Ad Code

ក្រសួង​អប់រំ ​ចាប់ផ្ដើម​បណ្ដុះបណ្ដាល​នាយក​សាលា​ជា​លើកដំបូង​ ដើម្បី​គ្រប់គ្រង​សាលា ​និង​ការ​បង្រៀន​ប្រកប​ដោយ​ប្រសិទ្ធភាព​



​ភ្នំពេញ​ ៖​ ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បានចាប់ផ្តើម​បណ្ដុះបណ្ដាល​ដល់​នាយក​សាលា​ ជា​លើក​ដំបូង ​ដើម្បី​គ្រប់គ្រង​សាលា ​និង​ការ​បង្រៀន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ សំដៅ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ មានប្រសាសន៍ថា​ កា​រ​បណ្ដុះបណ្ដាល​ដល់​នាយក​សាលា​នេះ ​គឺ​ផ្តោត​ទៅលើ​ការគ្រប់គ្រង​សាលា​ឲ្យ​បាន​ល្អ អភិបាលកិច្ច គុណភាព​ ការ​បង្រៀន ការ​រៀន​ និង​ការវាយតម្លៃ​ការសិក្សា​របស់​សិស្ស ការរៀបចំ​ផែនការ ការអនុវត្ត​ផែនការ ការ​រៀបចំ​ថវិកា​ និង​អធិការកិច្ច​តាម​សាលា​នីមួយៗ​ជាដើម​។​

លោក រស់ សុ​វាចា​ បាន​ថ្លែងប្រាប់​កាលពី​ថ្ងៃទី​៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ថា ​ការបណ្តុះបណ្តាល​ដល់​នាយក​សាលា​នេះ ​គឺ​ដើម្បី​ឲ្យ​ពួកគាត់​ទទួលបាន​នូវ​ចំណេះដឹង​ថ្មីៗ​ទាក់ទិន​នឹង​បំ​ណិ​ន​ និង​បទពិសោ​ធន៍​ផ្សេងៗ​ដែល​ឈានទៅ​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ ទាំង​ការគ្រប់គ្រង​ និង​ដឹកនាំ​សាលារៀន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង។​

ជាមួយគ្នានេះដែរ​ នឹង​ជួយ​ឲ្យ​ពួកគាត់​ក្លាយទៅជា​អ្នកដឹកនាំ​សាលារៀន​បែប​​សតវត្សរ៍​ទី​២១​ ដែល​អាច​នាំ​យក​ចំណេះដឹង​សកល​ទៅកាន់​សាលារៀន និង​អនុវត្តន៍​ពិតៗ បង្កើត​ភាពជា​ម្ចាស់​សមាគម​ក្នុងការ​អភិវឌ្ឍ​សា​លា​រៀន​ និង​រៀបចំ​យុវជន​ក្លាយ​ជា​ធនធាន​នៅ​ក្នុង​ពិភព​ចំណេះដឹង​ និង​សេដ្ឋកិច្ច​និង​ជា​ពលរដ្ឋ​ ជា​សាកល​ផងដែរ​។​

ទន្ទឹមនឹង​នេះដែរ​ លោក ​រស់​ សុ​វាចា​ បាន​ឲ្យ​ដឹង​ទៀតថា ​ក្រសួង​អប់រំ ​ក៏បាន​បណ្ដុះបណ្ដាល​ដល់​គ្រូបង្រៀន​កម្រិត​មធ្យមសិក្សា​ ដើម្បី​លើកកម្ពស់​សមត្ថភាព ទាក់ទង​នឹង​ចំណេះដឹង​លើ​មុខវិជ្ជា​ឯក​ទេស វិធីសាស្ត្រ​បង្រៀន​ថ្មីៗ និង​ការស្រាវជ្រាវ​បែប​វិធាន​ថ្នាក់រៀន ព្រមទាំង​ជំនាញ​សតវត្សរ៍​ទី​២១​។​

លោក មាស ឆ​ពណ្ណ នាយក​សាលាបឋមសិក្សា​ព្រះ​នរោត្តម​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៧​កុម្ភៈ​ថា​ វា​គឺជា​គំនិត​ដ៏​ល្អជា​ទីបំផុត​ ដែល​ក្រសួង​បាន​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​ដល់​នាយក​សាលា ​ព្រោះថា​នឹង​ជួយ​ឲ្យ​នាយក​សាលា​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ក្នុង​ការចេះ​ពី​របៀប​ដឹកនាំ​សាលា សិស្ស​គ្រូ ហេដ្ឋា​រចនាសម្ព័ន្ធ បរិស្ថាន ​និង​ថវិកា​ក្នុង​សាលា​ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​ មិនតែប៉ុណ្ណោះ​ នឹង​ជួយ​ឲ្យ​នាយក​សាលា​មានគំនិត​ច្នៃប្រឌិត ​និង​ធ្វើ​អ្វី​ថ្មីៗ​បន្ថែមទៀត​ក្នុងការ​អភិវឌ្ឍន៍​សាលា​របស់ខ្លួន​ឲ្យ​កាន់​តែ​រីកចម្រើន​សម្រាប់​ជា​ផលប្រយោជន៍​ដល់​សិស្ស​ និង​សហគមន៍​ទាំងមូល​។​

ក្រសួង​អប់រំ យុវជន និង​កីឡា​ បានរៀបចំ​កម្មវិធី​លើកកម្ពស់​គុណវុឌ្ឍិ​គណៈ​គ្រប់គ្រង​សាលា​រៀន​ជំនា​ន់ទី​១ និង​គ្រូបង្រៀន​ជំនា​ន់ទី​២​ កាលពី​ថ្ងៃទី​៣​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​កូរ៉េ ដែលមាន​ការចូលរួម​ពី​គរុ​និស្សិត​ចំនួន​៧៦៦​នាក់ ​និង​នាយក​សាលា​ចំនួន​១៥០​នាក់​ផងដែរ​។​

លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បើក​បវេសនកាល «​កម្មវិធី​លើកកម្ពស់​គុណវុឌ្ឍិ​គណៈ​គ្រប់គ្រង​សាលារៀន​» ថា​កម្មវិធី​នេះ នឹងចូលរួម​កាន់តែ​សកម្ម ក្នុង​ការ​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា និង​បាន​ជួយ​ឲ្យ​គរុ​និស្សិត​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ មាន​បំណិន​វិជ្ជាជីវៈ​ កាន់តែ​ច្បាស់លាស់ និង​មាន​គោលដៅ​ជីវិត​រឹងមាំ​ខ្លាំងក្លា​ថែម​ទៀត​។

លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន បាន​បន្ត​ថា កម្មវិធី​លើកកម្ពស់​គុណវុឌ្ឍិ​គណៈ​គ្រប់គ្រង​សាលារៀន បាន​បង្កើតឡើង​ដើម្បី​ជាការ​ពង្រឹងសមត្ថភាព​ខ្លួនឯង និង​សម្រាប់​ជា​ការ​ពង្រឹង​ដល់​ការដឹកនាំ និង​បង្រៀន​នៅក្នុង​សាលារៀន​។​

ជាមួយគ្នា​នោះ លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែង​អរគុណ​ដល់ លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ផ្តល់​ចំណេះដឹង​ជូន​សិស្សានុសិស្ស និង​ចូលរួម​ធ្វើ​ឲ្យ​វិស័យ​អប់រំ នៅ​កម្ពុជា កាន់​តែ​មាន​ភាពល្អប្រសើ​រ​ជាង​មុន​។​ ​

គួរ​បញ្ជាក់​ថា ​កម្មវិធី​លើកកម្ពស់​គុណវុឌ្ឍិ​គ្រូបង្រៀន​ទទួល​បណ្ដុះបណ្ដាល​ដោយ​មហាវិទ្យាល័យ​អប់រំ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ និង​មហាវិទ្យាល័យ​សង្គមសាស្ត្រ និង​មនុស្ស​សាស្ត្រ​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ពេញ​។ ចំណែក កម្មវិធី​លើកកម្ពស់​គុណវុឌ្ឍិ​គណៈ​គ្រប់គ្រង​សាលារៀន​ទទួល​បណ្ដុះបណ្ដាល​ដោយ​មហាវិទ្យាល័យ​អប់រំ​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu