ករណីកើតមានជំងឺកញ្ជ្រឹលមួយ ត្រូវបានប្រកាសនៅឯក្រុង Metro Manila ប្រទេសហ្វីលីពីន នេះបើយោងតាមការឲ្យដឹងពីក្រសួងសុខាភិបាល (DOH) របស់ប្រទេសកាលពីថ្ងៃពុធ។
រហូតមកទល់នឹងថ្ងៃសៅរ៍សប្តាហ៍ចុងក្រោយនេះ យ៉ាងហោចក៏មាន៨៦១ករណីដែលជាប់ការសង្ស័យថាជាជំងឺកញ្ជ្រឹលត្រូវបានរាយការណ៍នៅទូទាំងតំបន់នៃរដ្ឋធានីរបស់ប្រទេសហ្វីលីពីន។
នេះជាការលើកឡើងដោយអនុរដ្ឋលេខាធិការក្រសួងសុខាភិបាលហ្វីលីពីនលោក Eric Domingo ដែលរាយការណ៍ដោយ CNN ហ្វីលីពីន។
គិតមកដល់ពេលព្រឹកថ្ងៃអង្គារ កុមារ៧នាក់ បានបាត់បង់ជីវិត ក្នុងរយៈពេល១ថ្ងៃដោយសាររោគកញ្ជ្រឹលនៅមន្ទីរពេទ្យ San Lazaroក្រុង Manila ខណៈកុមារយ៉ាងហោច២៤៨នាក់ទៀតកំពុងទទួលបានការព្យាបាលជំងឺនេះ។ នេះបើយោងតាមរបាយការណ៍ធ្វើឡើងដោយ ABS-CBN ។
ចំនួននៃករណីកើនឡើងយ៉ាងខ្ពស់និងលឿននេះជាការលើកពីលោកDomingo ប៉ុន្តែលោកបានធានាដល់សាធារណជនថា អាជ្ញាធរកំពុងតែឆ្លើយតបយ៉ាងបន្ទាន់ចំពោះករណីកើតមានជំងឺកញ្ជ្រឹលនេះ។
បើគ្រាន់តែស្ថិតនៅចន្លោះពីថ្ងៃទី១ដល់ថ្ងៃទី១៩ ខែមករានោះ ការកើតមានជំងឺកញ្ជ្រឹលឡើងដល់១៩៦ករណីជាប់កំណត់ត្រានៅក្នុងតំបន់រដ្ឋធានីទៅហើយ។
នៅឆ្នាំ២០១៨ជំងឺកញ្ជ្រឹលមាន៣.៦៤៦ករណី ត្រូវបានជាប់កំណត់ត្រានៅក្នុងតំបន់ដដែលនេះបើប្រៀបទៅនឹងឆ្នាំ២០១៧ កញ្ជ្រឹលនៅក្រុង Manila មានតែត្រឹម៣៥១ករណីប៉ុណ្ណោះ៕
ស៊ី.អិន.អេ
Source: Kampuchea Thmey Daily
0 Comments