ក្លិបបាល់ទាត់ភ្នំពេញក្រោន សមាជិកពានរង្វាន់លីគកំពូលកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នេះក្លិបបានសម្រេចបន្ថែមកីឡាករចំណូលថ្មីពីររូបក្នុងបញ្ជីដើម្បីត្រៀមប្រកួតក្នុងរដូវកាលថ្មីខាងមុខ ដែលអ្នកទាំង២ជាកូនខ្មែរ-បារាំងគឺកីឡាករ Thomas Sam Sochenn និងកីឡាករ Pich Owen។
យោងតាមសេចក្តីប្រកាសនៅលើវិបសាយផ្លូវការរបស់ក្លិបបានបញ្ជាក់ថា កីឡាករ Thomas Sam Sochenn មានវ័យ២៥ឆ្នាំ លេងក្នុងតំណែងខ្សែបម្រើកណ្តាល។ មុនមកកម្ពុជា រូបគេបានចាប់ផ្តើមលេងបាល់ទាត់នៅប្រទេសបារាំង ជាមួយក្រុម Olympique Marseille រយៈពេល៣ឆ្នាំ គឺចាប់ពីឆ្នាំ២០១០ ដល់២០១៤ ហើយបានបន្តលេងនៅក្លិប Marignane Gignac F.C ដែលជាសមាជិក លីគទីបីប្រទេសបារាំងរយៈពេល២ឆ្នាំ គឺចាប់ពីឆ្នាំ២០១៦ ដល់២០១៨។
ចំណែកកីឡាករ Pich Owen វិញរូបគេទើបតែមានវ័យទើបតែ២០ឆ្នាំប៉ុណ្ណោះ ហើយក៏លេងក្នុងតំបន់កណ្តាលដូចគ្នា។ រូបគេបានចាប់ផ្តើមលេងបាល់ក្នុងក្រុមថ្នាលរបស់ក្រុម AS Muret នៅឆ្នាំ២០០៩-២០១៥ ហើយបានបន្តទៅលេងនៅក្លឹប AS Tournefeuille ពីឆ្នាំ២០១៥-២០១៧ និងនៅឆ្នាំ២០១៨ រូបគេបានចូលរួមលេងជាមួយក្លឹប AS Lavernose មុនធ្វើដំណើរមកកាន់រាជធានីភ្នំពេញ។
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានជូនពរដល់អ្នកទាំងពីរឲ្យទទួលបានជោគជ័យក្នុងការចូលរួមជាមួយក្លិប ហើយ ក្លិបក៏មានសង្ឃឹមជឿជាក់ថារូបគេទាំងពីរនឹងជាកម្លាំងសំខាន់ក្នុងការចូលរួមជាមួយមិត្តរួមក្រុមសម្រាប់រដូវកាល២០១៩នេះខាងមុខនេះទាំងក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។
នេះជាការបន្ថែមសមាជិកថ្មីរបស់ក្លិបភ្នំពេញក្រោន ដើម្បីពង្រឹងបច្ចេកទេសក្រុមមុនរដូវកាលឆ្នាំ២០១៩មកដល់ ខណៈកាលពីរដូវកាលឆ្នាំ២០១៨ កន្លងទៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន រក្សាចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមសមាជិកទាំង១២ ក្រោយប្រកួតបាន២២លើក ឈ្នះបាន១១លើក ស្មើគ្នា៣លើកនិងចាញ់៨លើកមាន៣៦ពិន្ទុ ពោលគឺចាញ់ក្រុមកំពូលតារាងណាហ្គាវើល រហូតដល់២០ពិន្ទុ។ ភ្នំពេញក្រោនទាត់បញ្ជូលទីគូប្រកួតបាន៤១គ្រាប់ ហើយគេទាត់ចូលវិញចំនួន៣៣គ្រាប់។ ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)វិញក្រុមក្រុមភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមអង្គរថាយហ្គឺរ ដែលមកពីខេត្តសៀមរាប ដោយបាល់ប៉េណាំងទីកាត់សេចក្តី៤ទល់៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង៤ទល់៤៕
Source: Kampuchea Thmey Daily
0 Comments