កំពង់ឆ្នាំង ៖ លោក សាំង គឹមស៊ន មេឃុំឆ្នូកទ្រ ស្រុកបរិបូរណ៍ និងជាសមាជិកការងារចម្រុះបម្លាស់ទីផ្ទះទឹកស្រុកបរិបូរណ៍ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ បាននិយាយឲ្យដឹងថា អនុវត្តន៍តាមផែនការរបស់គណៈកម្មការបម្លាស់ទីផ្ទះទឹកថ្នាក់ខេត្ត បានកំណត់ឲ្យប្រជាពលរដ្ឋដែលមានបែរចិញ្ចឹមត្រីបណ្តែតលើទឹកក្នុងទន្លេចំនួន១២២បែរ ស្ថិតក្នុងឃុំឆ្នូកទ្រូ ត្រូវកាត់ដំបូលបែរត្រីឲ្យអស់នៅចុងខែកុម្ភៈនេះ។
លោកមេឃុំបានបញ្ជាក់ថា ផែនការខាងលើនេះ សំដៅមិនឲ្យមានប្រជាពលរដ្ឋតាំងលំនៅដ្ឋានលើផ្ទះបណ្តែតទឹក ដែលជាហេតុបង្កឲ្យមានកាកសំណល់នានា ពិសេសបង្គន់ លាមក ចាក់ចូលក្នុងទន្លេដែលបង្កឲ្យមានការបំពុលបរិស្ថានក្នុងទឹក ប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋទូទៅ។
យោងតាមផែនការខាងលើនេះ អាជ្ញាធរឃុំ ក៏ដូចជាក្រុមការងារចម្រុះ ក៏បានធ្វើការចែកចាយលិខិតជូនដំណឹងនេះរបស់លោកអភិបាលស្រុកបរិបូណ៌ ប្រធានគណៈកម្មការបម្លាស់ទីផ្ទះទឹក ស្រុកបរិបូណ៌ ជូនដល់ប្រជាពលរដ្ឋជាម្ចាស់បែរត្រីចំនួន១២២បែរ នៅក្នុងភូមិឆ្នូកទ្រូ បានរួចរាល់ហើយ នៅចុងខែមករានេះ ដើម្បីឲ្យប្រជាពលរដ្ឋសហការអនុវត្តផែនការខាងលើនេះឲ្យទទួលបានជោគជ័យ ដើម្បីឲ្យទឹកទន្លេមានបរិស្ថានល្អ និងដើម្បីចូលរួមអបអរសាទរការធ្វើបុណ្យទន្លេ លើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងខែមិនាខាងមុខនេះ។
លោកមេឃុំឆ្នូកទ្រូបានបញ្ជាក់ឲ្យដឹងទៀតថា ឃុំឆ្នូកទ្រូមានភូមិចំណុះចំនួន៣ភូមិ ដែលមានប្រជាពលរដ្ឋសរុបចំនួន១២០០គ្រួសារ និងភាគច្រើន រស់នៅលើផ្ទះបណ្តែតទឹកក្នុងទន្លេ។
អនុវត្តតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល គណៈកម្មាធិការបម្លាស់ទីផ្ទះទឹកថ្នាក់ខេត្ត និងស្រុក បានធ្វើការបម្លាស់ទីផ្ទះទឹករបស់ប្រជាពលរដ្ឋឲ្យឡើងរស់នៅលើកគោកបាន៩០%រួចហើយ នៅក្នុងបំណាច់ឆ្នាំ២០១៨ កន្លងមកនេះ។ ដោយឡែក នៅសល់១០%ទៀត គឺជាបែរចិញ្ចឹមត្រីបណ្តែតលើទឹក ដែលមានផ្ទះប្រជាពលរដ្ឋរស់នៅលើបែរនេះ ដែលគណៈកម្មាធិការបម្លាស់ទីផ្ទះទឹកមិនអនុញ្ញាតឲ្យមានការស្នាក់នៅជាលក្ខណៈគ្រួសារនៅលើបែរចិញ្ចឹមត្រីនោះឡើយ ទើបតម្រូវឲ្យមានការកាត់ដំបូលលើបែរត្រីនេះចេញ។
ទាក់ទងនឹងផែនការខាងលើនេះ លោក ឃួន សៅរុំ អភិបាលស្រុកបរិបូណ៌ បានជំរុញឲ្យក្រុមការងារចម្រុះចុះធ្វើសកម្មភាពចាប់ពីដើមខែនេះ ដោយណែនាំឲ្យប្រជាពលរដ្ឋជាម្ចាស់បែរត្រីទាំង១២២បែរ ចាប់ពីថ្ងៃនេះទៅ ត្រូវចូលរួមអនុវត្តផែនការរបស់គណៈកម្មការបម្លាស់ទីផ្ទះទឹកថ្នាក់ខេត្ត ដោយត្រូវកាត់ដំបូលឲ្យបានអស់នៅបំណាច់ចុងខែកុម្ភៈនេះ។ ដោយឡែក ម្ចាស់បែរត្រី មិនអនុវត្តតាមសេចក្ដីជូនដំណឹងខាងលើនេះ ក្រុមការងារចម្រុះបម្លាស់ទីផ្ទះទឹក នឹងធ្វើសកម្មភាពចុះកាត់ដំបូកបែរត្រីនេះដោយផ្ទាល់ ដោយមិនទទួលខុសត្រូវក្នុងការបាក់បែកខូចខាតដំបូលទាំងនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments