Ad Code

រថយន្ត​ពន្លត់អគ្គីភ័យ​៦​គ្រឿង របស់​ស្នងការ​ស្រុក-ក្រុង​ អន្តរាគមន៍​ទាន់​ពេល​ ខណៈ​អគ្គីភ័យ​ឆេះ​ព័ទ្ធ​អគារ​រោងចក្រ



ពោធិ៍សាត់​ ៖ រថយន្ត​ពន្លត់អគ្គីភ័យ​របស់​នគរបាល​ជាតិ​ របស់​ស្នងការ​ខេត្ត​ ព្រមទាំង​រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​ក្រុង​របស់​អធិការ​ដ្ឋាន​ទាំងអស់​ចំនួន​៦​គ្រឿង បាន​ចេញទៅ​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​មួយ​ បាន​កើតឡើង​នៅ​ក្រុមហ៊ុន​ចិញ្ចឹម​ស្វា ដោយ​បាញ់​ពន្លត់​ទាន់ពេល​។



ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ថ្ងៃទី​១៥ ខែកុ​ម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ក្រុមហ៊ុន​ចិន​ចិញ្ចឹម​ស្វា ស្ថិតក្នុង​ភូមិ​តាកែវ​ក្រោម ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។



លោក​ឧ​ត្តម​សេនីយ៍​ត្រី ម៉ូ លីដា ស្នងការ​រង​នគរបាល​ខេត្ត​ ដែល​ជា​វេន​ប្រចាំ​បញ្ជា​ការពារ​សន្តិសុខ​ជូន​ប្រជាជន​ក្នុង​ខេត្ត របស់​ស្នងការ​បាន​ឲ្យ​ដឹង​ថា ស្រប​ពេល​ដែល​លោក​ជាមួយ​កម្លាំង​អន្តរាគមន៍​នគរបាល​ជាច្រើន​កំពុង​នៅ​ប្រចាំ​បញ្ជា ក៏​មាន​គេ​រាយ​ការណ៍​ថា មាន​អគ្គីភ័យ​មួយ​បាន​កើតឡើង​នៅ​ចំណុច​កើតហេតុ​ខាង​កំពុង​ឆាបឆេះ​ឡោមព័ទ្ធ​ក្រុមហ៊ុន​ចិញ្ចឹម​ស្វា​នោះ។ លោក​បាន​បញ្ជា​កម្លាំង​អន្តរាគមន៍​ជា​មួយនឹង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ នៅ​ទាក់ទង​រថយន្ត​ពន្លត់អគ្គីភ័យ​៥​គ្រឿង​បន្ថែម​ទៀត​ ស្រុក​ក្រុង​របស់​អធិការ​នគរបាល មាន​រថយន្ត​អធិការ​ក្រុង​ពោធិ៍សាត់​. ស្រុក​កណ្ដៀង​. ស្រុក​បាកាន​. ស្រុក​ក្រវាញ​និង​ស្រុក​ក្រគរ បាន​ចេញទៅ​ទីតាំង​កើតហេតុ ដោយ​ទាន់​ហេតុ​ការណ៍​ខណៈ​អគ្គីភ័យ កំពុង​ឆាបឆេះ​សំរាម​និង​ព្រៃ​ខាងក្រៅ រៀប​នឹង​ឆ្លង​ឆេះ​ចូល​ដល់​តាម​បន្ទប់​អគារ​ក្រុមហ៊ុន​ទៅ​ហើយ។



លោក​ឧ​ត្តម​សេនីយ៍​ត្រី ម៉ូ លីដា បន្ត​ថា ​យើង​បាន​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៦​គ្រឿង បាញ់​ទប់ស្កាត់​ភ្លើង​និង​បាញ់​ពន្លត់​ទាំងស្រុង​គ្រប់គ្រង​បាន ដោយ​ប្រើ​រយៈ​ពេល​ប្រមាណ​ជា​៣​ម៉ោង​អស់​ទឹក​ចំនួន​១២​រថយន្ត។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ដដែល​បញ្ជាក់​ថា គឺ​កម្លាំង​នគរបាល​យើង​បាន​ជួយ​ពន្លត់​ទាន់ពេល​ដោយ​អគ្គីភ័យ​នេះ​ពុំបាន​ឆេះ​ប៉ះពាល់​ដល់​អគារ​រោងចក្រ​ឡើយ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​កើត​អគ្គីភ័យ​រាលដាល​ឆាបឆេះ​សន្ធោសន្ធៅ​ ដោយ​ឡោមព័ទ្ធ​ជិត​ចូល​ដល់​អគារ​រោងចក្រ​គឺ​ដោយសារ​តែ​ពួក​បុគ្គលិក​ក្រម​ហ៊ុន​នេះ ជា​ជន​ជាតិចិន​ដូចគ្នា បាន​ជក់បារី​ចោល​ក្បែរ​នេះ​ ដែល​មាន​កំទេច​សំរាម​ច្រើន​ព្រមទាំង​ព្រៃ​ព័ទ្ធ​ក្បែរ​នោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu