ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បើកបរទិសដៅស្របគ្នាពីត្បូងទៅជើង បណ្ដាលឲ្យមនុស្សចំនួន៣នាក់ រងរបួសធ្ងន់ស្រាល។ ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ចំនួន០៤នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងស្រុក បានចុះទៅជួយសង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងគ្រោះករណី គ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង១៦និង៣៥នាទីល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ភូមិអូរគគីរលើ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្ត ឈ្មោះ ម៉ៅ វិចិត្រ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិករបស់ក្រុមហ៊ុនទទួលបញ្ចាំស៊ីស៊ី បច្ចុប្បន្នរស់នៅ ភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រែកក្បាស ខេត្តតាកែវ បើករថយន្តម៉ាកCOROLA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD3724 បានបើកទៅបុកម៉ូតូវេវ ពណ៌ក្រហម គ្មានស្លាកលេខ បណ្តាលឲ្យមនុស្សជិះម៉ូតូ រងរបួសចំនួន០៣នាក់ ៖
១.ឈ្មោះ ហ៊ន់ ផល្លា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិឃុំកើតហេតុខាងលើ រងរបួសធ្ងន់បែកក្បាលខាងឆ្វេង និងត្រគាកខាងឆ្វេង
២.ឈ្មោះ រ៉ែម ណារី ភេទស្រី អាយុ០៧ឆ្នាំ រងរបួសបាក់ជើងខាងឆ្វេង
៣.ឈ្មោះ រ៉ែម ណាវិត ភេទប្រុស អាយុ០១ឆ្នាំ រងរបួសស្រាលលើក្បាលខាងឆ្វេង និងដៃខាងឆ្វេង។
បច្ចុប្បន្ន ជនរងគ្រោះទាំង០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកអន្លង់វែង បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ចំណែកវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅអធិការស្រុកដើម្បីធ្វើការដោះស្រាយគ្នាតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments