Ad Code

មកពី​ភ្នំពេញ លួច​ម៉ូតូ​នៅ​ខេត្ត​កណ្តាល ​ត្រូវ​នគរបាល​ស្រុក​ស្អាង​ចាប់​បាន ដល់​ស្រុក​កោះធំ​



​កណ្តាល ​៖ ​ចោរលួច​ឆ្លងដែន​យ៉ាងសកម្ម​ពី​រ​នាក់ ​​ត្រូវ​បាននគរបាល​ពី​រស្រុក​ដេញចាប់​ទម្រាំ​នឹង​បាន ខណៈ​ក្រុមចោរ​នោះ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ ពី​ប្រជាពលរដ្ឋ​ចត​ទុកដាក់​មុខ​ផ្ទះ​។

​ហេតុការណ៍​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​សុក្រ ៤​កើត ខែមាឃ ឆ្នាំច សំរឹទ្ធិ​ស័ក​ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​០៨និង​១៥​នាទី នៅ​ចំណុច​ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​។​

​ជនរងគ្រោះ ឈ្មោះ​ទី ធី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​ខ្មែរ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្ដាល មានមុខ​របរ​លក់ដូរ។

​ជនសង្ស័យ​មាន​គ្នា០៤​នាក់ ទី​០១-​ឈ្មោះ ​ជា ម៉ា ហៅ​អា​ជ្រុ​យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រើស​អេតចាយ ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខ​ណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។ ស្រុកកំណើត នៅ​ភូមិ​ពេ​ច​នា ឃុំ​បន្ទាយមាស ស្រុក​បន្ទាយមាស ខេត្ត​កំពត​។ ទី​០២-ឈ្មោះ​ ម៉េង លី​ហុង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្ដុំ​គិរីរម្យ រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់អំពិល ឃុំ​កំពង់អំពិល ស្រុក​ពារាំង ខេត្ត​ព្រៃវែង (​ឃាត់ខ្លួន​)​។ ទី​០៣-​ឈ្មោះ ម៉ាប់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល (​គេចខ្លួន​)​។ និង​ទី​០៤​-ឈ្មោះ តន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ម្ដុំពេទ្យ​រុស្សី រាជធានី​ភ្នំពេញ​(​គេចខ្លួន​)​។​

​រីឯ​វត្ថុតាង​ចាប់យក​រួមមាន ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​គ្រាប់​អំពិល ស៊េរី​ឆ្នាំ​២០០៧ ចំនួន​១​គ្រឿង ពាក់​ស្លាកលេខ​ភ្នំពេញ​០១.៦៣៩១(​ជា​របស់​ជនរងគ្រោះ​)​ មាន​ស្នាម​បាក់​ក្បាល​ម៉ូតូ​ចំនួន​១​គ្រឿង ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ​ភ្នំពេញ​១AP.៩៦០៨​ ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។

​នគរបាល​ស្រុក​ស្អាង​បានឲ្យ​ដឹងថា ​នៅវេលា​ម៉ោង​ពេល​កើតហេតុ​ខាងលើ ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​នៅខាងមុខ​ផ្ទះ​របស់ខ្លួន ​ដោយ​ពុំបាន​ដក​សោ​ចេញ ព្រោះ​ជាប់រវល់​លក់ដូរ ឆ្លៀត​ឱកាស​នោះ​ ជន​សង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ជនរងគ្រោះ ​ដោយមាន​ឈ្មោះ​ ម៉េង លី​ហុង ឡើង​ជិះ​ម៉ូតូ​យក​ទៅ​តែម្ដង​។ ពេល​ជាមួយគ្នា​នោះ ​ម្ចាស់​ម៉ូតូ​ឃើញ​ ក៏បាន​ស្រែកថា ចោរៗ​ភ្លាម​នោះ​ សមត្ថកិច្ច​ប៉ុស្តិ៍​ស្អាង​ភ្នំ និង​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បានធ្វើ​សកម្មភាព​ដេញតាម​ពីក្រោយ​ជនសង្ស័យ រហូតដល់​ចំណុច​ភូមិ​ព្រែ​ករុន ឃុំ​ព្រែក​គយ​ស្រុក​ស្អាង ជនសង្ស័យ​ផ្ដួល​ម៉ូតូ​ចោល រួច​រត់ឡើង​ជិះ​ម៉ូតូ​ជាមួយ ​ឈ្មោះ ​ជា ម៉ា សំដៅ​ទៅ​ទិស​ខាងត្បូង​តាម​ផ្លូវ​ជាតិ​លេខ​២១​។​

​ដោយមាន​ការដឹកនាំ​កម្លាំង​ផ្ទា​ល់​ពី ​លោក​វរសេនីយ៍ឯក សេង សុជាតិ​(​អធិការ​) និង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ស្រុក​កោះធំ ទើប​សមត្ថកិច្ច​នគរ​បាល​ស្រុក​ស្អាង ដេញតាម​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​នៅ​ភូមិ​កោះទាវ (​ក​)​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ចំណែក​ជនសង្ស័យ​ឈ្មោះ​ម៉ាប់ និង​ ឈ្មោះ​ តន បាន​ជិះ​ម៉ូតូ​១​គ្រឿង​ផ្សេងទៀត​គេចខ្លួនបាត់​។​

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ ដើម្បី​បន្ត​អនុវត្តន៍​តាម​នីតិវិធី​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu