បន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំប្រារព្ធទិវាទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ "ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្ដៅ" ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ លោកយឹម លី ប្រធានមន្ទីរបរិស្ថានខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ មន្ត្រីរាជការ មន្ទីរស្ថាប័នពាក់ព័ន្ធ រួមនឹងសិស្សានុសិស្សជាង១,០០០នាក់ បានចូលរួមផងដែរ។
ក្នុងកិច្ចប្រជុំនោះ បានធ្វើការសម្អាតតាមទីសាធារណៈ ក្នុងក្រុងសិរីសោភ័ណដើម្បីឲ្យមានភាពបៃតងជានិច្ច ស្របទៅនឹងពាក្យស្លោក " បរិស្ថានស្អាត នាំមកនូវផាសុកភាព"។
លោក យឹម លី បានមានប្រសាសន៍ថា សំរាម គឺ ជាអាវុធមួយអាចសម្លាប់មនុស្សយ៉ាងខ្លាំង បើមនុស្សមិនយកចិត្តទុកដាក់ក្នុងការវេច ខ្ចប់ សំអាតវាឲ្យបានត្រឹមត្រូវតាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬ ដោយប្រយោល គឺតាមការភាយក្លិនស្អុយ នៃសំរាមដែលរលួយជាដើម។
លោកក៏ទាមទារឲ្យមានការយល់ដឹង និងការចូលរួមពីសំណាក់ពលរដ្ឋគ្រប់រូបក្នុងការកាត់បន្ថយ នៃការ ប្រើប្រាស់ ឬលុបបំបាត់ការបោះចោល ថង់ប្លាស្ទិក សំបកស្នោ ឬសំរាមផ្សេងៗ ពាសវាលពាសកាល។
ក្នុងនោះ លោក អ៊ុំ រាត្រី បានមានប្រសាសន៍ក្នុងកិច្ចប្រជុំប្រារព្ធទិវាទីក្រុងស្អាត លើកទី៧ ក្រោមប្រធានបទ "ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅ" ឆ្នាំ២០១៩ ថា វិស័យទេសចរណ៍រីកចម្រើនទៅបាន លុះត្រាណាតែកន្លែង ខេត្ត ឬប្រទេសនោះ គ្មានសំរាម ព្រោះសំរាមបង្កផលប៉ះពាល់ដោយផ្ទាល់ ឬ ដោយប្រយោលតាមរយៈការភាយក្លិនស្អុយ នៃសំរាមដែលរលួយចេញមកពីការបោះចោលសំរាមពាសវាលពាសកាល។
ពោលគឺ ទេសចរណ៍ និងបរិស្ថាន ទាល់តែជាបងប្អូនទាំងអស់គ្នាជួយគ្នាសំអាតបរិស្ថានដោយស្មោះត្រង់ ទើបអាចជាសផុតពីបរស្ថានស្អុយរលួយនោះបាន៕
Source: Kampuchea Thmey Daily
0 Comments