ភ្នំពេញ ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរ អូលីវ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃស្ពៗ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានដួលសន្លប់ជាបន្តបន្ទាប់ រហូតដល់ជាង១០០នាក់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។ ចំពោះការដួលសន្លប់នេះ ត្រូវបានគេរាយការណ៍ជំហានដំបូងថា បណ្ដាលមកពីក្លិនគីមីម្យ៉ាង ជាប់នឹងកំណាត់ ដែលពួកគេប៉ះពាល់ជាប្រចាំ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះ ខាងរោងចក្រ បានដឹកកំណាត់ប្រភេទថ្មីចូល ហើយដាក់ឲ្យកម្មករកាត់ដេរធ្វើការដូចសព្វមួយដង តែដោយសារមានក្លិនថ្នាំគីមីម្យ៉ាងនៅជាប់នឹងកំណាត់ជះក្លិនមិនល្អ គួបផ្សំទៅនឹងបរិយាកាសក្នុងរោងចក្រមិនសូវល្អទៀតនោះ ធ្វើឲ្យកម្មករមួយចំនួនដែលខ្សោយកម្លាំងស្រាប់ផងនោះ មានអាការៈដួលសន្លប់ ត គ្នា ជាបន្តបន្ទាប់តែម្ដងទៅ។
រហូតមកដល់ពេលនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានចេញអន្តរាគមន៍ ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនជាបន្តបន្ទាប់ រីឯកម្មករ កម្មការិនីផ្សេងទៀត ត្រូវបានឲ្យចេញពីរោងចក្រត្រឡប់ទៅកាន់ផ្ទះវិញរៀងខ្លួនៗ៕
Source: Kampuchea Thmey Daily
0 Comments