ភ្នំពេញ ៖ ដោយសង្កេតឃើញមួយរយៈពេលចុងក្រោយនេះមានតារាចម្រៀង និងអ្នកនិពន្ធខ្មែរមួយចំនួន កំពុងជ្រើសយកបទចម្រៀងមរតកដើមទៅច្រៀងឡើងវិញ ដោយកាឡៃសាច់ភ្លេង ឬទំនុកច្រៀងនោះ តារាចម្រៀងរ៉េប លោក ចាន់ សំណាង ហៅDJ ក្តឹប បានចេញមុខរិះគន់យ៉ាងចាស់ដៃនិងប្រកាសក្តែងៗថា លោកនឹងមិនយល់មុខរាល់បុគ្គលទាំងឡាយណាដែលកំពុងតែបំពានលើករណីនេះ។
ផ្អែកតាមឃ្លីបវីដេអូដែលត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញសង្គមតារាប្រុសDJក្តឹប ប្រកាសបង្ហាញពីឆន្ទៈរបស់ខ្លួនថា ចាប់ពីពេលនេះទៅ លោកនឹងមិនយល់មុខលើបុគ្គលណាទាំងអស់ មិនថាកវីនិពន្ធ អ្នកចម្រៀង កវីតន្ត្រីករ ឬអ្នកស្គាល់គ្នាយ៉ាងណានោះទេ ពោលគឺចាប់ពីថ្ងៃនេះ ម៉ោងនេះទៅលោកនឹងបន្តធ្វើការរិះគន់ដោយមិនសំចៃមាត់ឡើយ ចំពោះអ្នកដែលកំពុងយកបទមរតកដើម ទៅកែច្នៃកាឡៃខុសសាច់ភ្លេង ឬទំនុកច្រៀង ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។
នៅក្នុងវីដេអូមានរយៈពេលជាង២នាទី DJ ក្តឹប បាននិយាយថា អស់លោកចង់ល្បីដើម្បីអ្វី ? ល្បីដើម្បីជោគជ័យ ឬដើម្បីលុយ ? ហើយសម្អុយកិត្តិយសម្ចាស់ដើមគេ ឬក៏ចង់លុបបំបាត់ស្នាដៃម្ចាស់ដើម?។
សូមផ្ដាំផ្ញើទៅកវីតន្ត្រីករ អ្នកនិពន្ធ និងអ្នកចម្រៀង ច្រៀងបានផលប្រយោជន៍ និងការចំណេញដែលកើតចេញពីមរតកសំនៀងដើមដែលកើតចេញពីស្នាដៃរបស់កវីតន្ត្រីករ អ្នកនិពន្ធ ឬសម្រួលតន្ត្រីជំនាន់មុនទាំងអស់ឲ្យបានជ្រាប់ថា ខ្ញុំបាទ ចាន់ សំណាង ហៅ DJ ក្តឹប ជាអ្នកស្រលាញ់ការងារតែងនិពន្ធ មិនអាចបណ្ដោយឲ្យជីវិតមួយនេះស្លាប់ទៅទាំងមិនបាននិយាយអ្វីដែលជាការពិតក្នុងវិស័យតន្ត្រី ឬសិល្បៈនោះទេ។
DJ ក្តឹប បាននិយាយបន្តថា ដូច្នេះសូមបញ្ជាក់ទៅកាន់អ្នកដែលកំពុងទទួលបានផលចំណេញទាំងអស់ បើត្រឹមតែឈ្មោះកវីតន្ត្រីករ អ្នកនិពន្ធ ជំនាន់មុនមិនអាចស្រាវជ្រាវយកមកដាក់បង្ហាញជាសាធារណៈបានទេ ខ្ញុំនឹងជេរដោយគ្មានការរើសមុខឡើយ មិនថាផលិតកម្ម អ្នកចម្រៀងល្បីរូបណាឬបុគ្គលរូបណាទេ ស្គាល់គ្នា ឬមិនស្គាល់គ្នាទេ ហេតុនេះហើយ ខ្ញុំសូមប្រកាសជាសាធារណៈនៅថ្ងៃនេះ(២២ កុម្ភៈ ២០១៩)តែម្តង។
តារារ៉េប DJ ក្តឹប បាននិយាយទៀតថា ខ្ញុំមិនទុកមុខឲ្យទៀតទេ រាល់បុគ្គលដែលបានយកបទមរតកដើមទៅកែច្នៃកាឡៃខុសសាច់ភ្លេង ឬទំនុកច្រៀង មិនថាអ្នកចម្រៀង ឬអ្នកនិពន្ធនោះល្បីកម្រិតណាឡើយ។ បើសិនជាយកបទចម្រៀងសំនៀងមរតកដើមមកច្រៀងត្រឹមតែឈ្មោះពិតរបស់ម្ចាស់ស្នាដៃគេយកមកបង្ហាញមិនបានទេ ខ្ញុំជេរ ជេររហូតគេចាប់ខ្ញុំដាក់គុកក៏បានដែរ…នេះជាហេតុផលទី១។ ទី២-ទោះបីជាម្ចាស់ស្នាដៃគេបានស្លាប់បាត់បង់ជីវិតក៏ដោយ ក៏មិនត្រូវបង្កើតវប្បធម៌លុបបំបាត់ឈ្មោះម្ចាស់ស្នាដៃមរតកដើមនោះដែរ…..។
បន្ថែមពីលើនេះ DJ ក្តឹប បានលើកឡើងថា ចំពោះករណីនេះ លោករីករាយជានិច្ច ប្រសិនបើនិយាយទៅខុសច្បាប់ គឺអាចចាប់លោកដាក់គុកបាន ហើយក៏ស្វាគមន៍ផងដែររាល់បុគ្គលទាំងឡាយណាដែលមើលងាយលើសមត្ថភាពរបស់ខ្លួន។ ម្យ៉ាងទៀត បុគ្គលដែលធ្លាប់មើលងាយ និងចាប់កំហុសដូចជា ៖ លោក សុខ ជំនោ និង លោក ម៉ៃ វឌ្ឍនា គឺអាចជួបគ្នាជាមួយខ្លួនក្រោយពេលពិធីបុណ្យចូលឆ្នាំខ្មែររួច។
សូមបញ្ជាក់ថា នេះពុំមែនទើបជាលើកទី១នោះទេ ដែលមានតែតារាចម្រៀងរ៉េបDJក្តឹប បានចេញមុខផ្ទុះប្រតិកម្មខ្លាំងៗលើករណីដែលអ្នកនិពន្ធ និងចម្រៀងខ្មែរមួយចំនួនបានជ្រើសយកបទមរតកដើមទៅកែច្នៃកាឡៃខុសសាច់ភ្លេង ឬទំនុកច្រៀងបង្កឲ្យមានការភ័ន្តច្រឡំ ឬខូចទម្រង់ដើមរបស់អ្នកចម្រៀងជើងចាស់ ពោលគឺកន្លងមកធ្លាប់មានតារាចម្រៀងជើងចាស់ និងជាអតីតប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច បានចេញមុខប្រតិកម្ម និងរិះគន់ជាបន្តបន្ទាប់លើបញ្ហានេះ២ ឬ៣ដងរួចមកហើយ ប៉ុន្តែជាលទ្ធផលហាក់គ្មានប្រសិទ្ធភាពនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments