ភ្នំពេញ ៖ មន្ត្រីប៉េអឹមម្នាក់ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាលិចបាត់ទៅក្នុងទឹក តែត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា ដោយសារមានវិបត្តិគ្រួសារធ្ងន់ធ្ងរ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង៣និង២០នាទី រសៀលទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ លើស្ពានជ្រោយចង្វាថ្មី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសរងគ្រោះមាន ឈ្មោះ សុខ គន្ធារ៉ា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៥០៤ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា ខ្លួនមានវិបត្តិក្នុងគ្រួសារធ្ងន់ធ្ងរ ដោះស្រាយមិនចេញហើយមុនពេលកើតហេតុបានឈ្លោះគ្នាប្តីប្រពន្ធ ខ្លួនក៏ជិះកង់បីក្នុងតម្លៃ១៧.០០០រៀល មកស្ពានជ្រោយចង្វាលោតទឹក ដើម្បីបញ្ចប់ជីវិត តែមិននឹកស្មានបងប្អូនខ្មែរឥស្លាមជួយស្រង់បែបនេះសោះ។
បើទោះបីយ៉ាណា មន្ត្រីប៉េអឹមគិតខ្លីខាងលើ មិនបានបង្ហើបឲ្យដឹងពីវិបត្តិក្នុងគ្រួសារនោះយ៉ាងណានោះទេ ដោយគ្រាន់តែអះអាងថា មានវិបត្តិធ្ងន់ធ្ងរមិនអាចដោះស្រាយចេញ ក៏សម្រេចមកលោតទឹកបែបនេះទៅ។
ក្រោយកើតហេតុ ជនរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចការពារគោលដៅស្ពានសាកសួរ និងណែនាំថ្ងៃក្រោយកុំឲ្យគិតខ្លីបែបនេះទៀត រួចទាក់ទងក្រុមគ្រួសារឲ្យមកយកត្រលប់ទៅផ្ទះវិញ៕
Source: Kampuchea Thmey Daily
0 Comments