អង្គការសហប្រជាជាតិបានបញ្ជាក់កាលពីថ្ងៃពុធថា រយៈពេល៤ឆ្នាំចុងក្រោយនេះ គឺជារយៈពេលក្តៅបំផុតចាប់តាំងពីកំណត់ត្រាសីតុណ្ហភាពពិភពលោកបានចាប់ផ្តើម។ UN បានបញ្ជាក់បែបនេះនៅក្នុងការវិភាគមួយដែលខ្លួននិយាយថាជាសញ្ញាច្បាស់លាស់នៃការបន្តការប្រែប្រួលអាកាសធាតុរយៈពេលវែង។
អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយកាលពីខែវិច្ឆិកាថា ឆ្នាំ២០១៨ត្រូវបានកំណត់ថាជាឆ្នាំក្តៅបំផុតទីបួននៅក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រាទុក។ អង្គការនេះក៏បានសង្កត់ធ្ងន់ផងដែរលើតម្រូវការចាំបាច់សម្រាប់សកម្មភាពទប់ស្កាត់ការឡើងកំដៅភពផែនដី។
កាលពីថ្ងៃពុធ អង្គការនេះបានដាក់បញ្ចូលសប្តាហ៍ចុងក្រោយនៃឆ្នាំមុនទៅក្នុងគំរូអាកាសធាតុរបស់ខ្លួនហើយបានសន្និដ្ឋានថា សីតុណ្ហភាពផ្ទៃសកលជាមធ្យមនៅក្នុងឆ្នាំ២០១៨គឺ១អង្សាសេខ្ពស់ជាងកម្រិតមូលដ្ឋានមុនឧស្សាហកម្ម។
ទោះបីជាយ៉ាងណាក៏ដោយ ឆ្នាំ២០១៦ដែលត្រូវបានជំរុញដោយបាតុភូត El Niño គឺនៅតែជាឆ្នាំក្តៅបំផុតក្នុងកំណត់ត្រា។ ឆ្នាំដែលមានភាពក្តៅបំផុតទាំង២០ក្នុងប្រវត្តិសាស្ត្របានកើតឡើងក្នុងរយៈពេល២២ឆ្នាំចុងក្រោយនេះ។
លោក Petteri Taalas អគ្គលេខាធិការ WMO បាននិយាយថា “និន្នាការសីតុណ្ហភាពរយៈពេលវែងគឺមានសារៈសំខាន់ជាងចំណាត់ថ្នាក់នៃឆ្នាំនីមួយៗហើយនិន្នាការនេះគឺជាការកើនឡើងមួយ។ កម្រិតនៃការឡើងកំដៅក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះគឺមានលក្ខណៈពិសេសនៅលើដីគោកនិងនៅក្នុងមហាសមុទ្រ”។
WMO បាននិយាយថា សីតុណ្ហភាពខ្លាំងក្លាក៏បានរួមចំណែកដល់ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរមួយចំនួនដូចជាខ្យល់ព្យុះ គ្រោះរាំងស្ងួតនិងទឹកជំនន់ភ្លាមៗផងដែរ។
ស្ថាប័នរបស់អង្គការសហប្រជាជាតិមួយនេះក៏បាននិយាយផងដែរថា ឆ្នាំ២០១៩បានទទួលផលប៉ះពាល់ដែលបន្សល់ទុកពីឆ្នាំ២០១៨ដោយប្រទេសអូស្ត្រាលីបានជួបប្រទះនូវខែមករាក្តៅបំផុតក្នុងកំណត់ត្រារបស់ខ្លួន។ វាបានព្រមានថា រលកកម្តៅខ្លាំងក៏នឹងកើតឡើងកាន់តែញឹកញាប់ដោយសារតែការប្រែប្រួលអាកាសធាតុផងដែរ។
គម្របទឹកកកសមុទ្រនៅតំបន់អាក់ទិកនិងអង់តាកទិកបានបង្ហាញពីកម្រិតទាបបំផុតលំដាប់ទី២។
ទន្ទឹមនឹងនេះដែរ មានគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុចំនួន១៤ដែលបង្កជាការខាតបង់ក្នុងចំនួនទឹកប្រាក់១ពាន់លានដុល្លារឬច្រើនជាងនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments