ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងជួបគ្នាសម្រាប់កិច្ចប្រជុំកំពូលជាលើកទី២នៅទីក្រុងហាណូយ ខណៈការត្រៀមរៀបចំបានចាប់ផ្តើមសម្រាប់កិច្ចចរចាសន្តិភាពនេះ។
លោក ត្រាំ បានប្រកាសពីទីតាំងពិតប្រាកដនៅលើបណ្តាញសង្គម Twitter សម្រាប់កិច្ចប្រជុំកំពូលនេះបន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នានៅក្នុងប្រទេសសិង្ហបុរីកាលពីឆ្នាំមុនដែលលោកបានសរសើរថាជាកិច្ចចរចាប្រកបដោយផ្លែផ្ការវាងអ្នកការទូតមកពីប្រទេសទាំងពីរ។
លោកត្រាំបាននិយាយថា “តំណាងរបស់ខ្ញុំទើបតែចាកចេញពីប្រទេសកូរ៉េខាងជើងបន្ទាប់ពីមានកិច្ចប្រជុំប្រកបដោយផ្លែផ្កាហើយព្រមព្រៀងលើពេលវេលានិងកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំកំពូលលើកទី២ជាមួយលោកគីមជុងអ៊ុន។ វានឹងធ្វើឡើងក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាមនៅថ្ងៃទី២៧និង២៨ខែកុម្ភៈ។ ខ្ញុំទន្ទឹងរង់ចាំជួបលោកប្រធានគីមនិងជំរុញសន្តិភាព!”។
ក្រសួងការបរទេសអាមេរិកបាននិយាយថា ប្រេសិតពិសេសរបស់អាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើងនឹងជួបជាមួយក្រុមមន្ត្រីក្រុងព្យុងយ៉ាងជាថ្មីម្តងទៀតមុនកិច្ចពិភាក្សា ត្រាំ-គីម។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបាននិយាយថា កិច្ចពិភាក្សាអំឡុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់លោក Stephen Biegun បានស្វែងរកការប្តេជ្ញាចិត្តរបស់លោកត្រាំនិងលោកគីមសម្រាប់ការរំសាយនុយក្លេអ៊ែរយ៉ាងពេញលេញ ផ្លាស់ប្តូរទំនាក់ទំនងអាមេរិក-កូរ៉េខាងជើងនិងកសាងសន្តិភាពយូរអង្វែងមួយនៅលើឧបទ្វីបកូរ៉េ។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងលោក Noh Kyu-duk បានប្រាប់ AFP ថា លោក Biegun បានចុះចតនៅឯមូលដ្ឋានទ័ពអាកាសអាមេរិក Osan កាលពីយប់ថ្ងៃសុក្រ។
ក្រសួងការបរទេសបានបញ្ជាក់ថា លោក Biegun បានយល់ព្រមជួបជាមួយសមភាគីកូរ៉េខាងជើងលោក Kim Hyok Chol ជាថ្មីម្តងទៀតមុនពេលកិច្ចចរចារបស់មេដឹកនាំទាំងពីរ។
កូរ៉េខាងជើងមិនទាន់បានផ្តល់ការបញ្ជាក់ជាផ្លូវការណាមួយអំពីកិច្ចប្រជុំកំពូលនេះទេហើយលោកគីមជុងអ៊ុនមិនបានលើកឡើងពីបញ្ហានេះឡើយនៅក្នុងកិច្ចប្រជុំមួយកាលពីពេលមុនជាមួយក្រុមមេទ័ពកំពូលៗរបស់កងទ័ពប្រជាជនកូរ៉េ៕ AFP
Source: Kampuchea Thmey Daily
0 Comments