Ad Code

នៅ​ឆ្នាំ​២០១៨​មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៥៨​នាក់



ភ្នំពេញ​ ៖​ អគ្គនាយក​ស៊ីម៉ាក់​បាន​ឲ្យ​ដឹង​ថា ​នៅ​ឆ្នាំ​២០១៨​មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៥៨​នាក់​ដែល​ចំនួន​នេះ​មាន​ចំនួន​ប្រហាក់ប្រហែល​ទៅនឹង​ឆ្នាំ​២០១៧​កន្លងទៅ​ដែរ​។​ប៉ុន្តែ​គ្រោះថ្នាក់​ដោយសារ​មីន មានការ​កើនឡើង​លើស​ពី​ឆ្នាំ​ចាស់​ចំនួន​៦​ករណី​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​)​បាន​បង្ហាញ​របាយការណ៍​និង​សមិទ្ធផល​ធំៗ​មួយចំនួន ដែល​ស៊ីម៉ាក់​សម្រេច​បាន​ខណៈ​ដែល​ទិវា​ជាតិ​យល់ដឹង​ពី​មីន​នឹង​ប្រារព្ធ​ធ្វើ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​។

លោក​អគ្គនាយក​បា​នប​ន្ត​ថា​ឆ្នាំ​២០១៨ ស៊ីម៉ាក់​រកឃើញ និង​កំទេច​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៤៥,៤៩៣​គ្រាប់ បោះ​ស្លាក​សញ្ញា​ព្រំ​ចំការមីន បាន​ប្រវែង​៣៤៦,៧៥៧​ម៉ែត្រ ឆ្លើយតប​តាម​សំណើ (EOD Calls) ៣,៦៨១​សំណើ​និង​បោសសំអាត​ផ្ទៃដី​បាន​ទំហំ ៨៨,៦៦៦,៥៤៦​ម៉ែត្រការ៉េ​។

លោក ហេង រតនា បាន​ឲ្យ​ដឹង​ទៀតថា អង្គភាព​ស៊ីម៉ាក់ ក្នុងនាម​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល លើ​សកម្មភាព​កំចាត់មីន បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ផ្សព្វផ្សាយ​ការអប់រំ​យល់ដឹង​ពី​មីន ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​រងគ្រោះ ដោយសារ​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ តាមរយៈ​ការពង្រឹង​ពង្រីក​សមត្ថ​ភាព​ថ្នាក់ក្រោម​ជាតិ ថ្នាក់មូលដ្ឋាន និង​ការងារ​ផ្ទាល់ ជាមួយ​អង្គការ​មហាជន​។

ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៨ ស៊ីម៉ាក់​បានធ្វើ​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​៦៦១,៩២៤​នាក់ ក្នុងនោះ​បុរស​ចំនួន​២២៦,៦៤២​នាក់​, ស្ត្រី​ចំនួន​២៤០,២៧៦​នាក់​, កុមារ​ចំនួន​១៩៤,៨០៦​នាក់ និង​ខ្នង​ផ្ទះ​ចំនួន​១០៨,៦១២​ផ្ទះ​។​អប់រំ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់ បាន​ចំនួន​៥,២២៤​នាក់​, អ្នក​ពង្រីក​ដី​កសិកម្ម ក្នុង​តំបន់​មីន​ចំនួន​៣,១០០​នាក់​, អ្នកក្រីក្រ​ប្រឈម​នឹង​គ្រោះថ្នាក់​មីន​ចំនួន​៤,១៣០​នាក់​, អប់រំ​ជន​អ្នកប្រព្រឹត្តិ​ផ្ទាល់​ចំនួន ២១១​នាក់​។​

មិនតែប៉ុណ្ណោះ​បានធ្វើ​ការអប់រំ​និង​បណ្តុះបណ្តាល​វគ្គ​រំលឹក​ដ​ល់​បណ្តាញ​មីន​/​គ្រាប់​ចំនួន​១៥០​នាក់ និង​បាន​បើក​យុទ្ធនា​ការអប់រំ​ប្រជាពលរដ្ឋ​នៅ​តំបន់​ងាយ​រងគ្រោះ បាន​ចំនួន​៦៤,៣៨០​នាក់ ស្ត្រី​ចំនួន​២៥,៥៥៦​នាក់ និង​កុមារ​ចំនួន ១២,៤២៩​នាក់​។

ចំពោះ​ការងារ​អភិវឌ្ឍ​ជួយ​ជនរងគ្រោះ​ដោយសារ​មីន​វិញ​ក្នុង​ឆ្នាំ​២០១៨​កន្លងមក គម្រោង​អភិវឌ្ឍន៍​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន បាន​នឹង​កំពុង​កសាង​ផ្លូវលំ​ជនបទ ចំនួន​៤​ខ្សែ សរុប​ប្រវែង​១៥,១៧០​ម៉ែត្រ និង​ស្ពានបេតុង​១​កន្លែង ប្រវែង​១១​ម៉ែត្រ​។​ជួយ​សាងសង់​អគារ​សាលាបឋមសិក្សា​១​ខ្នង និង​ស្រះ​ទឹក​ចំនួន​៣​កន្លែង សង់​សំណង់​បង្ហៀរទឹក​ចំនួន​៣ លូ​ប្រអប់​ចំនួន​៤ លូ​ទោល​ចំនួន​៥ និង​លូ​ភ្លោះ​ចំនួន​៤​។

ជា​មួយ​គ្នា​នេះ​ដែរ ​ជួយ​បណ្តុះបណ្តាល​ជំនាញ​កសិកម្ម ដល់​ប្រជាពលរដ្ឋ​មាន​ស្តីពី​របៀប​ដាំ​ដំណាំ​ស្រូវ ដំណាំ​កាហ្វេ ការចិញ្ចឹម​មាន់ការ​បណ្តុះ​ផ្សិត និង​ការធ្វើ​សួន​បន្លែ តាម​ផ្ទះ​-​ល​-​បាន​ចំនួន​១០​វគ្គ ស្មើនឹង​ចំនួន​៦៣០​គ្រួសារ​។



លោក​ហេង រតនា​បាន​មានប្រសាសន៍ថា ​តាម​គម្រោង​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ​ស៊ីម៉ាក់​មាន​ផែនការ​គ្រោង​រំដោះ​ផ្ទៃដី​មាន​បញ្ហា​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឲ្យ​បាន​ចំនួន​១១៦​គីឡូម៉ែត្រ​ក្រឡា​ជាមួយ​សកម្មភាព​អប់រំ ការស្រាវជ្រាវ​តំបន់​គំរាមកំហែង និង​ការជួយ​សង្គ្រោះ​ជនពិការ​ដោយសារ​មីន ដែល​នឹង​ពង្រាយ​កម្លាំង​ប្រតិបត្តិការ​ប្រមាណ​១៧ ០០​នាក់ សុនខ ៦៨​ក្បាល គ្រឿងចក្រ​កំទេច​មីន​ចំនួន​៤៥​គ្រឿង និង​កំលាំង​អន្តរាគមន៍ បណ្តាញ​ស្ម័គ្រ​ចិត្ត​ជាង​២,៥០០​នាក់​។

លោក​អគ្គនាយក​បា​នប​ន្ត​ថា ផែនការ​គ្រោង​រំដោះ​ផ្ទៃដី​មាន​បញ្ហា​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឲ្យ​បាន​ចំនួន​១១៦​គីឡូម៉ែត្រ​ក្រឡា​អង្គភាព​ស៊ីម៉ាក់​ត្រូវអនុវត្ត​គម្រោង​នានា​ចំនួន​២៩​គម្រោង គិត​ជា​ថវិកា​មាន​ចំនួន​ជាង​១៦​លាន​ដុល្លារ​អាមេរិក​។

ជា​មួយ​គ្នា​នេះដែរ​ មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​នឹង​ឈានទៅ​ប្រើ​សត្វ​កណ្ដុរ​សម្រាប់​ហិត​រាវរក​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​កប់​ក្នុង​ដី​ផង​ដែរ ​បន្ទាប់ពី​បាន​សាកល្បង​ធ្វើតេស្ត​និង​ហ្វឹកហ្វឺន​នៅ​ចំការមីន​ទទួលបាន​ជោគជ័យ​រួចមក​។​

យោង​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ឆ្នាំ​២០១៨-២០២៥​បាន​ឲ្យ​ដឹងថា ​នៅ​កម្ពុជា​មាន​ផ្ទៃដី​សង្ស័យ​មាន​ផលប៉ះពាល់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជាង ១៩៧០​គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​ប្រមាណ ៨៧៧​គីឡូម៉ែត្រ​ការ៉េ ជា​ដី​មាន​ផលប៉ះពាល់​ខ្ពស់​ដោយសារ​មីន ៤៩៩​គីឡូ​ម៉ែត​ការ៉េ ជា​ដី​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម និង ៣៣៣​គីឡូម៉ែត្រ​ការ៉េ ជា​ដី​មាន​ផលប៉ះពាល់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

ផ្ទៃដី​មាន​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជិត​២​ពាន់​គីឡូ​ម៉ែត្រការ៉េ​នេះ​កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ ៤០៦​លាន​ដុល្លារ សម្រាប់​បោ​សំអាត​រយៈពេល​ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ​២០២៥​ខាងមុខ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu