បន្ទាយមានជ័យ ៖ នាព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រុមគ្រួសាររបស់សព ឈ្មោះ អ៊ាន ឆោមភេទស្រី អាយុ៧៦ឆ្នាំ រស់នៅភូមិអណ្តូងខ្លុង ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាព កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ ដោយជរាពាធ បានទទួលអំណោយ និងថវិកាផ្ទាល់របស់ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តាមរយៈលោកឧត្ដមសេនីយ៍ត្រី គឹម ដូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត រួមជាមួយសហការី យកជូនទៅដល់ផ្ទះ អំណោយរួមមាន អង្ករ២ការុង ស្មើ១០០គីឡូក្រាម ទឹកស៊ីអ៊ីវ២យួរ ទឹកត្រី២យួរ ទឹកបរិសុទ្ធ២០យួរ មី៤កេស និងថវិកា ៥០០.០០០រៀលផងដែរ។
ក្នុងនោះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខរបស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃកន្លងមក លោកតែងតែឲ្យមេបញ្ជាការខេត្ត ក្រុងទាំងអស់ ត្រូវបន្តចុះជួយជួយឧបត្ថម្ភដល់គ្រួសារទុរគតគ្រួសារផ្ទុកមេរោគអេដស៍ និងកុមារកំព្រា និងគ្រួសារណាមានសមាជិកស្លាប់ ដោយគ្មានថវិកា ធ្វើបុណ្យឲ្យបានជាប្រចាំ។
ចុងក្រោយ ដោយមើលពីការលំបាករបស់ក្រុមគ្រួសារសព ឈ្មោះ អ៊ាន ឆោម ស្ទើរតែគ្មានលុយធ្វើបុណ្យសពនោះ ទើបលោកជួយឧបត្ថម្ភដល់គ្រួសារសព ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមការគួរ។
ក្នុងនោះដែរ ក្រុមគ្រួសារសព បានលើកម្រាមដៃដប់សូមបួងសួងដល់វត្ថុសក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់ និងថែរក្សាដល់ថ្នាក់ដឹកនាំ មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជាពិសេស គឺ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានជួយដល់ការងារសង្គម និងការពារសន្តិសុខដល់ប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់ ដើម្បីប្រជាពលរដ្ឋក្នុងតំបន់មានសុវត្ថិភាព។ សូមឲ្យលោកទាំងអស់មានសេចក្តីសុខក្នុងក្រុមគ្រួសារ និងមានសុខភាពល្អគ្រប់ៗគ្នាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments