Ad Code

សម្តេច​តេ​ជោ បង្ហាញ​ឃ្លា​បទ​ចម្រៀង “​ទទា​យំ​ឆ្លង ត្រ​យ៉ង​បង​អើយ​អត់​ឆ្លើយ​...”



ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​ឃ្លា​នៃ​បទ​ចម្រៀង “​ទទា​យំ​ឆ្លង​” ដែល​ឃ្លា​នៃ​បទ​ចម្រៀង​នេះ​មាន​អត្ថន័យ​ពាក់ព័ន្ធ​ទៅ​និង​ការឆ្លើយ​ឆ្លង​គ្នា​នៃ​គូសង្សារ​មួយគូ តែ​ក៏ត្រូវ​ឃ្លាត​គ្នា ហើយ​ពេល​សន្យា​ក៏​ពុំ​បានមក ខាង​ស្រី​រង់ចាំ​ខាង​ប្រុស​និង​សួរថា​ភ្លេច​អូន​ឬ​នៅ ? ចំណែក​ខាង​ស្រី​មិនអាច​ទៅបាន​ដោយសារតែ​ស្ពាន​ក៏​បាក់​ទឹក​ក៏​ជ្រៅ ។ ក៏ប៉ុន្តែ​ឃ្លា​នៃ​បទ​ចម្រៀង​ដែល សម្តេច​តេ​ជោ ហ៊ុន សែន តែង​នៅពេលនេះ គឺមាន​អត្ថន័យ​ខុស​ពីបទ​ចម្រៀង​នោះ ដោយ​ចង់​បញ្ជាក់ថា​ទោះបី​ទទា​យំ​ឆ្លង​យ៉ាងណា​ក៏​ត្រ​យ៉ង​មិន​ឆ្លើយ និង ដោយសារ​ចិត្ត​បង​ខ្មៅ​។ ដូចនេះ​ស្ពាន​ក៏​បាក់​ទឹក​ក៏​ជ្រៅ​ធ្វើ​ម្តេច​បាន​ទៅតាម​កិច្ចសន្យា​។​

សំណេរ​នៃ​ឃ្លា​បទ​ចម្រៀង​របស់​សម្តេច​ទាំងស្រុង​មាន​ដូចតទៅ​៖«​ទទា​យំ​ឆ្លង​ត្រ​យ៉ង​បង​អើយ​អត់​ឆ្លើយ​.(​ពីរដង​)​សង្សារ​បង​អើយ​ដល់ពេល​ហើយ​ឬ​នៅ​?.​។​ចិត្ត​អូន​ចិត្តដាច់​ដោយសារ​ចិត្ត​បង​ចិត្តខ្មៅ​.(​ពីរដង​)​ស្ពាន​ក៏​បាក់​ទឹក​ក៏​ជ្រៅ​ធ្វើ​ម្តេច​បាន​ទៅតាម​កិច្ចសន្យា​»​។​

ចុងក្រោយ​នៃ​សំណេរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានសរសេរថា​កវី​ឆ្នេរសមុទ្រ​សុំ​ការយោគយល់​ពី​បងប្អូន​ជនរួមជាតិ​។​

បើ​យោងតាម​អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​គេ​អាច​យល់បាន​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន កំពុងតែ​ចង់ ប្រាប់​ទៅ​មនុស្ស​ម្នាក់​ដែល​បាន​សន្យា​ជាមួយ​សម្តេច ដោយ​មានការ​ភ្នាល់​គ្នា​ទៀតផង ហើយ​ជន​នោះ​គឺ​គ្មាន អ្នកណា​ក្រៅពី​ទណ្ឌិត សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​នោះទេ​។​

គេ​នៅ​ចាំបាន​ថា ទណ្ឌិត សម រង្ស៊ី កាលពី​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ​បានប្រកាស​តាម​បណ្តាញ​សង្គម​Facebook ផ្លូវការ​របស់ខ្លួន​ប​បួល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ភ្នាល់​គ្នា​លើ​ករណី​ការដោះលែង​លោក កឹម សុខា ហើយ​ការ​ភ្នាល់​នេះ​ដាក់ថា «​បើសិន​មានការ​ដោះលែង កឹម សុខា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ឬ​យ៉ាងយូរ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩​ខាងមុខនេះ​, សម្តេច​តេ​ជោ​នឹង​ចុះ​ចេញពី​តំណែង​តែបើ​មិនមាន​ការដោះលែង​ទេនោះ សម រង្ស៊ី នឹងត្រូវ​ចូល​ឲ្យ​ចាប់ខ្លួន​»​។​

បើ​គិត​ត្រឹម​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ នៅសល់​រយៈពេល​តែ​២៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់ពេល​កំណត់​នៃ​ការ​ភ្នាល់​នោះ​ហើយ ដូចនេះ​ទណ្ឌិត សម រង្ស៊ី បើ​មិន​ខ្លាច​អាម៉ាស់មុខ និង សម្លាប់​ជីវិត​នយោបាយ​របស់ខ្លួន​ទេនោះ គួរ​ត្រៀមខ្លួន​ឲ្យ​វិល​ចូល​ស្រុក​ឲ្យ​ចាប់ខ្លួន​ដូច​ការសន្យា ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គុក​សម្រាប់​សម រង្ស៊ី បាន​ត្រៀម​រួចជាស្រេច​ទៅហើយ ។​

កាលពី​ថ្ងៃទី​០៩ វិច្ឆិកា ឆ្នាំ​២០១៨ បន្ទាប់ពី​សម រង្ស៊ី បបួល​ភ្នាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា​៖ «​ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី បើសិន​មានការ​ដោះលែង កឹម សុខា មែន​ខ្ញុំ ហ៊ុន សែន សុខចិត្ត​ចុះចេញ​ពី​តំណែង​តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី​, ប៉ុន្តែ​បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​វិញ​នោះ នៅ​ចន្លោះ​ពីថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩​ទេ​, លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់​ទទួលស្គាល់​ការ​ភ្នាល់​របស់ខ្លួន ដោយ​ចូលមក​ឲ្យ​ចាប់ខ្លួន ភ្លាមៗ​បន្ទាប់ពី​បញ្ចប់​ការ​ភ្នាល់​»​។​

កាលពី​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅក្នុង​ពិធី​ជួបជុំ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​Seattle​សហរដ្ឋអាមេរិក​លោក សម រង្ស៊ី បានប្រកាសថា​នឹង​ទៅកាន់​ប្រទេស​កម្ពុជា ដើម្បី​ចាប់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ផ្តួលរំលំ​របប​គ្រប់គ្រង​បច្ចុប្បន្ន​។​

ក៏ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​កម្ពុ​ជា​ហាក់​គ្មាន​ជំនឿ​ទៅលើ​ការសន្យា​របស់លោក សម រង្ស៊ី នោះទេ​។ ព្រោះ​វា​មិនមែនជា​លើក​ទី​១​សម្រាប់ ទណ្ឌិត​រូបនេះ​ទេ ។ តែ​ប្រសិនជា​ទណ្ឌិត​រូបនេះ​មក​មែន​ក៏​ព្រោះតែ​ខ្លាច ចាញ់​សម្បថ​តែប៉ុណ្ណោះ ហើយក៏​ដើម្បី​តែ​បន្តជីវិត​នយោបាយ​រប​ស់​ខ្លួន​បន្តទៀត ដោយសារ​ថា​ជីវិត​ន​យោ បាយ​របស់​ទណ្ឌិត សម រង្ស៊ី អាច​នឹងត្រូវ​បញ្ចប់​ដោយសារតែ​ភាព​កំសាកញី របស់ខ្លួន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​បាត់​ជំនឿ​លើ​ការសន្យា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu