បាត់ដំបង ៖ យុវជនរងគ្រោះម្នាក់ រងរបួសពេញក្បាល ស្ទើរតែដង្ហើមចង្រិត ដោយបានសង្គ្រោះទាន់ពេលវេលា ដោយសារតែពាក្យសម្ដី ដែលនិយាយមិនបានការ ពាក់ព័ន្ធនឹងរឿងអប្បិយជំនឿ គឺ « នាងពួន » ខណៈដែលជនបង្កបានពោលថា បាត់ ឯជនរងគ្រោះឆ្លើយថា រើសបាន។
តាមការលើកឡើងពី លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ថា ករណីឃាតកម្មនេះ បានកើតឡើង នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១រំលងអធ្រាត្រ នៅចំណុច សំរោងជ័យ ស្ថិតក្នុងភូមិ កំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
លោកអធិការបានបន្តថា ដើមចម នៃរឿងនេះ គឺ ជនសង្ស័យ ដែលជាមេខ្លោងក្នុងកន្លែងដែលពួកគេលបលួចប្រើប្រាស់ថ្នាំញៀន ឈ្មោះ ផល នឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃទទឹង១ ឃុំបវេល បាននិយាយថា ខ្លួនបានបាត់នាងពួន១ ដែលជាវត្ថុស័ក្ដិសិទ្ធិប្រចាំខ្លួន មិនដឹងជាជ្រុះនៅទីណា។
លោកអធិការបានបន្តសាច់រឿងនេះថា នៅពេលនោះដែរ ជនរងគ្រោះ ឈ្មោះ យួម កៅយី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកោះរាម ឃុំខ្នាចរមាស ស្រុកបវេល ដែលជាបក្ខពួកតែមួយ បាននិយាយថា ខ្លួនរើសបាននាងពួននោះ ប៉ុន្តែទាល់តែមានលុយ៣.០០០ដុល្លារ យកមកឲ្យទើបខ្លួនប្រគល់វត្ថុដ៏មានតម្លៃនោះឲ្យវិញ។
ដោយសារតែការលលេង និងការបញ្ឆោត កុហក បែបនេះ ហើយម្យ៉ាងវិញទៀតជនរងគ្រោះបាននិយាយថា ខ្លួនបានទុកនៅត្រង់នេះ ឬក៏នៅត្រង់នោះបែបនេះ ទើបបុរសដែលជាម្ចាស់ នាងពួន លើកគ្នីគ្នា ដែលកំពុងប្រើប្រាស់ថ្នាំញៀន វាយ និង កាប់ ទៅលើជនរងគ្រោះធ្លាក់ពីលើផ្ទះ ហើយក៏តាមវាយថែមទៀត រហូតរងរបួសធ្ងន់ ទើបពួកគេបានយកយុវជនរូបនេះ ទៅចងនឹងដើមស្វាយ លើដំបូកក្នុង ដោយទុកឲ្យគ្នាវាម្នាក់ឈ្មោះ ភ្លុច បៀ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ជាអ្នកចងអង្រឹងដេកយាមនៅទីនោះទល់ភ្លឺ។
លុះនៅវេលា ម៉ោង១១និង៣០នាទី ថ្ងៃដដែល ទើបមានប្រជាពលរដ្ឋដើរទៅប្រទះឃើញ ក៏បញ្ឆោតឲ្យអ្នកដេកយាមទៅទិញស្រាយកមកលាងរបួស ព្រោះបើស្លាប់ប្រយ័ត្នកើតរឿង ទើបជនសង្ស័យរូបនោះក៏បានទៅទិញស្រា ស មែន ឆ្លៀតឱកាស ប្រជាពលរដ្ឋក៏បានជួយស្រាយរួចរាយការណ៍មកសមត្ថកិច្ច។
ក្រោយពេលទទួលព័ត៌មាន កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ខាងលើ យកមកសាកសួរ ដោយបានចោទប្រកាន់ពីបទ ឃាតកម្ម ដោយ បច្ចុប្បន្នករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បី អនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments