បាត់ដំបង ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា សកម្មភាពឆក់កាបូបរបស់ជនបរទេស ហាក់មានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លា នៅកណ្តាលក្រុងបាត់ដំបង ស្របពេលដែលកម្លាំងប៉ូលិសក្រុងគ្មានមនុស្សធ្វើការ ទន្ទឹមគ្នានឹងភាពអសកម្មរបស់លោកអធិការ ផងដែរ។
ជាក់ស្តែង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ក្រុមទី១ ភូមិរតនៈសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ច្រកចូលវត្តពោធិ៍វាល) មានករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបជនបរទេស) មួយបានកើតឡើង ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក មានពាក់មួកសុវត្ថិភាព បានធ្វើសកម្មភាពឆក់កាបូបជនបរទេសដែលទុកនៅក្នុងកន្ត្រកកង់ រួចក៏ជិះគេចខ្លួនបាត់ទៅ។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលបានទៅដាក់ពាក្យប្តឹងនៅផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង គឺ ជនរងគ្រោះ មានឈ្មោះ ទេពទីត ហ្វីរ៉ាក្លីអូ ភេទស្រី អាយុ ៧១ឆ្នាំ ជាជនជាតិបារាំង កាន់លិខិតឆ្លងដែន លេខ13CY89769 គឺឆក់ពីក្នុងកន្ត្រកកង់ ខណៈដែលជនរងគ្រោះកំពុងជិះកង់លើផ្លូវជាធម្មតា។
សម្ភារៈដែលបាត់បង់រួមមាន លិខិតឆ្លងដែនចំនួន១ ប្រាក់ចំនួន៥០០ដុល្លារ(ប្រាំរយដុល្លារគត់) ប័ណ្ណធនាគារចំនួន ២សន្លឹក និង កាបូបស្ពាយ ចំនួន១។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចក្រុងបាត់ដំបង សឹងតែគ្មានមនុស្សមកធ្វើការសោះឡើយ នៅរៀងរាល់ថ្ងៃនេះ គឺមានវត្តមានតែពេលគោរពទង់ជាតិតែប៉ុណ្ណោះ ដែលប្រភពមួយចំនួនបានលើកឡើងថា កាលដែលលោកអធិការ ប៉ាង ហៀង ចូលមកកាន់តំណែងថ្មីៗ លោកបានទាញកម្លាំងប៉ុស្តិ៍មួយចំនួនឲ្យមកធ្វើការនៅក្នុងអធិការដ្ឋាន ព្រមទាំងបានបង្កើតជាក្រុមឈុតខ្មៅផង ក្រុមខ្លាហោះផង និងក្រុមអន្តរាគមន៍ពិសេសផង ..។ល។
ប្រភពដដែលបានបន្ថែមថា ក្រោយមកដោយសារតែផ្ទៃក្នុងមានការបែងចែកបក្ខពួក ហើយលោកអធិការផ្ទាល់ក៏ជាមនុស្សត្រចៀក ស ថែមទៀតនោះ ធ្វើឲ្យកម្លាំងមួយចំនួន ត្រូវបានលោកអធិការឈប់ប្រើ ដូច្នេះហើយបានជាកម្លាំងមួយចំនួនអត់ការងារធ្វើ ក៏បានវិលត្រឡប់ទៅកាន់ប៉ុស្តិ៍រៀងៗខ្លួន ប៉ុន្តែមួយចំនួនមិនបានចូលទៅប៉ុស្តិ៍នោះទេ គេឆ្លៀតទៅរកស៊ីនៅខាងក្រៅតែម្តង។
ឯកម្លាំងក្នុងអធិការដ្ឋានរាល់ថ្ងៃ សឹងតែយកកម្លាំងប្រជាការពារមកប្រើជំនួសទៅហើយ ដោយជាក់ស្ដែងនៅពេលយប់ប្រចាំការ មានតែមនុស្សមួយប៉ុន្មាននាក់តែប៉ុណ្ណោះ ដែលនាំគ្នាអង្គុយចាំទទួលពាក្យបណ្ដឹង ហើយប៉ះចំរឿងខ្លះ អាចលាក់រឿងថែមទៀត ដើម្បីកុំឲ្យឃើញបទល្មើសច្រើនពេក ឯកម្លាំងប្រតិបត្តិការនៅពេលយប់គ្មានទាល់តែសោះ។
បច្ចុប្បន្នប្រជាពលរដ្ឋជាច្រើនបានធ្វើការរិះគន់ទៅលើ លោកអធិការ ប៉ាង ហៀង ផងដែរ ដែលគេមិនដែលឃើញមានសកម្មភាពចេញប្រតិបត្តិការបង្ក្រាបករណីអ្វីមួយទាល់តែសោះ ដែលធ្វើឲ្យពួកគាត់ស្ទើរតែអស់ជំនឿ និងគ្មានភាពកក់ក្តៅអំពីសុវត្ថិភាព ក្នុងពេលយប់ ដោយសារតែករណីលួច និង ករណី ចោរឆក់កាន់តែមានសន្ទុះ កើនឡើងជាលំដាប់។
លោកស្នងការរង ជេតវណ្ណនី ក៏បានទទួលស្គាល់ដែរអំពីបញ្ហានេះ ប៉ុន្តែរាល់ការស្រាវជ្រាវ និងការកំណត់មុខសញ្ញាដើម្បីបំបែកសំណុំរឿង នាពេលកន្លងមក គឺលោកតែងតែប្រគល់ទៅឲ្យកម្លាំងការិយាល័យស្រាល និង ធ្ងន់ ជាអ្នកចេញមុខជួយ និងតាមក្ដោបមុខសញ្ញា យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ចំណែកអធិការក្រុង សូន្យ៕
Source: Kampuchea Thmey Daily
0 Comments