សៀមរាប ៖ ថ្លែងនៅក្នុងពិធីមហាសន្និបាតប្រចាំឆ្នាំលើកទី២២ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករលីមីតធីត បានគូសបញ្ជាក់ពីលទ្ធផលដែលសម្រេចបានសំខាន់ៗដែលរួមមាន ការផ្តល់សេវាឥណទាន គឺសម្រេចបានក្នុងអត្រាកំណើន ៣១.២៨% ដោយកើនឡើងពី ៥៧៦.៨៨ លានដុល្លារ ក្នុងឆ្នាំ២០១៧ ទៅដល់ ៧៥៧.៣២លានដុល្លារក្នុងឆ្នាំ២០១៨។
លោក ហួត អៀងតុង បញ្ជាក់ថា ចំណែកសមតុល្យប្រាក់បញ្ញើសន្សំសម្រេចបានក្នុងអត្រាកំណើន ៣០.៦២% ដោយកើនឡើងពី ៣៦៧.៣៥ លានដុល្លារ ក្នុងឆ្នាំ២០១៧ ទៅដល់ ៤៨០.១០លានដុល្លារក្នុងឆ្នាំ២០១៨។ លើសពីនេះទៅទៀត ហត្ថាកសិករ បានក្លាយទៅជាស្ថាប័នទី១ ដែលបានបោះផ្សាយនូវសញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ា ហួត អៀងតុង បានមានប្រសាសន៍ថា “ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ ថ្នាក់គ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ហត្ថាកសិករ បានខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្ររហូតដល់សម្រេចបាននូវអត្រាកំណើនជាង៣០% ទៅលើការផ្តល់ឥណទាន និងប្រមូលប្រាក់បញ្ញើសន្សំពីអតិថិជន”។ ហើយផែនការ សម្រាប់ឆ្នាំ២០១៩ យើងមានផែនការយុទ្ធសាស្ត្រធំៗជាច្រើន ដើម្បីបុគ្គលិកយកទៅអនុវត្តរួមមាន ៖ ធ្វើការជំរុញកំណើន នៃការផ្តល់ សេវាឥណទាន និងការប្រមូលប្រាក់បញ្ញើសន្សំ តាមរយៈការបង្កើតនូវផលិតផលថ្មីៗបន្ថែមទៀត ដើម្បីចាប់យកចំណែក ទីផ្សារថ្មី ធ្វើការជំរុញកំណើននៃការណែនាំសេវាធានារ៉ាប់រង ធ្វើវឌ្ឍនភាពលើសេវាធនាគារចល័ត និងធ្វើការពង្រឹងសុវត្ថិភាព លើប្រព័ន្ធព័ត៌មានវិទ្យាជាដើម។
សន្និបាតលើកទី២២នេះ បានប្រព្រឹត្តិទៅនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលសន្និសីទសុខាខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រង និងបុគ្គលិកសំខាន់ៗប្រមាណជិត ៤០០នាក់ មកពីសាខាគ្រប់ខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា។
មហាសន្និបាត រៀបចំឡើងក្នុងគោលបំណងបង្ហាញនូវភាពជោគជ័យ និងសមិទ្ធផលនានា ដែលសម្រេចបាន ព្រមទាំង ដើម្បីដកស្រង់បទពិសោធន៍ដែលបានជួបប្រទះ លើការអនុវត្តផែនការអាជីវកម្មកាលពីឆ្នាំកន្លងទៅ និងដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់ស្ថាប័នសម្រាប់ឆ្នាំ លើសពីនេះ លោកប្រធានអគ្គនាយកបានលើកឡើងពីភាពជោគជ័យផ្សេងៗទៀតដូចជា ការណែនាំសេវាធានារ៉ាប់រង សេវាធនាគារចល័ត សេវាអេធីអឹម និងសេវាបើកប្រាក់បៀវត្សរ៍ជាដើម ដែលការជោគជ័យទាំងអស់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ហត្ថាកសិករគ្រប់ជាន់ថ្នាក់។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករលីមីតធីតហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំពីសាធារណជនធំជាងគេ លំដាប់ទី៣ ដែលទទួលបាន អាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា និងបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំ មកហើយ។ ហត្ថាកសិករ បាននិងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា ៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស និងជាភ្នាក់ងារណែនាំសេវាធានា រ៉ាប់រងផងដែរ។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ ហត្ថាកសិករ មានសាខាសរុបចំនួន១៧៨ និងមានម៉ាស៊ីនអេធីអឹម ចំនួន១២៩គ្រឿង នៅទូទាំងប្រទេស។ ហត្ថាកសិករ មានសមតុល្យប្រាក់បញ្ញើសន្សំចំនួនជាង៤៨០លានដុល្លារអាមេរិក ជាមួយនឹងចំនួនអតិថិជនដាក់ប្រាក់បញ្ញើសន្សំជាង ២៣៥,០០០នាក់ និងផលប័ត្រឥណទានសរុបមានចំនួនជាង៧៥៧លានដុល្លារអាមេរិក ដោយមានអតិថិជនខ្ចីប្រាក់ឥណទានចំនួនជាង១៤៤,០០០នាក់។
នៅឆ្នាំ២០១៦ ហត្ថាកសិករ បានក្លាយជាបុត្រសម្ព័ន្ធ នៃធនាគារក្រុងស្រ៊ី ដែលជាធនាគារធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៍ និងជាសមាជិក នៃធនាគារ MUFG សម្ព័ន្ធធនាគារដែលធំជាងគេនៅប្រទេសជប៉ុន និងជាក្រុមហិរញ្ញវត្ថុ ធំបំផុតមួយនៅក្នុងពិភពលោក៕
Source: Kampuchea Thmey Daily
0 Comments