ក្រុមអ្នកការទូតកាណាដាដែលទទួលរងបញ្ហាសុខភាពដ៏អាថ៌កំបាំងនៅពេល ដែលពួកគេត្រូវបានគេបញ្ជូនទៅប្រទេសគុយបាក្នុងឆ្នាំ២០១៧បានប្តឹងរដ្ឋាភិបាលក្រុងអូតាវ៉ាសម្រាប់ការចំណាយពេលយូរពេកដើម្បីជម្លៀសពួកគេនិងផ្តល់ការព្យាបាលដល់ពួកគេ។
មនុស្សចំនួន១៤នាក់រួមទាំងអ្នកការទូតនាពេលបច្ចុប្បន្ននិងអតីតកាល និងក្រុមគ្រួសាររបស់ពួកគេកំពុងស្វែងរកសំណងជាទឹកប្រាក់ចំនួន២៨លានដុល្លារកាណាដាស្មើនឹង២១លានដុល្លារអាមេរិកសម្រាប់ការខូចខាតពីរដ្ឋាភិបាលសហព័ន្ធ។
ពួកគេទាំងអស់បានវិលត្រលប់មកប្រទេសកាណាដាវិញសម្រាប់រយៈពេលមួយឆ្នាំប៉ុន្តែនៅតែទទួលរងនូវអ្វីដែលត្រូវបានគេស្គាល់ថា “រោគសញ្ញា Havana” ដែលជាជំងឺអាថ៌កំបាំងមួយមានរោគសញ្ញាដូចជាប្រកាំងខ្លាំងព្រមទាំងបញ្ហានៃការមើលឃើញនិងសោតវិញ្ញាណផងដែរ។
យោងតាមទូរទស្សន៍ CBC ដែលបានសម្ភាសន៍មនុស្ស៥នាក់ក្នុងចំណោមអ្នករងផលប៉ះពាល់ទាំងនោះបានឲ្យដឹងថា រោគសញ្ញាដំបូងបានលេចឡើងនៅនិទាឃរដូវឆ្នាំ២០១៧ប៉ុន្តែពួកគេ និយាយថា រដ្ឋាភិបាលក្រុងអូតាវ៉ាបានរង់ចាំរយៈពេលជាងមួយឆ្នាំមុនជួយអ្នកទាំងអស់នោះ។
នៅពេលត្រូវបានសាកសួរលើប្រធានបទនេះកាលពីថ្ងៃពុធខណៈលោកស្រីស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី Chrystia Freeland បាននិយាយថា សុវត្ថិភាពរបស់អ្នកការទូតទាំងអស់នៅតែជាអាទិភាពកំពូល។
លោកស្រីនិយាយថា “ខ្ញុំនឹងមិនធ្វើអត្ថាធិប្បាយលើចំណុចជាក់លាក់ទេប៉ុន្តែខ្ញុំចង់បញ្ជាក់សារជាថ្មីថា ខ្ញុំបានជួបជាមួយអ្នកការទូតទាំងនេះហើយខ្ញុំបាននិយាយទៅពួកគេថា សុខភាពនិងសុវត្ថិភាពរបស់ពួកគេត្រូវតែជាអាទិភាពរបស់យើងហើយពួកគេបានទទួលការអាណិតអាសូរនិងការព្រួយបារម្ភពីខ្ញុំ”។
កាលពីថ្ងៃទី៣០ខែមករា ប្រទេសកាណាដាបានប្រកាសថា ខ្លួនបានកាត់បន្ថយបុគ្គលិករបស់ខ្លួនប្រហែលពាក់កណ្តាលនៅស្ថានទូតដោយសារតែរោគសញ្ញាដែលមិនអាចពន្យល់បាន៕ AFP
Source: Kampuchea Thmey Daily
0 Comments