Ad Code

ស្ថានទូត​បារាំង​នឹង​រៀបចំ​សប្តាហ៍​បារាំង​នៅ​ខេត្តសៀមរាប​ ឆ្នាំ​២០១៩ ​នៅ​ដើមខែ​ក្រោយ



ភ្នំពេញ​ ៖​ គណៈកម្មាធិការ​ក្នុងស្រុក​មួយ​ដែល​មាន​អ្នកស្ម័គ្រចិត្ត គាំទ្រ​ដោយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា និង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​នឹង​រៀបចំ​សប្តាហ៍​បារាំង​នៅ​ខេត្តសៀមរាប​ឆ្នាំ​២០១៩ ​រយៈពេល​៤​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​៧​ដល់ទី​១០​ ខែមីនា​ ឆ្នាំ​២០១៩ ​នៅក្នុង​សួនច្បារ​នៃ​មហាសណ្ឋាគារ​អង្គរ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៣ ​ខែកុម្ភៈ​ បាន​ឲ្យ​ដឹង​ថា ​សប្តាហ៍​បារាំង​នៅ​ខេត្តសៀមរាប​ឆ្នាំ​២០១៩​នេះ​ ក៏​មាន​បង្ហាញ​ភូមិ​បារាំង​ដ៏​ភាព​រស់រវើក និង​ជំនាញ​របស់​ក្រុមហ៊ុន​បារាំង​ដែល​មាន​វត្ត​មាននៅ​កម្ពុជា ហើយ​ដែល​សម្រប​ខ្លួន​ទៅនឹង​ប្រទេស​កម្ពុជា​បាន​យ៉ាង​ល្អប្រសើរ​។

គេ​រំពឹង​ថា ​នៅក្នុង​ព្រឹត្តិការណ៍​នោះ​ ក៏​មាន​ស្តង់​ចំនួន​ជាង​៦០ និង​អ្នកទស្សនា​ប្រមាណ ៤០០០​នាក់​ នឹង​មាន​វត្តមាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រយៈពេល​៤​ថ្ងៃនេះ​។

ប៉ុន្តែ​អ្វី​ដែល​ថ្មី​ក្នុង​ឆ្នាំ​២០១៩ ​គឺ​មាន​ការប្រកួតប្រជែង​សិប្បកម្ម​បែប​សិល្បៈ​ស្តីពី​ជំនាញ បារាំង​នៅ​កម្ពុជា​លើក​ទី​១ ដោយ​ផ្តោត​លើ​ប្រធានបទ​«​កម្ពុជា ដី និង​ទឹក​»​។ ស្នាដៃ​ដ៏​ល្អ​ឯក​ប្រមាណ​១០​នឹងត្រូវ​បង្ហាញ​ជូន​សាធារណជន​ទស្សនា​។​អ្នកចូលរួម​ទស្សនា​នឹងធ្វើ​ការបោះឆ្នោត​មុន​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៣​រសៀល ដើម្បី​ជ្រើសរើស​ស្នាដៃ​សម្រាប់​ទទួល​រង្វាន់​ដែល​ចូលរួម​ប្រគល់​រង្វាន់​ដោយ​លោកស្រី​អេ​វ៉ា​ង្វៀន​ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​។

ចំពោះ​ការ​តាំងពិព័រណ៍​ធ្វើឡើង​ពីថ្ងៃ​ព្រហស្បតិ៍​ទី​៧ ខែ​មិនា ដល់​ថ្ងៃ​សៅរ៍​ទី​៦ ខែមេសា នៅ​សាល​ពិព័រណ៍​នៃ​មហាសណ្ឋាគារ​អង្គរ​។ បន្ទាប់មក​ស្នាដៃ​ទាំងនោះ​នឹងត្រូវ​យកទៅដាក់​តាំង​បង្ហាញ​នៅ​ភ្នំពេញ​ក្នុង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​។

ទាក់ទង​នឹង​កម្មវិធី​នេះ​ដែរ ​សម្រាប់​ថ្ងៃទី​៦ ​ខែមីនា​មាន​រៀបចំ​រាត្រី​សប្បុរសធម៌​បាយ័ន ដើម្បី​រៃ​អង្គាសប្រាក់​ជួយ​សាលា​បាយ័ន ធ្វើឡើង​នៅ​វិចិត្រសាល Theam’s House ដោយមាន​វត្តមាន​មេ​ចុងភៅ​បារាំង និង​កម្ពុជា​ដែល​កម្មវិធី​នេះ​រៀបចំឡើង​ដោយ Fabrice Prochasson (​កម្មករ​ឆ្នើម​នៃ​ប្រទេស​បារាំង​) និង ម៉ន សុខឿន (​មេ​ចុងភៅ​ធ្វើ​នំ​នៅ​សាលា​បាយ័ន​)​ដោយ​ទទួលទាន​ស្រា និង​ភេសជ្ជៈ​ដោយ​សេរី​និង​មានការ​ចាប់ឆ្នោត​និង​តន្ត្រី​ដោយ​ថ្លៃ​សំបុត្រ​ចូលរួម​ចំនួន​២៥​ដុល្លារ​អាមេរិក​។

ទី​៧ ខែមីនា​មានការ​សម្ពោធ​ភូមិ​បារាំង ដោយ​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា និង​ឥស្សរជន​កម្ពុជា​ជាច្រើនរូប។



ចំពោះ​ការ​បិទ​បញ្ចប់​ដោយមាន​ការដើរ​បង្ហាញ​ម៉ូដ រៀបចំឡើង​ដោយ​អ្នក​ច្នៃ​ម៉ូដ Eric Raisina ដោយមាន​ការចូលរួម​ពី​ហាង​កាត់ដេរ​សម្លៀកបំពាក់​ដែល​មាន​វត្តមាន​ក្នុងភូមិ​បារាំង​ដែល​មាន​ប្រធានបទ «​ពាក់ព័ន្ធ​នឹង​កីឡា​» នឹង​មាន​លក្ខណៈ​ថ្មីស្រឡាង និង​ប្រកបដោយ​ការ​ច្នៃប្រឌិត​។

ថ្ងៃទី​៨ ខែមីនា មាន​រៀបចំ​ការអបអរ​ទិវា​នារី​អន្តរជាតិ​ដែលមាន​កិច្ចពិភាក្សា​ធ្វើឡើង​ដោយ​ស្ត្រី​ដែល​បំពេញការងារ​ក្នុង​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​។

ជា​មួយគ្នានេះ​ក៏មាន​ការចាក់​បញ្ចាំង​ល្ខោន​រឿង «Cambodge, me voici» របស់ Jean Baptiste Phou ដោយមាន​វត្តមាន​សិល្បការិនី​ភាពយន្ត​លោកស្រី ឌី សា​វ៉េ​ត​។

​ថ្ងៃ​សៅរ៍​ទី​៩ ខែមីនា​មាន​រៀបចំ​កម្មវិធី​កម្សាន្ត​សម្រាប់​ក្រុម​គ្រួសារ​ដោយមាន​កម្មវិធី​ផ្សេងៗ ដោយមាន​វត្តមាន​អ្នក​គូររូប​ត្លុក​កម្ពុជា​។ មានការ​ប្រកួតប្រជែង​បារ​មែន​សម្រាប់​សិស្ស​មកពី​សាលា​បណ្តុះបណ្តាល​មុខ​អាជីព​ផ្នែក​សណ្ឋាគារ និង​ភោជនីយដ្ឋាន​នៅ​សៀមរាប​។

មាន​ការ​ចាក់​បញ្ចាំងភាពយន្ត​ខ្នាត​ខ្លី ផលិត​ដោយ​និស្សិត​សាលា​ហ្វា​ពន្លឺ​សិល្បៈ បាត់ដំបង​។ ការ​ឧទ្ទិស​ដល់​លោក Michel Legrand ដោយមាន​ការចាក់​បញ្ចាំង​ភាពយន្ត «Les demoiselles de Rochefort» របស់ Jacques Demy ។ ការប្រគល់​រង្វាន់​ដល់​ជ័យលាភី​នៃ​ការប្រកួត​សិប្បកម្ម​បែប​សិល្បៈ​ជំនាញ​បារាំង​នៅ​កម្ពុជា​លើក​ទី​(​បេក្ខជន និង​គណៈមេប្រយោគ​ចម្រុះ​បារាំង​-​កម្ពុជា​)​និង​ការប្រគំ​តន្ត្រី Phare Music Band ។

ថ្ងៃអាទិត្យ ទី​១០ ខែមីនា​មាន​រៀបចំ​កម្មវិធី​សម្រាប់​ក្រុមគ្រួសារ ដោយមាន​វត្តមាន​អ្នក​គូររូប​ត្លុក​កម្ពុជា ការ​ច្រៀង​ចម្រៀង​ជា​ពួក​របស់​សាលា​តន្ត្រី Solid’art និង​សាលា​បារាំង​សៀមរាប ការ​ចាក់​បញ្ចាំងភាពយន្ត​ខ្នាត​ខ្លី ដែលជា​ស្នាដៃ​និស្សិត​សាលា​ហ្វា​ពន្លឺ​សិល្បៈ​បាត់ដំបង​។​ភាពយន្ត​រឿង «Les malheurs de Sophie» របស់ Christophe Honoré ភាពយន្ត​រឿង​បាញ់ប្រហារ​«Jailbreak»​កម្ពុជា​របស់លោក Jimmy Scarpati តន្ត្រី Gypsy Jazz ដោយ​ក្រុម​តន្ត្រីករ​៤​រូប​របស់ Alexandre Scarpati៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu