Ad Code

ទំនាស់​ដីធ្លី​ជាង​៣​ឆ្នាំ​ នៅក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម កើត​ចេញពី​ឈ្មួញ​៣​នាក់​ រកស៊ី​ចូលគ្នា បែក​បាក់​ប្តឹង​ផ្តល់​គ្នា មក​រងគ្រោះ​ប្រជាពលរដ្ឋ​៣៧​គ្រួសារ



​កំពង់ឆ្នាំង ​៖ ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៣៧​គ្រួសារ ជាមួយនឹង​ភាគី លោក លី ផេង អះអាង​ថា ​ជា​ម្ចាស់​ដី​ទំនាស់​នៅ​ក្នុង​ភូមិ​ទី​៧ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ​បាននាំគ្នា​ឡើងមក​សាលា​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដើម្បី​ឲ្យ​ចៅសង្កាត់​ជា​អ្នក​ជួយ​សម្របសម្រួល ដោះស្រាយ ប៉ុន្តែ​លទ្ធផល​មិន​ទទួលបាន ផ្លែផ្កា​ឡើយ គឺ​បានប្រកែក​តឹង​សរសៃ.ក​ ដាក់គ្នា​និយាយ​យក​ត្រូវ​រៀងៗ​ខ្លួន ។

ជុំវិញ​ករណី​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រយៈកាល​ជាង​៣​ឆ្នាំ​កន្លងមកនេះ បាន​ផ្ទុះ​ហិង្សា​ដាក់​គ្នា​ ដោយសារតែ ប្រជាពលរដ្ឋ​រងគ្រោះ​៣៧​គ្រួសារ បាន​ចូលទៅ​សង់​រោង​លើដី​ដែល​ខ្លួន​បាន​ទិញ ហើយ​ត្រូវ​ លោក លី ផេង ដែល​អះអាង ជា​ម្ចាស់​ដី អះអាង​ថា មាន​ដីកា​រក្សា​ការពារ​ពី​តុលាការ បាន​បញ្ជា​ឲ្យ​កម្មករ​របស់​ខ្លួន ទៅ​រុះរើ​រោង​របស់​ប្រជាពលរដ្ឋ ទើប​សាងសង់​ថ្មី​ចោល​វិញ ​កាលពី​ថ្ងៃទី​២០​កុម្ភៈ។

ក្នុងជំនួប​គ្នា​ក្នុង​សាលាសង្កាត់​ខ្សា​ម តំណាង​ប្រជាពលរដ្ឋ​ម្នាក់ បាន​លើកឡើងថា ពួកគាត់​បាន​ទិញ​ដី​នេះ​ដោយមាន​អាជ្ញាធរ ភូមិ​សង្កាត់ ដឹងឮ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ត្រឹមត្រូវ និង​មុនពេល​ទិញ​បាន​សួរនាំ​លោក​ចៅសង្កាត់​ច្បាស់លាស់​ទៀតផង ទើប​ពួកគាត់​ហ៊ាន​ទិញ។ ប៉ុន្តែ​ចាប់ពី​ទិញ​ដី​នោះមក​ដល់ពេលនេះ មិនទាន់​ទទួលបាន​ដី​នោះទេ ដោយសារតែ​គាត់​បាន​ទិញ​ដី ពី​ លោក អៀរ គុយ​ម៉ុង ហៅ​ក្តាន់ តែ​ក្រោយមក​បែរជា​លេចចេញ លោក លី ផេង ជា​ម្ចាស់​ដី​ទៅវិញ។

ដោយសារតែ​ទន្ទឹង​រង់ចាំ​ជាង​៣​ឆ្នាំ​ទៅ​ហើយ ​ដោះស្រាយ​មិន​ចេញ ទើប​ពួកគាត់​បាន​ចូល​ទៅ​សង់​រោង​ដើម្បី​ស្នាក់​នៅបាន​មួយថ្ងៃ បន្ទាប់មក​ថ្ងៃ​ទី​២០​កុម្ភៈ លោក លី ផេង បាន​ប្រាប់​គាត់​ថា ពួកគាត់​សង់​រោង​នឹង​ខុសច្បាប់​ហើយ ព្រោះ​ដី​នេះ​មាន​ដីកា​រក្សា​ការពារ។ ពេលនោះ​ គាត់​បាន​ឆ្លើយតប​វិញ​ថា គាត់​បាន​ទិញ​ត្រឹមត្រូវ​ដោយ​ស្របច្បាប់ មានការ​ទទួល​ដឹងឮ​ពី​មេភូមិ​មេឃុំ តែ​ពេលនោះ ​លោក លី ផេង បាន​ឆ្លើយ​វិញ​ថា មេភូមិ មេឃុំ ក្លែងក្លាយ​ទេ ស៊ីញេ​ចុះ​ហត្ថលេខា បិទ​ភ្នែក ហើយ ​លោក លី ផេង បានឲ្យ​កម្មករ​រុះ​រោង​របស់​ប្រជាពលរដ្ឋ រួមទាំង​រោង​ពួកគាត់​អស់ គាត់​មិន​ឃាត់ឃាំង និង​មិន​ប្រើ​ហិង្សា​នោះទេ​។ និង​ពេល​ឡើងមក​សាលាសង្កាត់​ក្នុង​ព្រឹក​នេះ គឺ​សំណូមពរ​ដល់ លោក​ចៅ​សង្កាត់​ជួយ​ឆ្លើយ​មើល​ថា តើ​ការទិញ​របស់​ពួក​ខ្ញុំ ​វា​ស្របច្បាប់​ដែរ ​ឬ​អត់។

ម្យ៉ាងទៀត​យើងខ្ញុំ ជា​ប្រជាពលរដ្ឋ ទាំង​៣៧​គ្រួសារ អស់ជម្រើស​ហើយ មានតែ​ម្រាមដៃ​ដប់ សំណូមពរ ដល់​ប្រមុខ​រាជរដ្ឋាភិបាល ​សូម​មេត្តា​ជួយ​យើងខ្ញុំ​ទាំងអស់គ្នា​ផង។

ឆ្លើយតប​នឹង​តំណាង​ប្រជាពលរដ្ឋ​លើកឡើង​ខាងលើ លោក លី ផេង ដែល​បាន​បញ្ជាក់​ថា លោក​ជា​ម្ចាស់​ដី ដែលមាន​ដីកា​រក្សា​ការពារ ចេញ​ដោយ​តុលាការ​រាជធានី​ភ្នំពេញ បានលើកឡើង​ថា លោក​មិនបាន​និយាយ​ថា មេភូមិ​មេឃុំ​ក្លែងក្លាយ​នោះទេ តែ​លោក​គ្រាន់តែ​ថា កា​រ​ស៊ីញេ​ចុះហត្ថលេខា​របស់​មេភូមិ​មេ ឃុំ បិទ​ភ្នែក គឺ​លោក​ពិតជា​បាន​ថា មែន។

លោក លី ផេង បាន​បញ្ជាក់ថា ឯកសារ រក្សា​ការពារ របស់​តុលាការ រាជធានី​ភ្នំពេញ គ្មាន​អ្នកមួយ​ទៅធ្វើ​អ្វី​នៅលើ​ដី​នោះ​បានឡើយ ទាំង​ប្រជាពលរដ្ឋ ទាំង​រូបលោក ជា​ម្ចាស់​ដី ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ដែរ ។ ព្រោះ​ពេល​រឿង​នេះ ​កំពុង​ស្ថិត​ក្នុង​ដៃ​ប្រព័ន្ធ​តុលាការ ហើយ​លោក​ក៏មាន​លិខិត​មួយ​របស់​ក្រសួង​មហាផ្ទៃ ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ផ្អាក​ការចេញលិខិត​ផ្សេងៗ ដែល​ពាក់ព័ន្ធ​លើដី​ទំនាស់​បន្ត​ទៀត សូម​រង់ចាំ​ចំណាត់​ការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ជាមុនសិន។

ករណីនេះ ប្រជាពលរដ្ឋ លើកឡើង​ថា​ ដី​នោះ​ជា​ដី​តំបន់​២​តំបន់​៣ មិនអាច​អ្នកណា យក​ដី​នោះ​ជា​ដី​កម្មសិទ្ធិ​ស្របច្បាប់​បានទេ? តែ​ លោក លី ផេង ឆ្លើយតប​ថា​ ពិតណាស់ ជា​ដី​របស់​រដ្ឋ ប៉ុន្តែ​បើ​ចង់​ដក ដី​នោះ​ជា​ដី​របស់​រដ្ឋ​វិញ ត្រូវ​ដក​ទាំងអស់ គឺ​ដកយក​ទាំង​ដី​កំពុង​អភិវឌ្ឍន៍​នោះ​ផង​ដែរ គឺ​ លោក​ នឹង​យល់ព្រម ប្រគល់​ដី​លោក​ជូន​រដ្ឋ​វិញ ដោយ​មិន​ទាមទារ​អ្វី​ឡើយ។

​ដោយឡែក លោក ឈួ​រ ថន ចៅសង្កាត់​ខ្សា​ម វិញ​បាន​លើកឡើងថា ប្រជាពលរដ្ឋ ពិតជា​បាន​ទិញ​ដី ពី​ លោក អៀរ គុយ​ម៉ុង ដោយ​ស្របច្បាប់​មែន ព្រោះ​មាន​អាជ្ញាធរ​ដឹងឮ ប៉ុន្តែ​ក្រោយពី​ស្របច្បាប់​មក មានការ​ប្តឹង​គ្នា​ដល់​តុលាការ រហូតដល់​មាន​លិខិត​ពី​ក្រសួងមហាផ្ទៃ ទើប​រឿងនេះ​អូស​បន្លាយ​ដល់​ថ្ងៃនេះ។ ហើយ​ថ្មីៗ នេះ​ថ្ងៃទី​១៩ និង​២០​កុម្ភៈ មកពី​បងប្អូន​ប្រជាពលរដ្ឋ​ចាំ​មិនបាន ​ព្រោះ​ដោះ​ស្រាយ​យូរ​ឆ្នាំ​ហើយ​មិន​ចប់ ទើប​ពួកគាត់​នាំគ្នា ទៅធ្វើ​រោង​ស្នាក់នៅ រហូត​កើត​រឿង​ពេលនេះ។

ថ្ងៃនេះ​ផងដែរ លោក​ចៅសង្កាត់​ចង់​បញ្ជាក់​បងប្អូន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា បងប្អូន​មិនអាច​ទៅធ្វើ​អ្វី​លើដី​នោះបាន​ទៀត​ទេ លុះ​ត្រា​​តុលាការ​រាជធានី​ភ្នំពេញ​បានបញ្ចប់។

ជាមួយគ្នា​នោះ លោក​ចៅសង្កាត់ ​បាន​បញ្ជាក់​ពី​ប្រវត្តិ​ដី​នោះ​បន្តិច​ដែរ​ថា កាលដើមឡើយ មាន​លោក សាយ សូ បាន​ទិញ​ដី​នេះ ពី​ លោក ជៀម ហៃ ក្រោយមក​ឃើញ​ លោក លី ផេង បាន​យក​លុយ មក​បង់​នៅ​សាលាសង្កាត់ ឲ្យ​ លោក ជៀម ហៃ ចំនួន​៥​ពាន់​ដុល្លារ លុះ​ក្រោយមក​ទៀត មាន​លោក អៀរ គុយ​ម៉ុង ហៅ​ក្តាន់ ជា​អ្នកទិញ​វិញ​ម្តង ដោយ ​លោក សាយ សូ ជា​អ្នក​ផ្ទេរ​សិទ្ធ​ឲ្យ។ ប៉ុន្តែ​មិន​ឃើញ​មានការ​ផ្ទេរ​សិទ្ធ​រវាង លោក សាយ​សួ និង ឈ្មោះ លី ផេង នោះទេ។

នៅក្នុង​ការបកស្រាយ​មិន​ច្បាស់លាស់ និង​គ្មាន​លិខិតស្នាម​បែបនេះ របស់​ លោក​ចៅសង្កាត់ ត្រូវ​បាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា ដំបូង​ឡើយ ​មនុស្ស​ទាំង​៣​នាក់​ បាន​រកស៊ី​ជាមួយគ្នា លុះ​ក្រោយមក​ប្រហែល​ជា​មាន​នរណា​ម្នាក់ មានគំនិត​ក្បត់​គ្នា ទើប​បែក​ធ្លាយ​ប្តឹង​ផ្តល់​គ្នា ដល់​តុលាការ ហើយ​អ្នក​ជួប​បញ្ហា​រង​ទុក្ខ​ធ្ងន់ធ្ងរ គឺ​ប្រជាពលរដ្ឋ​៣៧​គ្រួសារ ដែល​ទិញ​ដី តែ​មិនបាន​ដី​ដល់​សព្វថ្ងៃ​នេះ​។

រឿងនេះ​មានតែ​ក្រសួង​ពាក់ព័ន្ធ និង ប្រមុខ​រាជរដ្ឋាភិបាល​ទេ ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ដើម្បី​រក​ខុសត្រូវ និង​ផ្តល់​ភាព​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​យើង​ដែល​ជា​ជនរងគ្រោះ ព្រោះតែ​ឈ្មួញ​ប្តឹង​គ្នា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu