សៀមរាប ៖ នៅរសៀលថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ក.យ.ក) ខេត្តសៀមរាប បានសហការជាមួយសមាគមកីឡាបាល់ទាត់ខេត្ត បានបើកយុទ្ធនាការ សៀមរាបផ្ទះខ្ញុំ ក្រោមប្រធានបទ «កីឡា ដើម្បីសុខភាព ការប្រកួតបាល់ទាត់ពានរង្វាន់បាល់ទាត់សប្បុរសធម៌វ័យចំណាស់ អាយុលើស៣៥ឆ្នាំ_២០១៩_រដូវកាលទី២»។
ហើយពិធីបើកការប្រកួត ពានរង្វាន់ នៃយុទ្ធនាការនេះ បានធ្វើឡើងក្នុងវត្តមានរបស់ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប, និងវត្តមាន លោក សំកុល សុចិត្រា អនុប្រធាន ស.ក.យ.ក ខេត្តសៀមរាប, លោក ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប និងជាប្រធានសមាគមកីឡាបាល់ទាត់ខេត្តសៀមរាប រួមនឹងសហការី កីឡាករ មន្ត្រី រាជការ នៃមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងសាធារណជន ដែលស្រឡាញ់វិស័យកីឡាមួយចំនួនទៀត ផងដែរ។
លោក ពៅ ពិសិដ្ឋ បានមានប្រសាសន៍ថ្លែងនៅក្នុងពិធីបើកការប្រកួតនេះថា យុទ្ធនាការនេះ បានបើកការប្រកួត ក្នុងគោលបំណងកៀរគររកថវិកា ដើម្បីជាជំនួយក្នុងការធ្វើការងារមនុស្សធម៌ និងប្រកួតជាលក្ខណៈមិត្តភាព ដើម្បីបង្កើតភាពស្និទ្ធស្នាល និងដើម្បីសុខភាព។
លោកបានមានប្រសាសន៍ទៀតថា ការប្រកួតលើកនេះ គឺជាការចូលរួមចំណែកមួយក្នុងការធ្វើឲ្យវិស័យកីឡារបស់កម្ពុជា ក៏ដូចជាវិស័យអប់រំនៅខេត្តសៀមរាប មានការរីកចម្រើន និងឈានឆ្ពោះទៅមុខជាលំដាប់។ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ចំនួន៨ចំណុច ចំណុចរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺមានកំណែទម្រង់ការងារអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេស អប់រំកាយ កីឡារបស់សិស្ស និស្សិត យុវជន និងមហាជនប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ និងឈានឆ្ពោះទៅកាន់ការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ផងដែរ។
លោក សំកុល សុចិត្រា អនុប្រធាន ស.ក.យ.ក ខេត្តសៀមរាប បានឲ្យដឹងថា ការប្រកួតពានរង្វាន់នេះ បានប្រកួតវិញជុំ នៅទីលានបាល់ទាត់ ស.ស.យ.ក ក្រុងសៀមរាប។ ការប្រកួត គឺនៅថ្ងៃសៅរ៍ និងអាទិត្យ រៀងរាល់ចុងសប្ដាហ៍ ដែលក្នុងមួយថ្ងៃត្រូវប្រកួតពីរគូរ ក្នុងមួយគូរៗ មានរយៈពេល៩០នាទី ដោយចាប់ផ្ដើមពីរសៀលម៉ោង១៥និង០០នាទី ដល់ម៉ោង២១និង០០នាទី។ ក្រុមកីឡាដែលបានចូលរួមប្រកួតមានចំនួន១២ក្រុម។
សូមបញ្ជាក់ផងដែរថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments