Ad Code

រយៈពេល​៤​ថ្ងៃ​ នៃ​បុណ្យចូលឆ្នាំ​ចិន​ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៦៧​លើក​ ស្លាប់​៣៦​នាក់​



​ភ្នំពេញ ​៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា រយៈពេល​៤​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី ចិន វៀតណាម គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង៦៧​លើក បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣៦​នាក់ រងរបួស​សរុប៨៩​នាក់ ក្នុងនោះ​របួសធ្ងន់៦៦​នាក់ និង​របួសស្រាល២៣​នាក់។​

ដោយឡែក សម្រាប់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន១៥​លើក ( យប់៦​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៧​នាក់ ( ស្រី១​នាក់ ) រងរបួស​ធ្ងន់១៥​នាក់ ( ស្រី៥​នាក់ ) និង​រងរបួស​ស្រាល ៩​នាក់ ( ស្រី៦​នាក់ ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព១៣​នាក់ ( យប់៤​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៨​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន១៩​គ្រឿង រថយន្ត​ធុន​តូច ចំនួន៥​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ១​គ្រឿង យាន​ផ្សេងៗ ចំនួន៣​គ្រឿង និង​អ្នក​ថ្មើរជើង ចំនួន១​នាក់។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន៧​លើក ( ស្លាប់២​នាក់ ) , មិន​គោរព​សិទ្ធិ ២​លើក ( ស្លាប់១​នាក់ ) , មិន​ប្រកាន់​ស្តាំ៤​លើក ( ស្លាប់២​លើក ) ,និង​ប្រជែង​គ្រោះថ្នាក់២​លើក ( ស្លាប់២​នាក់ )។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៦​លើក ផ្លូវ​ខេត្ត ចំនួន៨​លើក និង​ផ្លូវលំ ចំនួន១​លើក ។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន១២​លើក រថយន្ត​ធុន​តូច ចំនួន១​លើក រថយន្ត​ធុន​ធំ ចំនួន១​លើក និង​អ្នក​ថ្មើរជើង ចំនួន១​លើក។

រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ស្ពឺ២​លើក ស្លាប់២​នាក់ របួស ១​នាក់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ១​លើក ស្លាប់២​នាក់ របួស១​នាក់ រាជធានី​ភ្នំពេញ៤​លើក ស្លាប់១​នាក់ របួស៥​នាក់ ( ស្រី២​នាក់ ) ខេត្តកោះកុង ១​លើក ស្លាប់១​នាក់ ( ស្រី ) របួស១​នាក់ និង​ខេត្ត​មណ្ឌលគីរី ១​លើក ស្លាប់១​នាក់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu