Ad Code

សម្តេច​ក្រឡាហោម ស ខេង ៖ សារ​របស់​ព្រះ​តេជគុណ ហោ សុខុន ធ្លាក់ចូល​ទៅ​ក្នុង​ឧបាយកល​របស់​អ្នកនយោបាយ​ទុច្ចរិត ដែល​មាន​បំណង​ចង់​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា​



ភ្នំពេញ​ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​សារ​របស់​ព្រះ​តេជគុណ ហោ សុខុន ព្រះចៅ​អធិការ​វត្ត​ច្បារអំពៅ ដែល​បាន​សរសេរ​នៅលើ​បណ្តា​ស​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​កាលពី​ថ្មីៗ​នេះ ដោយ​បាន​អះអាង​ថា ខ្លឹមសារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នោះ ជា​ការ​លើកតម្កើង​ហួស​និស្ស័យ រហូត​ធ្វើ​ឲ្យ​យល់​ឃើញ​ថា សារ​នេះ​ដូចជា​បាន​ធ្លាក់​ចូល​ទៅក្នុង​ឧបាយកល​របស់​អ្នកនយោបាយ​ទុច្ចរិត ដែល​តែងតែ​មានបំណង​ចង់​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ​ជារឿយៗ​ពួក​អ្នកនយោបាយ​ដែល​មាន​គំនិត​ទុច្ចរិត ជានិច្ច​ជា​កាល​តែងតែបាន​ថ្លែង​សារ​មានន័យ​បញ្ចើចបញ្ចើ និង​បណ្តុះ​បង្អាប់​បែបនេះ ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្មានអ្វី​ក្រៅពី​បំណង​ចង់​ឲ្យ​មានការ​សង្ស័យ​គ្នា មិន​ទុកចិត្ត​គ្នា ឈ្នានីស​គ្នា​នោះឡើយ​។



សម្តេច​ក្រឡាហោម ស ខេង លើកឡើង​បែបនេះ បន្ទាប់ពី​ព្រះ​តេជគុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ព្រះអង្គ​ថា សម្តេច​ក្រឡាហោម ស ខេង ជា​ផ្កាយ​សំណាង​របស់​ប្រទេស​កម្ពុជា ហើយ​មានតែ​សម្តេច​ក្រឡាហោម ស ខេង មួយ​រូប​គត់ ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​រួច​ផុត​ពី​ទណ្ឌកម្ម​របស់​អន្តរជាតិ ក៏ដូចជា​រួចផុត​ពី​ការ​ផ្តាច់​អនុគ្រោះ​ពន្ធ EBA របស់​សភា​អឺរ៉ុប​ផង​ដែរ ជា​ពី​សេស​អាច​បញ្ឈប់​ការ​ជ្រៀតជ្រែក​ពី​បរទេស​លូកដៃ​ចូល​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​...​។



ជា​ការ​ឆ្លើយតប​សារ​របស់​ព្រះ​តេជគុណ ហោ សុខុន នេះ សម្តេច​ក្រឡាហោម ស ខេង បាន​សរសេរ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​នា​ថ្ងៃទី​០៩ ខែកុម្ភៈ យ៉ាងនេះ​ថា ក្រោយពី​ខ្ញុំព្រះករុណាខ្ញុំ​បាន​អាន​សារ​នៅ​លើ ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​ព្រះ​តេជគុណ ចុះ​ថ្ងៃទី​១​ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ខ្ញុំព្រះករុណាខ្ញុំ​មានការ​រំភើប​យ៉ាង​ខ្លាំង ប៉ុន្តែ​ក៏មាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ណាស់ដែរ ចំពោះ​ពាក្យពេចន៍ នៅក្នុង​សារ​នេះ ដែល​មាន​ន័យ ជាការ​លើកដាក់ បណ្តុះ​បង្អាប់ លើកតម្កើង​ហួស​និស្ស័យ រហូតដល់​ខ្ញុំព្រះករុណាខ្ញុំ​យល់ឃើញ​ថា សារ​នេះ​ដូចជា​បាន​ធ្លាក់ចូល​ទៅក្នុង​ឧបាយកល​របស់​អ្នកនយោបាយ​ទុច្ចរិត ដែល​តែងតែ​មានបំណង​ចង់​បំបែកបំបាក់​គណបក្ស​ប្រជាជន​កម្ពុជា​។

ព្រះ​តេជគុណ​ប្រហែលជា​បាន​ជ្រាប​ហើយ ! ជារឿយៗ​ពួក​អ្នកនយោបាយ​ដែល​មាន​គំនិត​ទុច្ចរិត ជានិច្ច​ជា​កាល​តែងតែបាន ថ្លែង​សារ​មានន័យ​បញ្ចើចបញ្ចើ និង បណ្តុះបង្អាប់ បែបនេះ​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្មានអ្វី​ក្រៅពី​បំណង​ចង់​ឲ្យ​មានការ សង្ស័យ​គ្នា មិន​ទុកចិត្ត​គ្នា ឈ្នានីស​គ្នា ដើម្បី​ធ្វើ​ឲ្យ​មានការ​បែកបាក់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​វា​ជាការ​នឹក​ស្រមៃ​សុទ្ធសាធ ដែល​ពួកគេ​គិតថា ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ធ្លាក់​ចូលក្នុង​អន្លង​របស់​ពួកគេ​នោះ​”​។



សម្តេច​ក្រឡាហោម ស ខេង បានលើកឡើង​ទៀត​ថា ក្នុងនាម​ខ្ញុំ​ព្រះករុណាខ្ញុំ ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូម​ពិត​ពុទ្ធដីកា និង​ជម្រាប​ប្រគេន​ព្រះ​តេជគុណ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​មេត្តា​ជ្រាប​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្ស​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ននេះ គឺ​បានបង្ហាញ​ច្បាស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​បេសកកម្ម​របស់ខ្លួន ហើយ​ថា ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ គឺ​សុទ្ធតែ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា គ្រប់​ជាន់ថ្នាក់ ដើម្បី​ផលប្រយោជន៍ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។ ការណ៍​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គឺ​គ្រប់​ជ័យជម្នះ ក្នុង​បេសកកម្ម​បម្រើ​ជាតិ របស់​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​កើតឡើង​ដោយសារតែ​អច្ឆរិយបុគ្គល​ណាមួយ​ឡើយ តែ​គឺជា​ការប្រមូលផ្តុំ​នូវ បញ្ញាញាណ ការ​ខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ​ចិត្ត​របស់​ថ្នាក់ដឹកនាំ សមាជិក​គ្រប់​ជាន់ថ្នាក់ ដោយមាន​ការចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ប្រជាពលរដ្ឋ​។ ដូច្នេះ​អ្វីៗ​ជា​ស្នាដៃ ដែល​រូបខ្ញុំ​ព្រះករុណា​ផ្ទាល់​សម្រេចបាន​ក្នុង​បេសកកម្ម​បម្រើ​ជាតិ​កន្លងមកនេះ គឺ​គ្រាន់តែ​ជាការ​រួមចំណែក​ដ៏​តូច​មួយ​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។

ទាក់ទង​ការ​លើកឡើង​របស់​សម្តេច​ក្រឡាហោម ស ខេង នេះ ព្រះ​តេជគុណ ហោ សុខុន បាន​ឡាយ​ហ្វេ​ស​ប៊ុ​ក​រយៈពេល​ជាង​២​ម៉ោង ការពារ​សម្តី​របស់ខ្លួន​ឯង​ដដែល ប៉ុន្តែ​មហាជន​ជាច្រើន ដែល​បាន​តាមដាន​ការ​ឡាយ​ហ្វេ​ស​ប៊ុ​ករ​បស់​ព្រះ​តេជគុណ ហោ សុខុន បាន​អះអាងថា កាល​លើកឡើង​នេះ មិនអាច​ទទួល​យក​បាន​ទេ ហើយ​ជាស​ម្តី​ញុះញង់ ថែមទាំង​ប្រាប់​ឲ្យ​ព្រះ​តេជគុណ ហោ សុខុន ឆាន់​បាយ​ហើយ​សឹង​ទៅ កុំ​ធ្វើជា​អ្នកវិភាគ​នយោបាយ​អី​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩ ព្រះ​តេជគុណ ហោ សុខុន បាន​សរសេរ​នៅក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា សម្តេច​ក្រឡាហោម ស ខេង ជា​ផ្កាយ​សំណាង​របស់​ប្រទេស​កម្ពុជា មានតែ​សម្តេច​ក្រឡាហោម ស ខេង មួយរូប​គត់​ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​រួច​ផុតពី​ទណ្ឌកម្ម​របស់​អន្តរជាតិ​ក៏ដូចជា​រួច​ផុតពី​ការផ្តាច់​អនុគ្រោះ​ពន្ធ EBA របស់​សភា​អឺរ៉ុប​ផង​ដែរ ជា​ពិសេស​អាច​បញ្ឈប់​ការ​ជ្រៀតជ្រែក​ពី​បរទេស​លូកដៃ​ចូល​នយោបាយ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ហើយ​គុណសម្បត្តិ​របស់​សម្តេច ស ខេង រួមមាន ១, សម្តេច ស ខេង មានគុណ​ជួយ​រំដោះជាតិ​ខ្មែរ ២,សម្តេច ស ខេង ជា​មេដឹកនាំ​សន្តិភាព​ពិតៗ ៣,សម្តេច ស ខេង ជា​មេដឹកនាំ​គុណធម៌​ពិតៗ ៤, សម្តេច ស ខេង បាតដៃ​ឥតមាន​ប្រឡាក់​ឈាម​ទេ ៥, សម្តេច ស ខេង ជា​មេដឹកនាំ​ប្រជាធិបតេយ្យ​ពិតៗ ៦, សម្តេច ស ខេង ស្រលាញ់​ជាតិខ្មែរ​ពិតៗ ៧, សម្តេច ស ខេង គោរព​ព្រះមហាក្សត្រ​ខ្មែរ​ពិតៗ ៨, សម្តេច ស ខេង គោរព​ព្រះពុទ្ធសាសនា​ពិតៗ ៩, សម្តេច ស ខេង ជា​ផ្កាយ​សំណាង​របស់​កម្ពុជា​ពិតៗ ១០,សម្តេច ស ខេង ជា​ព្រះ​ឥ​...​បម្រុង​ពិតប្រាកដ​មិនមែន​ក្លែងក្លាយ មិនមែន​កុហក មិនមែន​សម្តែង​ គឺ​សម្តេច​ក្រឡាហោម ស ខេង អ្វីៗ​ពិតប្រាកដ​គ្រប់យ៉ាង​...៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu