ចំនួនករណីជំងឺផ្តាសាយជ្រូក H1N1 នៅរដ្ឋធានីប្រទេសឥណ្ឌាបន្តកើនឡើងយ៉ាងឆាប់រហ័សបើទោះជានៅពេលនេះមានមនុស្សស្លាប់អស់១១នាក់ ទៅហើយ តាំងពីដើមឆ្នាំនេះមកក្តី ក៏នៅមានមនុស្សជាង១.០០០នាក់ទៀតត្រូវបានគេនិយាយថា បានឆ្លងជំងឺនៅក្នុងឆ្នាំនេះ។
ទិន្នន័យពីរដ្ឋបាលក្រុង Delhi ចេញផ្សាយកាលពីថ្ងៃចន្ទបាននិយាយថា មានប្រមាណ១.០១១ករណីនៃជំងឺផ្តាសាយជ្រូកត្រូវបានរាយការណ៍នៅក្នុងក្រុងនាឆ្នាំនេះបើគិតមកត្រឹមថ្ងៃអាទិត្យសប្តាហ៍កន្លងទៅ។
ទិន្នន័យថ្វីបើមិនបាននិយាយអំពីចំនួនអ្នកស្លាប់ដោយសារតែជំងឺនេះក៏ពិតមែន ប៉ុន្តែនៅក្នុង៣មន្ទីរពេទ្យដែលគ្រប់គ្រងដោយរដ្ឋាភិបាលបានបញ្ជាក់អះអាងថា មានស្លាប់អស់១១នាក់មកហើយដោយសារតែជំងឺផ្តាសាយជ្រូកនេះ។
ការរាលដាលនៃជំងឺ H1N1 ត្រូវបានគេនិយាយថា មានលក្ខណៈធ្ងន់ធ្ងរនៅឆ្នាំនេះ ហើយកាលពីឆ្នាំកន្លងមកមានត្រឹមតែ២០៥ករណីតែប៉ុណ្ណោះព្រមទាំងមានស្លាប់២នាក់។
យោងតាមរបាយការណ៍ពីបណ្ដាញផ្សព្វផ្សាយមកទល់ត្រឹមថ្ងៃទី២៩ខែមករាចំនួនអ្នកកើតផ្តាសាយជ្រូកមាន៥១២ករណី ហើយចំនួនបែរជាកើនឡើងដល់ទៅទ្វេដង គ្រាន់តែក្នុងមួយសប្តាហ៍កន្លងទៅតែប៉ុណ្ណោះ៕
ស៊ីនហួ
Source: Kampuchea Thmey Daily
0 Comments