Ad Code

ឃុំ​ខ្លួន​តៃកុង​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍ ​ចោទ​ពី​បទ​បើកបរ​មិន​ប្រុងប្រយ័ត្ន​ បណ្ដាលឲ្យ​ស្លាប់​ និង​របួស​អ្នកដទៃ



ភ្នំពេញ​ ៖ ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​បញ្ជូន​ខ្លួន​អ្នក​បើក​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ ដែល​ដាច់​ហ្វ្រាំង ​បុក​រះ​នៅ​ចំណុច​មុខ​សាលា​វិទ្យាល័យ​បឹង​ត្របែក បណ្ដាល​ឲ្យ​ស្លាប់​គ្រូបង្រៀន​ម្នាក់​ និង​របួស​មនុស្ស​៤​នាក់​ផ្សេង​ទៀត​ ទៅ​ឃុំខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​បញ្ជាក់​ថា ព្រះរាជអាជ្ញា​អម​តុលាការ​បានសម្រេច​ចោទប្រកាន់ ឈ្មោះ ព្រំ ប៊ុណ្ណា​ត ជា​អ្នកបើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ ពីបទ​បើកបរ​ធ្វេសប្រហែស ​បណ្ដាល​ឲ្យ​ស្លាប់​ និង​របួស​អ្នកដទៃ ហើយ​ក្រោយ​ការសាកសួរ​ចប់ ចៅក្រម​សម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​បើក​ការ​ស៊ើបសួរ​នៅពេល​ក្រោយ។

ករណី​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ដាច់​ហ្វ្រាំង​បុក​រះ​បណ្តាល​ឲ្យ​គ្រូបង្រៀន​សាលា​បឹងត្របែក​ម្នាក់​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​ពេទ្យ និង​របួស​៤​នាក់ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​វិទ្យាល័យ​បឹងត្របែក ផ្លូវ​ព្រះមុនីវង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ជា​គ្រូបង្រៀន​សាលា​បឹងត្របែក​ដែល​(​ស្លាប់​)​មាន ឈ្មោះ សុខ តែ​ល អាយុ​៤០​ឆ្នាំ មុខ​របរ គ្រូបង្រៀន​មុខវិជ្ជា​ភាសា​ខ្មែរ។ ចំណែក​អ្នករងរបួស​៤​នាក់​ទៀត​ មិនបាន​ស្គាល់​ឈ្មោះ​នៅឡើយ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផ្សេងៗ​គ្នា។​

ចំណែក​តៃកុង​រថយន្ត​បង្កហេតុ​ ឈ្មោះ ព្រុំ ប៊ុន​ណាត អាយុ​៤៨​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ក្នុង​ក្រុមហ៊ុន CPAC ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ស្រុកកំណើត​ភូមិ​អំពិល​លើ ឃុំ​អំពិល​លើ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។​

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​មួយ​គ្រឿង​ បើកបរ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​មុខ​សាលា​វិទ្យាល័យ​បឹងត្របែក ​ខណៈដែល​ម៉ូតូ​ជនរងគ្រោះ​កំពុង​ឈប់​ស្ដុ​ប​ ក៏ត្រូវ​រថយន្ដ​បុក​រះ​ពីក្រោយ​ពេញ​មួយ​ទំហឹង ​បណ្ដាល​ឲ្យ​ម៉ូតូ​ចំនួន​៦​គ្រឿង និង រ៉ឺម៉ក​កង់​បី​២​គ្រឿង​រង​ការ​ខូចខាត ​មនុស្ស​៤​នាក់​រង​របួស​ និង​គ្រូបង្រៀន​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​។​

ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​តៃកុង​រថយន្ត​យកមក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន រួច​ទាក់ទង​ទៅ​រថយន្ត​សា​ម៉ុ​យ​ឲ្យ​មក​ទទួលយក​អ្នក​រង​របួស​ទៅ​សង្គ្រោះ​ភ្លាមៗ និង​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះមក​ធ្វើការ​វាស់វែង​អូស​រថយន្ដ​ និង​ម៉ូតូ​ទៅ​រក្សាទុក ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្កហេតុ ​ត្រូវបាន​បញ្ជូន​ឡើង​តុលាការ​ឃុំខ្លួន​ជា​បណ្ដោះ​អាសន្ន​សិន៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu