ភ្នំពេញ ៖ លោក ស ថេត មេប៉ូលិសក្រុងភ្នំពេញ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងជាច្រើននាក់ ឆ្មក់ចូលឆែកឆេរទីតាំងក្នុងក្លឹបកម្សាន្តRock ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានឃាត់មនុស្សរាប់រយនាក់ និងដកហូតថ្នាំញៀនជាច្រើនប្រភេទ ជិត៥០គីឡូក្រាម។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនោះមានការសម្របសម្រួលដោយ លោកព្រះរាជអាជ្ញារងសាលាដំបូងរាជធានី ភ្នំពេញ ដឹកនាំ ដោយ លោក ស ថេត អគ្គស្នងការ នគរបាលជាតិ និងជា ស្នងការ នគរបាល រាជធានីភ្នំពេញ លោក សុង លី ជាស្នងការរង លោក ប៊ុន សត្យា ជាប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន ចូលរួមក៏បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន៣១៥នាក់ រួមទាំងដកហូតវត្ថុតាងថ្នាំញៀនគ្រប់ប្រភេទតាមបន្ទប់នីមួយៗមាន ទាំងថ្នាំគ្រាប់ និងកញ្ចប់ម្សៅជាច្រើនកញ្ចប់ ហើយមនុស្សទាំងប្រុសនិងស្រីជាច្រើននាក់ រួមទាំងវត្ថុតាងថ្នាំញៀន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីតាមច្បាប់។
លោក ស ថេត អគ្គស្នងការ នគរបាលជាតិ និងជាស្នងការ នគរបាល រាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣កុម្ភៈនេះថា កាលពីយប់ថ្ងៃទី២២កុម្ភៈ លោកបានដឹកនាំកម្លាំងជំនាញចម្រុះ ចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំដោយផ្ទាល់នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដោយឃាត់ខ្លួនអ្នកប្រើប្រាស់ និងអ្នកចែកចាយជាង៣០០នាក់ ក្នុងនោះមានជនជាតិចិន១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក៩គីឡូ២ខាំ ជញ្ជីងថ្លឹងគ្រឿងញៀន១២ និងកាំភ្លើងខ្លី១ដើម។
គួររំលឹកថា នេះមិនមែនលើកទី១នោះទេ ដែលទីតាំងមជ្ឈមណ្ឌលកំសាន្ដរ៉ុក ត្រូវបានសមត្ថកិច្ច ចូលទៅបង្ក្រាបករណីបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ ដូចជា កាលពីវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យទី៦ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យប្រុស/ស្រីចំនួន៤នាក់ នៅក្នុងបន្ទប់១០៨ ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងនោះ ចំណោម៤នាក់មានម្នាក់ជាអតីត ពិធីករ ទូរទស្សន៍ លោក ហែម បូរិទ្ធ ហៅឡាយអិន និងដកហូតបានថ្នាំញៀនជាង១គីឡូក្រាម។
កន្លងមក លោក គិត ធាង ម្ចាស់មជ្ឈមណ្ឌលកំសាន្តរ៉ុក ក៏ធ្លាប់បានសន្យាចំពោះអាជ្ញាធរមានសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ មិនអនុញ្ញាតឲ្យមានការផលិត ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងអាជីវកម្ម របស់ខ្លួន។
ក្នុងករណីលោកមិនអនុវត្តតាម សុខចិត្តឲ្យអាជ្ញាធរមានសមត្ថកិច្ច បិទអាជីវកម្ម និង សុខចិត្តទទួលខុសត្រូវតាមច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ព្រមទាំងច្បាប់ផ្សេងៗទៀត។
បច្ចុប្បន្ន មណ្ឌលកំសាន្ត Rock ក៏ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទអាជីវកម្មជាបណ្ដោះអាសន្ន៕
Source: Kampuchea Thmey Daily
0 Comments