Ad Code

ពលរដ្ឋ​ត្អូញត្អែរ អំពី​តម្លៃ​ម្រេច​ស្ងួត ចុះថ្លៃ​យ៉ាង​គំហុក ​នៅលើ​ទីផ្សារ​



​បាត់ដំបង ៖ កសិផល​ម្រេច​ខ្មៅ ( ម្រេច​ស្ងួត ) ក្នុង​ខេត្តបាត់ដំបង បាន​ចុះថ្លៃ​យ៉ាង​គំហុក​នៅលើ​ទីផ្សារ ស្ទើរតែ​ធ្វើឲ្យ​​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ចម្ការ​ម្រេច​លក់​ផ្ទះសម្បែង និង​លក់​ដី​កេរ្តិ៍​អាករ ដើម្បី​បង់​លុយ​ឲ្យ​ធនាគារ ដោយសារតែ​ពួកគាត់​បាន​បង្វិល​លុយ​ទាំងនេះ​យក​មក​ប្រកបមុខរបរ​ដាំ​ដំណាំ​ម្រេច។​

​ស្ត្រី​ម្នាក់ ​ឈ្មោះ សុខ ប៊ី​ន អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កញ្ចាំង ឃុំ​ស៊ុ​ង ស្រុក​សំឡូត​ ខេត្ត​បាត់ដំបង បាន​រៀបរាប់​ថា រូបគាត់​ និង​បងប្អូន នាំគ្នា​ដាំ​ដំណាំ​ម្រេច​នេះ​អស់​រយៈពេល​២ ទៅ​៣​ឆ្នាំ​ហើយ ពិសេស​គឺ​អ្នក​ស្រុក​សំឡូត​ភាគច្រើន បាន​ប្រកប​មុខរបរ​នេះ​ដូចគ្នា។​

​គាត់​បាន​បន្តថា នៅ​ឆ្នាំនេះ ​អ្នក​ដាំ​ដំណាំ​ម្រេច​កំពុងតែ​លង់ខ្លួន​ហើយ ដោយសារ​តែ​ម្រេច​ខ្មៅ ( ម្រេច​ស្ងួត ) មានការ​ធ្លាក់​ថ្លៃ​យ៉ាងខ្លាំង ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ គឺ​ធ្លាក់​ចុះ​ពាក់កណ្ដាល បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​មួយចំនួន នៅក្នុង​ស្រុក​សំឡូត​កំពុង​ប្រកាស​លក់​ដី​ខ្លះៗ​ហើយ ដើម្បី​ប្រមែប្រមូល​លុយ​កាក់​បង់​ឲ្យ​ធនាគារ​ដែល​ខ្លួន​បាន​យក​មក​ប្រកបមុខរបរ​នេះ។​

​ដោយឡែក​ស្ត្រី​ ឈ្មោះ តេង សោភា អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ស៊ុ​ង​១ ឃុំ​ស៊ុ​ង​ ស្រុក​សំឡូត ​ដូចគ្នា បាន​និយាយ​ថា នៅ​ស្រុក​សំឡូត សឹងតែ​៩៩​ភាគរយ​ទៅហើយ ​ដែល​ប្រកបមុខរបរ​ដាំ​ដើម​ម្រេច​នេះ ដោយ​គ្រាន់តែ​តិច និង ច្រើនតែ​ប៉ុណ្ណោះ។​

​ដោយឡែក​ចំពោះ​រូបគាត់​បាន​ដាំ​ដើម​ម្រេច​បាន​១.៥០០​ជន្លង់ គឺ​ពី​ឆ្នាំមុន​ តម្លៃ​ម្រេច​ស្ងួត​លេខ​១ បាន​ដល់​ទៅ​១៤.០០០​រៀល ក្នុង​១​គីឡូក្រាម និង​ចុះ​ជា​បណ្ដើរ រហូតដល់​ចុងដៃ គឺ​នៅសល់​ត្រឹម ១០.៩០០​រៀល ដោយមាន​ឈ្មួញ​ខ្មែរ​ជា​អ្នក​ចុះ​ប្រមូល​ទិញ​ ហើយ​បញ្ជូន​ទៅ​ឲ្យ​មេ​ឈ្មួញ​វៀតណាម និង​ឈ្មួញ​ថៃ។ លុះ​មកដល់​ឆ្នាំនេះ ​តម្លៃ​ម្រេច​លេច​១ ចាប់ពី​ដើមដៃ ​បាន​មិន​ដល់​១០.០០០​រៀល​ផង ហើយ​បច្ចុប្បន្ននេះ គឺ​នៅ​ដល់​ត្រឹម​៧.៥០០​រៀល​តែប៉ុណ្ណោះ គឺ​មានន័យថា ធ្លាក់​ថ្លៃ​ស្ទើរ​ពាក់កណ្ដាល បើ​ប្រៀបធៀប​ពី​ឆ្នាំមុន។​

​បច្ចុប្បន្ន​នេះ ប្រជាកសិករ​ដែល​ប្រកបមុខរបរ​ដាំ​ដំណាំ​ម្រេច​នេះ បាន​សំណូមពរ​ដល់​ប្រមុខ​រាជរដ្ឋា​ភិបាល ពិសេស​គឺ​ក្រសួង​ពាក់ព័ន្ធ មេត្តា​ធ្វើយ៉ាងណា​ជួយ​រក​ទីផ្សារ​ម្រេច​ស្ងួត​នេះ​ផង ព្រោះ​អី​ពលរដ្ឋ​មួយចំនួន​កំពុង​ប្រកាស​លក់​ដី​បណ្តើរៗ​ហើយ ដើម្បី​ដោះ​បំណុល​ធនាគារ ព្រោះ​អី​តម្លៃ​នេះ​វា​ខាត​ទាំង​ស្រុង​តែម្ដង​។ ចំណែក​ម្រេច​ខ្ចី​បច្ចុប្បន្ន​ គឺ​នៅ​ថេរ​ត្រឹម ៣.៥០០​រៀល៕


 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu