Ad Code

ខ្ទាត​មនុស្ស​ និង​ម៉ូតូ​ចូល​ក្រោយ​រថយន្ត​កិន​ស្លាប់​ម្នាក់​ភ្លាមៗ​ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា



តាកែវ ​៖ ​ជនរងគ្រោះ​ម្នាក់ ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ​ដោយឡែក​ម្នាក់ទៀត​បាន​រង​របួសធ្ងន់​ ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ ​រួច​ខ្ទាតចូល​ក្រោម​រថយន្ត​ដឹក​សម្ភារៈ​សំណង់​មួយគ្រឿង​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បានកើត​ឡើង​នៅ​រសៀល​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣​និង​៣០​នាទី នៅលើ​ផ្លូវ​ខេត្ត​លេខ​១២២A ចន្លោះ​គីឡូម៉ែត្រ​លេខ ៤-៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​សាប ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។ ជនរងគ្រោះ​ដែល​ខ្ទាតចូល​ក្រោម​រថយន្ត​កិន​ស្លាប់​នោះ​មានឈ្មោះ អៀង នាង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ​ង់ ឃុំ​កុមា​រាជា ស្រុក​បាទី​។ ចំណែក​ម៉ូតូ​ជនរងគ្រោះ​បើកបរ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ តាកែវ 1Q 0859​។

ដោយឡែក​ម្ចាស់​ម៉ូតូ​មួយ​គ្រឿង​ទៀត​មាន​ឈ្មោះ ប៉ិច គឿន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សាប ឃុំ​ត្រពាំង​សាប ស្រុក​បាទី (​រង​របួស​ធ្ងន់​)​។ ជនរងគ្រោះ​បើកបរ​ម៉ូតូ​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1CD 9440​។

តាម​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ដែរ​ថា នៅមុខ​ពេល​កើតហេតុ​ភាគី​ម៉ូតូ​ជនរងគ្រោះ​ដែល​ស្លាប់​ធ្វើដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត លុះ​មកដល់​កន្លែងកើតហេតុ​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយគ្រឿង​ដែល​ធ្វើដំណើរ​ពី​កើ​តទៅ​លិច​រួច​ក៏​ដួល​ខ្ទាតចូល​ក្រោម​រថយន្ត​ដឹក​សម្ភារៈ​សំណង់​ម៉ាក់​ទី​តាន់ ពាក់​ស្លាក់​លេខ ភ្នំពេញ 2A 3044 បណ្តាល​ឲ្យ​កិន​ស្លាប់​ភ្លាមៗ​តែម្តងទៅ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ស្រុក​បាទី​បាន​ចុះ​ដល់​ធ្វើការ​វាស់វែង​និង​ចាត់​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ និង​បាន​ដកហូត​វត្ថុតាង​ទាំង​៣​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​នៅពេល​ក្រោយ។ ចំណែក​សព​ជនរងគ្រោះ​ដែល​ស្លាប់ ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu