តំណាងរាស្ត្រជាន់ខ្ពស់ពីររូបបាននិយាយនៅថ្ងៃសុក្រថា អាជ្ញាធរអូស្ត្រាលីកំពុងស៊ើបអង្កេតអំពីការប៉ុនប៉ង Hack ចូលទៅក្នុងបណ្តាញកុំព្យូទ័ររបស់សភាជាតិ ប៉ុន្តែមិនមានភស្តុតាងនៅឡើយទេថា ទិន្នន័យណាមួយត្រូវបានគេចូលមើលឬលួច។
លោក Tony Smith ប្រធានសភាជាន់ទាបនិងលោក Scott Ryan ប្រធានព្រឹទ្ធសភាជាន់ខ្ពស់បាននិយាយថា តំណាងរាស្ត្រទាំងអស់ត្រូវបានប្រាប់ឲ្យផ្លាស់ប្តូរលេខសម្ងាត់ (Password) ជាវិធានការប្រុងប្រយ័ត្នទុកជាមុន។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា “យើងមិនមានភស្តុតាងដែលថា នេះគឺជាការប៉ុនប៉ងមួយដើម្បីដាក់ឥទ្ធិពលលើលទ្ធផលនៃដំណើរការសភាឬក៏ដាក់ឥទ្ធិពលដល់ដំណើរការបោះឆ្នោតឬនយោបាយនោះទេ។ ការចង្អុលបង្ហាញយ៉ាងពិតប្រាកដនៃឧប្បត្តិហេតុតាមអ៊ីនធឺណេតនេះគឺត្រូវការពេលវេលាហើយការស៊ើបអង្កេតកំពុងត្រូវបានអនុវត្តរួមគ្នាជាមួយបណ្តាភ្នាក់ងារសន្តិសុខដែលពាក់ព័ន្ធ”។
ពួកគេបានបន្ថែមថា វាឆាប់ពេកក្នុងការប្រាប់ថាតើនរណាអាចនៅពីក្រោយការប៉ុនប៉ងនេះ។
អ្នកសិក្សាម្នាក់បាននិយាយថា ពួក Hacker ដែលគាំទ្រដោយរដ្ឋទំនងជាទទួលខុសត្រូវ។
លោក James Der Derian នាយកមជ្ឈមណ្ឌលសិក្សាសន្តិសុខអន្តរជាតិនៅសាកលវិទ្យាល័យស៊ីដនីបាននិយាយថា “ដើម្បីអនុវត្តការវាយប្រហារបែបនេះ អ្នកចាំបាច់ត្រូវការធនធានធំៗមួយចំនួនដូច្នេះភ្នាក់ងាររបស់រដ្ឋទំនងជាអាចធ្វើបាន។ អ្នកត្រូវសម្លឹងនិងឃើញអ្នកដែលមានការជំទាស់ប្រឆាំងនឹងប្រទេសអូស្ត្រាលីហើយជនសង្ស័យច្បាស់បំផុតគឺជាចិននិងរុស្ស៊ី”។
គួរបញ្ជាក់ថា ទំនាក់ទំនងជាមួយប្រទេសចិនបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៧មកបន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ាចោទប្រកាន់ក្រុងប៉េកាំងថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានស្វះស្វែងផ្សះផ្សាទំនាក់ទំនងគ្នាឡើងវិញប៉ុន្តែប្រទេសអូស្ត្រាលីនៅតែមានការប្រុងប្រយ័ត្នចំពោះប្រទេសចិន៕ REUTERS
Source: Kampuchea Thmey Daily
0 Comments