ភ្នំពេញ ៖ តារាកំប្លែងស្រី អ្នកនាង សុកាន់ដា ហៅ ខ្ញុង ថ្មីៗនេះ បានផ្ទុះកំហឹងចេញមុខព្រមានដល់បុគ្គលម្នាក់ ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលតារាស្រីរូបនេះ បានប្រកាសថា ខ្លួន នឹង អាចទម្លាយអត្តសញ្ញាណបុគ្គលរូបនោះជាសាធារណៈ ប្រសិនបើនៅតែបង្កបញ្ហានេះទៀត។
ការបញ្ចេញប្រតិកម្មរបស់តារាកំប្លែង ស្ថិតក្នុងក្រុម នាយ ពែកមី គឺអ្នកនាង ខ្ញុង នាពេលនេះ បានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់គ្នា។ មិនតែប៉ុណ្ណោះ ក៏មានការលើកឡើងជាសំណួរថា បុគ្គលភាគីជម្លោះនោះ ជាមនុស្សស្ថិតក្នុងរង្វង់សិល្បៈជាមួយគ្នា ឬមួយយ៉ាងណា?។ប៉ុន្តែគិតរហូតមកទល់ពេលនេះ អ្នកនាង ខ្ញុង នៅមិនទាន់បង្ហើបនៅឡើយទេ។
ចាប់អារម្មណ៍មកមើលសំណេរសរសេរភ្ជាប់ជាមួយវីដេអូ នៃការផ្ទុះកំហឹងរបស់ អ្នកនាង ខ្ញុង បានលើកឡើងថា ក្តៅចិត្តណាស់ហា ធ្វើមើលតែវាល្អណាស់អញ្ចឹង អាសំគិស ជេរប្រមាថគេ ហែងបានឡូវហើយហែង ស្មានតែទុកហែងធ្វើឪមែន ខឹងណាស់។ ហួសចិត្តហ្មង វាជេរប្រមាថគេហ្នឹង វាអត់មើលខ្លួនវារាល់ថ្ងៃនឹងថោកទាប ដល់កម្រិតណាទេ សង្វេគណាស់ ហា។
តារាកំប្លែង អ្នកនាង ខ្ញុង បានបន្តទៀតថា កាលពីប៉ុន្មានខែមុននេះ ខ្លួនបានទទួលកម្មវិធីមួយនៅថ្ងៃទី០២កុម្ភៈ ដើម្បីទៅច្រៀងនៅកោះធំ ពីមនុស្សម្នាក់(មិនទាន់បញ្ចេញឈ្មោះទេ) តែដោយសារនាងត្រូវចេញទៅថៃ ថ្ងៃទី៣កុម្ភៈ ក៏បានទូរស័ព្ទទៅសួរនាំបន្ថែមថា កម្មវិធីថ្ងៃទី០២កុម្ភៈនោះ នៅបន្តដំណើរការ ឬអត់? ប៉ុន្តែជាចម្លើយ ត្រូវបានបុគ្គលរូបនោះឆ្លើយថា អត់អីទេ គឺអត់មានកម្មវិធីឡើយ។
អ្នកនាង ខ្ញុង បាននិយាយទៀតថា រហូតដល់ថ្ងៃដែលខ្ញុំចេញទៅប្រទេសថៃនាថ្ងៃទី០១ ឬ២កុម្ភៈ ក៏ស្រាប់តែបុគ្គលម្នាក់នោះ បានផ្ញើសារតាមហ្វេសប៊ុកថា ខ្ញុំហ្នឹងថោកទាបម្ល៉េះ ទទួលកម្មវិធីគេហើយបែរជាមិនទៅច្រៀង…..។ ដូច្នេះ ខ្ញុំចង់ផ្តាំទៅបុគ្គលរូបនោះវិញថា មុនហ្នឹងខ្ញុំចេញទៅថៃ គឺបានទូរស័ព្ទទៅសួរនាំលោកឯងរួចហើយ តែកាលនោះលោកឯងឆ្លើយថា អត់មាន ហើយកុំប្រើអំណាច ឬសិទ្ធិជាអ្វីមកគំរាម គឺខ្ញុំមិនខ្វល់ទេ…។
តារាកំប្លែង អ្នកនាង ខ្ញុង បានបន្ថែមថា បុគ្គលម្នាក់នោះ មិនត្រឹមតែផ្ញើសារទៅគំរាមខ្លួននោះទេ គឺថែមទាំងឆាតចូលក្នុងគ្រុបហ្វេសប៊ុក បង្កឲ្យមានមិត្តភ័ក្ដិមួយចំនួនយល់ច្រឡំលើនាងទៀតផង។
លើសពីនេះ អ្នកនាង ខ្ញុង បញ្ជាក់ដែរថា ពេលនេះ នាងមិនទាន់បញ្ចេញឈ្មោះនោះទេ ប៉ុន្តែកុំធ្វើឲ្យមានរឿងកាន់តែធំ ឬខឹងជាងនេះ គឺនាងត្រូវតែបញ្ចេញឈ្មោះឲ្យល្បីផ្អើលមហាជនតែម្ដង៕
Source: Kampuchea Thmey Daily
0 Comments