ឧត្តរមានជ័យ ៖ យ៉ាងហោចណាស់ ក៏មានមនុស្ស២នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងចំណោមជនរងគ្រោះចំនួន៣នាក់ ខណៈដែលពួកគេបើកបរម៉ូតូដោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរេចង្កូតឆ្លងគំនូសលឿង ចូលទៅខាងឆ្វេង ត្រូវរថយន្តបុកតែម្ដង។
ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៧៩-៨០ ស្ថិតក្នុងភូមិកណ្ដែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ រវាងរថយន្តម៉ាកកាមរី ពាក់ស្លាកលេខបាត់ដំបង2A.4855 ជាមួយនឹងម៉ូតូ ម៉ាក Honda dream C125 ស៊េរី2017 ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1Q.6687។
បើតាមការលើកឡើងពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺអាចបង្កឡើងដោយភាគីម៉ូតូ ដែលទំនងជាមានការបើកបរក្នុងល្បឿនលឿន ហើយមិនប្រកាន់ស្តាំ បានរេចង្កូតចូលទៅខាងរថយន្ត ទើបត្រូវរថយន្តបុកតែម្តង បណ្តាលឲ្យស្លាប់មនុស្ស២នាក់ និងអ្នករួមដំណើរ១នាក់ទៀតរងរបួសធ្ងន់។
អ្នកបើកបរម៉ូតូ ១-ឈ្មោះ រុំ វូង ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប (ស្លាប់)។ ២-អ្នករួមដំណើរ ឈ្មោះ ធុល ជា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ពាក់មួកសុវត្ថិភាព (ស្លាប់)។ ៣-អ្នករួមដំណើរ ឈ្មោះ ជន បូណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប (របួសធ្ងន់)។ រីឯអ្នកបើកបររថយន្ត ឈ្មោះ កូវ ហឺយ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំបកហែរ ឃុំកំពុងថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប មិនមានរបួស។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើ មកពី អ្នកបើកម៉ូតូមិនប្រកាន់ស្ដាំ។ ចំណែកវត្ថុតាងទាំងពីរ កម្លាំងនគរបាលចរាចរណ៍ខេត្តបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្ត ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments