Ad Code

រថយន្ត​ក្រុង​កា​ពី​តូ​ល បុក​ជាមួយ​ម៉ូតូ ​របួសធ្ងន់​ម្នាក់ នៅ​ស្រុក​សូទ្រនិគម



សៀមរាប ​៖ ​រថយន្ត​ទេសចរណ៍​របស់​ក្រុមហ៊ុន​កាពីតូល ចំណុះ​៤៥​កៅអី បាន​ជ្រុល​ទៅ​បុក​ម៉ូតូ ចំ​ពីក្រោយ​ពេញទំហឹង ដោយសារ​អ្នក​បើក​ម៉ូតូ​បត់​ឆ្វេង​ខ្វះ​ការប្រុងប្រយ័ត្ន​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់​។ ​ចំណែក​អ្នក​បើក​រថយន្ត​ចុះ​រត់​គេច​ខ្លួន​បាត់។

ហេតុការណ៍​នេះ ​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ចន្លោះ​គីឡូ​លេខ​២៧៧.២៧៨ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ភូមិ​ជី​កៀក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម​។​

មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​ទេសចរណ៍​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ចំណុះ​៤៥​កៅអី ពណ៌​ឈាម​ជ្រូក និង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​បាន​រង​របួស​ធ្ងន់ ហើយ​រអិល​ធ្លាក់​ផ្លូវ​តែម្តង​។​

ក្រោយពី​កើតហេតុ​អ្នក​បើករថយន្ត​ក្រុង​កា​ពី​តូ​ល បាន​ចុះ​រត់​គេច​ខ្លួន​បាត់​ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ។

មន្ត្រី​ដដែល​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឡើង​ដោយ​រថយន្ត​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ម៉ាក GRANBIRD ពណ៌​ឈាមជ្រូក ធុន​៤៥​កៅអី ពាក់​ស្លាក​លេខ​បាត់ដំបង​៣A ២៣៤៣ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិសដៅ​ពី​ទិស​លិច​ទៅ​ទិស​កើត។

សមត្ថកិច្ច​បាន​បន្ត​ថា លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ មាន​ម៉ូតូ​ម៉ាក​ Honda Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ចាម​១C ២៤៤៩ បើកបរ​ក្នុង​ទិសដៅ​ពី​ទិស​លិច​ទៅ​ទិស​កើត ពោល​ស្រប​ទិស​ជាមួយ​រថយន្ត រួច​បាន​បត់​ឆ្វេង​ចូល​ផ្លូវបំបែក​ភូមិ​ជី​កៀក បណ្តាល​ឲ្យ​រថយន្តក្រុង​បុក​ពីក្រោយ ​ហើយ​រអិល​ធ្លាក់​ផ្លូវ​តែម្តង ធ្វើឲ្យ​ម៉ូតូ​ខូចខាត​ទាំងស្រុង​។​

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ក្រោយពី​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ ហើយ​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សូទ្រនិគម ដើម្បី​សង្គ្រោះ និង​បាន​យក​រថយន្ត​ និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ដើម្បី​ចាត់ការ​បន្ត៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu