ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២កុម្ភៈនេះ បានកោះអញ្ជើញវិស័យ ឯកជនក្រុមហ៊ុនប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមម៉ូតូកង់៣សព្វថ្ងៃ ក្នុងរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីជជែកគ្នាស្វែងរកវិធានការជាក់លាក់មួយក្នុងការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនអ្នកដំណើរតាមម៉ូតូកង់៣ ក្រោយពីកើតមានបញ្ហាប្រឈមជាច្រើននាពេលថ្មីៗនេះ ដែលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងទីក្រុងភ្នំពេញ។
មានក្រុមហ៊ុនចំនួន៣កំពុងរកស៊ីតាមរយៈមធ្យោបាយធ្វើដំណើរដោយម៉ូតូកង់៣ ក្នុងរាជធានីភ្នំពេញសព្វថ្ងៃ គឺក្រុមហ៊ុនPassApp .Grab និងក្រុមហ៊ុនWe go។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា ប៉ុន្មានថ្ងៃ មកនេះ បានកើតមានបញ្ហាប្រឈមមួយចំនួនដែលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ ពិសេសកើតមានបាតុភាពអ្នករត់ម៉ូតូកង់៣ បៀតបៀនរាងកាយអ្នកដំណើរថែមទៀត និងបញ្ហាសន្តិសុខផ្ទាល់ខ្លួនរបស់អ្នកដំណើរជាដើម។
លោកបន្តថា ការគ្រប់គ្រងម៉ូតូកង់៣នេះ មិនអាចព្រលែងបានទេ ព្រោះវាប៉ះពាល់ដល់សន្តិសុខសាធារណៈ។
មន្ត្រីជំនាញបញ្ជាក់ថា ចាប់ពីឥឡូវនេះ ទៅបងប្អូនអ្នកប្រកបរបររត់ម៉ូតូកង់៣ ដែលមានសរុប២៤.៤២៩គ្រឿង ដែលកំពុងប្រកបរបរដឹកជញ្ជូន អ្នកដំណើរសព្វថ្ងៃនៅរាជធានីភ្នំពេញទាំងក្រុមហ៊ុន ឬសមាគមតម្រូវឲ្យអ្នករត់ម៉ូតូកង់៣ទាំងអស់ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាល។
ម៉ូតូកង់៣ទាំងអស់ ត្រូវតែមានបិទរូបថត,មានអត្តសញ្ញាណប័ណ្ណ,លេខទូរស័ព្ទក្រុមហ៊ុន,មានប័ណ្ណបើកបរ បិទនៅជញ្ជាំងម៉ូតូចំពីមុខអ្នកជិះ និងត្រូវមានការចុះបញ្ជីត្រឹមត្រូវ និងមិនឲ្យមានម៉ូតូកង់៣រត់លើផ្លូវដោយគ្មានស្លាកលេខនោះឡើយ។
ជាមួយគ្នានេះគេសង្កេតឃើញថា ចំពោះម៉ូតូកង់៣រត់តាមរយៈសមាគម ឬក្រុមហ៊ុនមិនមានបញ្ហាអីទេ។ តែសម្រាប់ម៉ូតូដែលជួលពីក្រុមហ៊ុន ឬម៉ូតូកង់៣ឯកជនច្រើនមានបញ្ហា និងមានរឿងច្រើនប៉ះពាល់ដល់អ្នកជិះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យអ្នករត់ម៉ូតូកង់៣ទៅធ្វើស្លាកលេខដោយមិនយកប្រាក់ តែពេលនេះលែងមានការអនុគ្រោះទៀតហើយ ព្រោះការអប់រំក៏យូរល្មមហើយដែរ រួមទាំងវិធានការដកហូតវិទ្យុទាក់ទងពីអ្នករត់ម៉ូតូកង់៣ដែលប្រើប្រាស់បែបអនាធិបតេយ្យ មិនមែនជាសមត្ថកិច្ចដែលត្រូវប្រើប្រាស់៕
Source: Kampuchea Thmey Daily
0 Comments