អតីតកីឡាករគុនខ្មែរ៤នាក់ គឺ លោក អេ ភូថង លោក ឡុង សាលវ័ន្ត លោក សេន ប៊ុនថេន និង លោក ឡៅ ស៊ីណាត បានក្លាយជាគ្រូបង្វឹកជម្រើសជាតិប្រចាំ ឆ្នាំ២០១៩ បន្ទាប់ពីការជ្រើសរើស ដោយការបោះឆ្នោតនោះ។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំ និងជ្រើសរើសកីឡាករប្រដាល់គុនខ្មែរក្រុមជម្រើសជាតិឈុតធំ ឈុតតូច(ថ្នាល់សម្រាប់ឆ្នាំ២០២៣) និង គ្រូបង្វឹកប្រចាំឆ្នាំ២០១៩ ដោយមានការអញ្ជើញពីលោកឧត្ដមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង សមាជិកប្រតិបត្តិ ព្រមទាំងតំណាងក្លិបជាង៣០នោះ។
លោក តែម ម៉ឺនបានមានប្រសាសន៍ថា សម្រាប់ការជ្រើសរើសគ្រូបង្វឹកជម្រើសជាតិ ឈុតធំ ឈុតតូច(ថ្នាលសម្រាប់ឆ្នាំ២០២៣) គណៈកម្មការធ្វើតាមច្បាប់របស់សហព័ន្ធ ដោយឲ្យមានបេក្ខជនឈរតាមការស្ម័គ្រចិត្ត ក្នុងនោះមានចំនួន៥នាក់ ក្រោយពីធ្វើការបោះឆ្នោតរើសបាន២នាក់ គឺ លោក អេ ភូថង និង លោក ឡុង សាលវ័ន្ត ក្លាយជាគ្រូបង្វឹកដដែល។
ចំណែកឈុតតូច (ថ្នាល់សម្រាប់ឆ្នាំ២០២៣) មិនខុសពីឈុតធំឡើយ ក៏រើសបាន២នាក់ដែរ គឺលោកសេន ប៊ុនថេន និងលោក ឡៅ ស៊ីណាត ហើយលោកគ្រូ៤នាក់បានប្ដេជ្ញាថា នឹងខិតខំប្រែងប្រឹងឲ្យអស់ចិត្តក្នុងហ្វឹកហាត់កូនសិស្ស ឲ្យដណ្តើមបានមេដាយលើឆាកអន្តរជាតិជូនសហព័ន្ធ ជាពិសេសប្រទេសកម្ពុជាទាំងមូលតែម្តង។
ដោយឡែក ក្រុមកីឡាករជម្រើសជាតិគុនខ្មែរឈុតធំ គណៈកម្មការជ្រើសរើសតាមការប្រកួតកីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលបានកំណត់ប្រភេទទម្ងន់ គឺកីឡាករ ឃុន ឌីម៉ា កីឡាករ ឡៅ ចន្ត្រា កីឡាករ ហ៊ឹម សេរី កីឡាករ ជា ចំរើន កីឡាករតាញ់ មករា កីឡាករ ហ៊ឹម គឹមរៀង កីឡាករ ផល សោភ័ណ្ឌ និង កីឡាករ ឈុត សេរីវ៉ាន់ថង។
រីឯឈុតតូច(ថ្នាលសម្រាប់ឆ្នាំ២០២៣) រួមមានកីឡាករ សូត្រ វាសនា កីឡាករ រិន ដេវីត កីឡាករអេ អាំម៉ារីន កីឡាករ យិប ឌុក កីឡាករ សិច សុភី កីឡាករ រុន សាវ និងកីឡាករ សែត ពិសិដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments