មន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃនឹងស៊ើបអង្កេតការបាត់ខ្លួនរបស់អ្នកកាសែតវៀតណាមប្រឆាំងម្នាក់ បន្ទាប់ពីក្រុមសិទ្ធិមនុស្សនិយាយថា គាត់ប្រហែលជាត្រូវបានគេចាប់ពង្រត់ពីទីក្រុងបាងកកដែលជាកន្លែងគាត់បានដាក់ពាក្យសុំសម្រាប់ឋានៈជាជនភៀសខ្លួនអង្គការសហប្រជាជាតិ។
ការបាត់ខ្លួនរបស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីលោក Truong Duy Nhat បានកើតឡើងបន្ទាប់ពីការរិះគន់អំពីការឃុំឃាំងអ្នកស្វែងរកសិទ្ធិជ្រកកោនសញ្ជាតិអារ៉ាប៊ីសាអ៊ូឌីតនៅប្រទេសថៃកាលពីខែមករានិងការចាប់ខ្លួនដាច់ដោយឡែកលើកីឡាករបាល់ទាត់សញ្ជាតិបារ៉ែនដែលមានឋានៈជនភៀសខ្លួននៅក្នុងប្រទេសអូស្ត្រាលីដែលឥឡូវនេះរូបគេកំពុងប្រយុទ្ធប្រឆាំងនឹងការធ្វើបត្យាប័នត្រលប់ទៅប្រទេសបារ៉ែនវិញ។
អង្គការលើកលែងទោសអន្តរជាតិបាននិយាយនៅសប្តាហ៍នេះថា លោក Nhat ត្រូវបានគេជឿថា ត្រូវបានចាប់ពង្រត់ពីរាជធានីនៃប្រទេសថៃកាលពីថ្ងៃទី២៦ខែមករាបន្ទាប់ពីគាត់បានចាកចេញពីប្រទេសវៀតណាមដោយសារភ័យខ្លាចការចាប់ខ្លួននិងបានដាក់ពាក្យសុំសិទ្ធិជ្រកកោនជាមួយភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR)។
ប្រមុខអន្តោប្រវេសន៍ថៃលោក Surachate Hakparn បាននិយាយថាមិនមានកំណត់ត្រាផ្លូវការរបស់លោក Nhat សម្រាប់ការចូលប្រទេសថៃទេប៉ុន្តែការិយាល័យរបស់គាត់កំពុងពិនិត្យមើលថាតើគាត់បានចូលក្នុងប្រទេសដោយខុសច្បាប់មែនឬអត់និងអ្វីដែលអាចកើតឡើងចំពោះគាត់។
លោក Surachate បានប្រាប់រ៉យទ័រថា “ខ្ញុំបានបញ្ជាឲ្យមានការស៊ើបអង្កេតលើបញ្ហានេះ”។
ក្រុមសិទ្ធិមនុស្សបានអំពាវនាវឲ្យមានការស៊ើបអង្កេតមួយបន្ទាប់ពីវិទ្យុអាស៊ីសេរីបានរាយការណ៍កាលពីថ្ងៃអង្គារថា លោក Nhat ដែលជាប់ពន្ធនាគារនៅប្រទេសវៀតណាមក្នុងឆ្នាំ២០១៤-១៥ពីបទ “ការឃោសនាប្រឆាំងនឹងរដ្ឋ” បានបាត់ខ្លួន។
ក្រុមសិទិ្ធមនុស្សបាននិយាយថា លោក Nhat បានរត់ភៀសខ្លួនទៅកាន់ប្រទេសថៃបន្ទាប់ពីទទួលបានព័ត៌មានមួយថា គាត់កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់នៃការចាប់ខ្លួនជាថ្មី។
ហើយអង្គការ UNHCR ប្រចាំនៅប្រទេសថៃបានលើកឡើងថា ខ្លួនមិនអាចធ្វើអត្ថាធិប្បាយឬបញ្ជាក់ពីករណីបុគ្គលបានទេ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments