តាកែវ ៖ ពលរដ្ឋមួយភូមិ ក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ជាង១០០គ្រួសារលើកដៃសំពះសុំឲ្យថ្នាក់ដឹកនាំ ជួយអន្តរាគមន៍ចំពោះអតីតអភិបាលរងស្រុកគីរីវង់ និងបច្ចុប្បន្នជាអនុប្រធានគណបក្សប្រជាជនស្រុក ដែលបានសាងសង់សំណង់រឹងមួយកន្លែង រំលោភលើអូរប្រវត្តិសាស្ត្រដែលមានជាយូរយារណាស់មកហើយ សម្រាប់បង្ហូរទឹក និងបញ្ចៀសការលិចលង់ផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិកំពង់ទាំងមូល ដែលជាមរតកដូនតាបន្សល់ទុកមកដល់បច្ចុប្បន្ននេះ នៅពេលមានភ្លៀងជនម្តងៗ។
តំណាងឲ្យបងប្អូនប្រជាពលរដ្ឋ១១៧គ្រួសារ ដែលរស់នៅក្នុងភូមិកំពង់ លោក មិញ សុភាព នាយកសាលាបឋមសិក្សា សុខ អាន ទន្លាប់ បាននិយាយរៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ថា ចំពោះអូរប្រវត្តិសាស្ត្រនេះ ក្រុមប្រជាពលរដ្ឋធ្លាប់បានធ្វើការប្តឹងតវ៉ាជាច្រើនលើកច្រើនសាមកហើយ តែការប្តឹងផ្តល់នេះត្រូវបានតុលាការសម្រេចកាត់ក្តីឲ្យប្រជាពលរដ្ឋជាអ្នកចាញ់ទៅវិញ ទើបមកដល់ពេលនេះ លោក ម៉េង សុខុម ដែលជាអនុស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកគីរីវង់ ចាប់ផ្ដើមសាងសង់ និងបុកគ្រឹះចាក់ថ្មធ្វើជាសំណង់រឹងនៅចំណុចពីមុខលូស្ពានឆ្លងកាត់ផ្លូវជាតិលេខ២នេះតែម្តង ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋផ្ទុះការតវ៉ាសាជាថ្មីម្តងទៀត ដោយសារតែពួកគាត់មានកង្វល់កើតទុក្ខមិនសុខចិត្តលើការសាងសង់សំណង់រឹងបិទមាត់លូបង្ហូរទឹកនេះ។
លោក មិញ សុភាព បាននិយាយទៀតថា ការធ្វើសំណង់នេះ ពិតជាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាក់ជាមិនខាន ព្រោះកន្លងមក អូរបង្ហូរទឹកនេះជាផ្លូវទឹកមួយដ៏សំខាន់សម្រាប់បញ្ចៀសការជន់លិចផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋរាប់រយគ្រួសារ។
សូមបញ្ជាក់ផងដែរថា បងប្អូនប្រជាពលរដ្ឋចំនួន១១៧គ្រួសារ បានដាក់ពាក្យបណ្ដឹងតវ៉ាទៅ ឯកឧត្ដម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវរួចហើយ ដើម្បីឲ្យឯកឧត្ដមជួយអន្តរាគមន៍ និងដោះស្រាយជួយដល់ពួកគាត់។
ជុំវិញការតវ៉ានេះដែរ លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ បានប្រាប់អ្នកសារព័ត៌មានតាមរយៈខ្សែទូរស័ព្ទនៅថ្ងៃនេះដែរថា រូបលោកទើបតែទទួលបានដំណឹងនេះ រួចក៏បិទទូរស័ព្ទទៅដោយមិនបានធ្វើការបកស្រាយលំអិតនោះទេ ខណៈដែលរឿងនេះមានការក្ដីក្ដាំគ្នាជាច្រើនលើកច្រើនសាមកហើយ៕
Source: Kampuchea Thmey Daily
0 Comments