Ad Code

រណ្ដៅ​ម៉ៃ​ខូជ​ម្រៅ​៨​ម៉ែត្រ​ ខាងក្រោយ​សាលាក្រុង ​ប្រល័យ​ជីវិតក្មេង២នាក់ និង​២នាក់​ទៀត​សង្គ្រោះបាន​



បន្ទាយមានជ័យ​​ ៖​ សិស្សសាលា​១​ក្រុម​ មាន​គ្នា​៧​នាក់​ ក្រោយពី​នាំគ្នា​លេង​បាល់ទាត់​រួច​ ក៏បាន​នាំគ្នា​មក​ងូតទឹក​នៅ​រណ្ដៅ​ម៉ៃ​ខូ ជម្រៅ​៨​ម៉ែត្រ​ ​ដោយ​ក្មេង​៤​នាក់ ​ចុះ​លេង​ទឹក ក្មេង​៣​នាក់ ​នៅលើ​គោក​ អកុសល​ក្មេង​ដែល​ចុះ​ងូតទឹក​ស្រាប់​តែ​លង់ទឹក​ សំណាង​ដែរ​ពេលនោះ​មាន​អ្នក​បង់​ត្រី​ជួយសង្គ្រោះ​ទាន់​ពេល​បាន​២​នាក់​ តែ​២​នាក់​ទៀត​ស្លាប់​មិន​អាច​សង្គ្រោះ​បាន​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិតក្នុង​រណ្ដៅ​ម៉ៃ​ខូ​ ដែលមាន​ជម្រៅ​៨​ម៉ែត្រ​ ខាងក្រោយ​សាលាក្រុង​សិរីសោភ័ណ ឆ្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ប្រហែល​៧០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​



លោក​វរសេនីយ៍​ទោ ស៊ីឌី អធិការ​ក្រុង​សិរីសោភ័ណ​បាន​និយាយថា​ ជនរងគ្រោះ​ ១.ឈ្មោះ បឿន ស្រី​ណូ ភេទ​ស្រី អាយុ​៩​ឆ្នាំ រៀន​នៅ​សាលារៀន​ពង្រ ថ្នាក់​ទី​៤​ក រស់នៅ​ជាមួយ ជីដូន​ឈ្មោះ អ៊ិន​ ស៊ីនួន ឪពុក​ក្មេង​ស្រី​មានឈ្មោះ ​បិត​ ប៊ុននី និង​ ម្តាយ ​ឈ្មោះ ចេ​វ​ សែម ​ទៅធ្វើ​ការ​នៅ​ស្រុកថៃ​ ទាំង​២​នាក់​ ១​ឆ្នាំ​មក​ម្តង​ យកលុយ​មក​ចិញ្ចឹម​គ្រួសារ​នេះ ​មានកូន​ពីរនាក់។ ២​.ឈ្មោះ ​ប៉ុច សុ​ឃីម ភេទ​ស្រី​ អាយុ​១២​ឆ្នាំ រស់នៅ​ជាមួយ​នឹង​ជីដូន​ឈ្មោះ​ ហ៊ា​ ហ៊ាង ​អាយុ​៦៧​ឆ្នាំ និង​ជីតា​ឈ្មោះ កែ​ប៉ុច អាយុ​៩៦​ឆ្នាំ។ ​ ចំណែក​ឪពុក​ក្មេងស្រី​មាន ឈ្មោះ​ កែវ ​ម៉ៅ ​អាយុ​៤១​ឆ្នាំ ម្តាយ​មានឈ្មោះ​ សៀន​ សោម អាយុ​៤៣​ឆ្នាំ គ្រួសារ​នេះ​ មាន​បងប្អូន​៤​នាក់​ ឪពុកម្តាយ​បាន​ទៅធ្វើ​ការ​នៅ​ស្រុក​ថៃ​ យកលុយ​មក​ចិញ្ចឹម​កូន​ដែរ​។​ ចំណែក​ក្មេងស្រី​ដែល​ជួយ​សង្គ្រោះបាន​មាន ១​-ឈ្មោះ ​ស្រី​វ៉ន ភេទ​ស្រី​ អាយុ​១០​ឆ្នាំ ។ ២-ឈ្មោះ សុ​ភី អាយុ​៩​ឆ្នាំ ទាំង​៤​នាក់ ​រៀន​នៅ​សាលារៀន​ពង្រ រស់នៅ​ក្នុងភូមិ​ពង្រ សង្កាត់​កំពង់​ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​

លោក​​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​នៅ​មុនពេល​កើតហេតុ​នោះ​ នៅ​ម៉ោង​៨​ព្រឹក​ ក្មេង​ទាំង​៧​នាក់​ បាន​នាំគ្នា​លេង​ទាត់​បាល់​នៅ​ក្នុង​សាលារៀន ​ដោយ​ក្មេង​ទាំង​៧​នាក់​ ជា​ក្រុមបាល់ទាត់​ ប្រចាំ​សាលា​ក្រោយពី​លេង​ហើយ ​ជីដូន​ក្មេង​រងគ្រោះ​ បាន​មក​ហៅ​ចៅ​ទៅ​ស៊ី​បាយ ​តែ​ចៅ​ថា​ ចាំ​មក​តាម​ក្រោយ​ពេលនោះ​ដោយសារតែ​លេង​បាល់ទាត់​ក្តៅ​ពេក​ បាននាំគ្នា​មក​ងូតទឹក​នៅ​អាង​រណ្ដៅ​ម៉ៃ​ខូ ក្រោយ​មក​ដល់​កន្លែង​ងូតទឹក​ ក្មេងស្រី​៣​នាក់​នៅ​លើក​គោក​ ចំណែក​៤​នាក់​ នាំគ្នា​ចុះ​ងូត​ ដោយសារ​រណ្ដៅ​ម៉ៃ​ខូ​គេ​ជីក​ដូច​រន្ធ​បាយ​ខំ​ បណ្តាល​ឲ្យ​ក្មេង​២​នាក់​ធ្លាក់​ចូលក្នុង​រណ្ដៅ​ជ្រៅ ចំណែក​២​នាក់​ទៀត ​ក៏​លង់​ដែរ​ ស្របពេលនោះ​មាន​អ្នក​បង់​ត្រី​ជាច្រើន​នាក់​នៅ​ទីនោះ​ដែរ ​ក៏​នាំគ្នា​ចុះ​ស្រង់​ក្មេង​ទាំង​៤​នាក់ មក​លើគោក​ ហើយ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​ ពេលនោះ​លោកគ្រូ​ពេទ្យ ​ជួយ​សង្គ្រោះ​បាន​ក្មេងស្រី​បាន​២​នាក់​ តែ​អកុសល​២​នាក់​ទៀត​ បាន​ស្លាប់​បាត់​បង់ជីវិត​ទៅហើយ។

ចំណែក​ឪពុក​ម្តាយ​សព​ក្មេងស្រី​ទាំង​២​នាក់​គ្រាន់តែ​បានឮ​ដំណឹង​ថា​កូន​ស្លាប់​ ម្នាក់​យំ​បោក​ខ្លួន​ដូច​អក​ស្ទើរតែ​គាំងបេះដូង​ស្លាប់​ ហើយ​បាននាំគ្នា​ត្រឡប់​ពី​ស្រុកថៃ​វិញ​ ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​សព​កូន​នៅ​ផ្ទះ​រៀងខ្លួន​តាម​ប្រពៃណី​ផងដែរ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu