Ad Code

ក្លិប​របស់ ធា​រី ចន្ថា​ប៊ី​ន និង​ក្លិប ចាន់ វឌ្ឍនាកា សុទ្ធតែ​ត្រូវ​បន្ត​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី​



​បាល់ទាត់ ៖ មាន​កីឡាករ​សមាជិក​ក្រុម​ជម្រើសជាតិ​កម្ពុជា ចំនួន​២​នាក់​ កំពុង​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី (Malaysia Super League)​ សម្រាប់​ឆ្នាំ​២០១៩ នេះ ​ដោយ​ក្នុងនោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ជា​សមាជិក​ក្លិប​បាល់ទាត់​PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន (Terengganu FA)​។​

​ចំពោះ​ក្លិប Teregganu FA របស់ ធា​រី ចន្ថា​ប៊ី​ន គឺ​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ Pahang FA ក្នុង​ប្រកួត​លើក​ទី​២ នៅវេលា​ម៉ោង​៨​យប់ ថ្ងៃ​សៅរ៍ ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​Stadium Darulmakmur ក្នុង​ទីក្រុង Pahang​។ ចំណែក​ក្រុម PKNS របស់ ចាន់ វឌ្ឍនាកា វិញ​គឺ​ត្រូវ​ទទួល​ក្រុម Melaka United នៅវេលា​ម៉ោង​៨​យប់​ដូចគ្នា​ លើ​ទីលាន​កីឡដ្ឋាន​Stadium Shah Alam ក្នុង​ទីក្រុង Shah Alam​។​

​សូម​រំលឹកថា ​រដូវ​កាល​ឆ្នាំ​២០១៩ នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី​មាន​សមាជិក​ចំនួន​១២​ក្រុម ដែល​ត្រូវ​ប្រកួត​ពីថ្ងៃ​ទី​១ ខែកុម្ភៈ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩​។ ក្រុម​ទាំង​១២ ​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ជើងឯក​ទទួល​កៅអី​ទៅលេង​វគ្គ​ចែក​ពូ​ល​ពានរង្វាន់​កម្រិត​ទ្វីបអាស៊ី (AFC Champions League group stage) និង​ក្រុម​ជើងឯក​រង​ទទួលបាន​រង​ទទួលបាន​កៅអី​ចូល​លេង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Champions League ជុំ​ទី​២​។ ចំណែក​ក្រុម​បាត​តារាង​ចំនួន​២​ក្រុម វិញ​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​ពានរង្វាន់​លី​គ​លំដាប់​ទី​២Malaysia Premier League​។​

​ចំពោះ​ប្រទេស​កម្ពុជា ធ្លាប់មាន​កីឡាករ​៤​នាក់​ចេញទៅ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅដោយ​ក្នុងនោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ចូលរួម​ក្លិប Pahang FA ហើយ​កីឡាករ កែវ សុខ​ផេង ចូលរួម​ក្លិប PKNP កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ចូល​ក្លិប​Negeri Sembilan និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ចូលរួម​ក្លិប​Terengganu FA​។ ក្នុងចំណោម​កីឡាករ​ទាំង​៤​មាន​៣​នាក់​ត្រូវ​ក្លិប​សម្រេច​បញ្ចប់​កិច្ចសន្យា​ត្រឹម​ពាក់កណ្ដាល​រដូវ​កាល​ហើយ​មានតែ ធា​រី ចន្ថា​ប៊ី​ន ប៉ុណ្ណោះ​ក្លិប​រក្សា​កិច្ចសន្យា​រហូតដល់​ចប់​រដូវ​កាល​ព្រមទាំង​បន្ត​កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០១៩​នេះ​ទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu