រដ្ឋាភិបាលយេមែន និងក្រុមឧទ្ទាម Huthi បានព្រមព្រៀងគ្នាក្នុងដំណាក់កាលដំបូងនៃការដកកងកម្លាំងចេញពីទីក្រុង Hodeida ដ៏សំខាន់នៅក្នុងកិច្ចព្រមព្រៀងមួយដែលអង្គការសហប្រជាជាតិពណ៌នាកាលពីថ្ងៃអាទិត្យថាជាវឌ្ឍនភាពដ៏សំខាន់។
ការដាក់ពង្រាយឡើងវិញពីទីក្រុង Hodeida គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់មួយដែលបានឈានដល់កាលពីខែធ្នូនៅក្នុងប្រទេសស៊ុយអ៊ែតដែលអំពាវនាវដល់រដ្ឋាភិបាលនិងក្រុម Huthi ឲ្យដកកងកម្លាំងចេញពីទីក្រុងកំពង់ផែនិងផ្នែកខ្លះនៃទីក្រុងនេះ។
កិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយនេះគឺជាជំហានដំបូងឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដ៏បំផ្លិចបំផ្លាញមួយដែលបានរុញច្រានប្រទេសយេមែនឲ្យធ្លាក់ចូលទៅគែមនៃគ្រោះទុរ្ភិក្ស។
សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិបាននិយាយថា បន្ទាប់ពីការចរចារយៈពេលពីរថ្ងៃនៅក្នុងទីក្រុង Hodeida រដ្ឋាភិបាលនិងក្រុម Huthi បានសម្រេចកិច្ចព្រមព្រៀងមួយលើដំណាក់កាលដំបូងនៃការដកចេញហើយក៏បានព្រមព្រៀងលើគោលការណ៍ស្តីពីដំណាក់កាលទីពីរផងដែរ។
កិច្ចពិភាក្សានេះត្រូវបានដឹកនាំដោយឧត្តមសេនីយ៍ដាណឺម៉ាកលោក Michael Lollesgaard ក្នុងនាមជាប្រធាននៃគណៈកម្មាធិការសម្របសម្រួលដាក់ពង្រាយឡើងវិញ (RCC) ដែលរួមបញ្ចូលទាំងរដ្ឋាភិបាលនិងក្រុម Huthi ផងដែរ។
សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិបាននិយាយថា “បន្ទាប់ពីកិច្ចពិភាក្សាដ៏យូរប៉ុន្តែប្រកបដោយផ្លែផ្កាដែលសម្របសម្រួលដោយប្រធាន RCC, ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីដំណាក់កាលទី១នៃការដាក់ពង្រាយកងកម្លាំងជាថ្មីទៅវិញទៅមក”។
ភាគីទាំងពីរបានបង្កើតវឌ្ឍនភាពសំខាន់ៗលើផែនការសម្រាប់ការពង្រាយកងកម្លាំងឡើងវិញប៉ុន្តែមិនមានកាលបរិច្ឆេទត្រូវបានគេបញ្ជាក់ដើម្បីចាប់ផ្ដើមការកាត់បន្ថយយោធានោះទេ។
ដំណាក់កាលដំបូងបានផ្តល់នូវការដកទ័ពចេញពីកំពង់ផែ Hodeida, Saleef, Ras Issa និងពីផ្នែកខ្លះនៃទីក្រុងដែលមានកន្លែងមនុស្សធម៌។
ក្រោមកិច្ចព្រមព្រៀងទីក្រុង Stockholm, ការដកទ័ពត្រូវបានគេសន្មត់ថានឹងធ្វើឡើងពីរសប្តាហ៍បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី១៨ខែធ្នូប៉ុន្តែកាលបរិច្ឆេទកំណត់ត្រូវខកខាន៕ AFP
Source: Kampuchea Thmey Daily
0 Comments