្រេច​ជា​ចុងក្រោយ​មុននឹង ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។

សូមបញ្ជាក់ថា សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​នេះ មាន ២ ជំពូក​១៣ ផ្នែក និង​មាន​ឧបសម្ព័ន្ធ​ចំនួន​៧។ ទាក់ទង​នឹង​សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​នេះ មាន​ភាគី​ពាក់ព័ន្ធ​ចំនួន​១០ និង​គ​ធ​.​ខ​ប​ចំនួន​៣ បាន​បញ្ជូន​អនុសាសន៍​មក គ​.​ជ​.​ប ។ ភាគី​ពាក់ព័ន្ធ​ទាំងនោះ រួមមាន អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួង​ព័ត៌មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​មាតុភូមិ​យើង សហគមន៍​គ្រួសារ​អភិវឌ្ឍន៍​កសិកម្ម សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​រាជធានី ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តមណ្ឌលគិរី​) ៕
​   

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu